 
      ផលិតផលអំបិលកម្ពុជា នៅតែមិនមានការពង្រីកទីផ្សារបន្ថែមនៅឡើយ ពិសេសទីផ្សារក្រៅប្រទេស។ បច្ចុប្បន្ន អំបិលខ្មែរបានពឹងផ្អែកទាំងស្រុងទៅលើទីផ្សារក្នុងស្រុក។ ការខ្វះទីផ្សារនាំចេញ រួមជាមួយនឹងការប្រកួតប្រជែងដ៏ស្រួចស្រាល់ ជាមួយអំបិលនាំចូលពីប្រទេសវៀតណាមនិងថៃ នៅតែជាក្តីបារម្ភរបស់ប្រជាកសិករ និងសហគមន៍ផលិតអំបិលខេត្តកំពត កែប ដដែល។
លោក អ៊ុំ ឈុន ប្រធានរដ្ឋបាលសហគមន៍អ្នកផលិតអំបិលខេត្តកំពត កែប បានឲ្យដឹងថា អំបិលសល់នៅក្នុងឃ្លាំងពេញៗរាល់ឆ្នាំ។ សហគមន៍កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ។
លោកបន្តថា អ្នកផលិតអំបិលនៅខេត្តកំពត និងកែប ប្រមាណជា ១៩០ ក្រុម និង ជាង ៦០០ គ្រួសារកំពុងប្រឈមនឹងការខាតបង់ដោយសារតែតម្លៃអំបិលលក់ចេញបានធ្លាក់ថ្លៃ ២ពាន់រៀល ក្នុង ១បាវ ខណៈដែលអំបិលមកពីប្រទេសវៀតណាម ថៃ ចិន មានតម្លៃទាបជាង ហើយកំពុងតែវាយលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង។
តម្លៃអំបិលប្រភេទលេខ១ លក់ចេញជាមធ្យម ១ម៉ឺន ២៦០០រៀល ពោលមិនមានការប្រែប្រួលទេ បើធៀបនឹងតម្លៃឆ្នាំមុន ប៉ុន្តែ សម្រាប់អំបិលលេខ២ មានតម្លៃ១ម៉ឺន៦០០រៀល និងអំបិលលេខ៣ ថ្លៃ ៨៦០០រៀល ពោលគឺធ្លាក់ចុះ ២០០០រៀល ក្នុង១បាវ។
 
      ការធ្លាក់ចុះតម្លៃនេះ ត្រូវបានសហគមន៍ផលិតអំបិលខេត្តកំពត កែប អះអាងថា ដោយសារតែវត្តមានអំបិលពីប្រទេសជិតខាង ថៃ វៀតណាម នាំចូលយ៉ាងច្រើនមកទីផ្សារកម្ពុជា។
លោក អ៊ុំ ឈុន បានឲ្យដឹងទៀតថា តម្រូវកាអំបិលមិនខុសពីឆ្នាំមុនៗនោះទេ គឺមានតម្រូវការចន្លោះពី ៩ម៉ឺនតោន ទៅ១០ម៉ឺនតោន ខណៈឆ្នាំ២០១៦ តម្រូវការមានជិត ១០ម៉ឺនតោនដែរ។
លោក អ៊ុំ ឈុន អះអាងថា សហគមន៍ និងកសិករផលិតអំបិលនៅឆ្នាំ២០១៧នេះ នឹងនៅតែជួបបញ្ហាច្រើន ដោយសារអំបិលនៅសល់ពេញៗឃ្លាំងរកតែកន្លែងរក្សាទុកគ្មាន។ ហើយមានអ្នកខ្លះ រក្សាទុកក្នុងឃ្លាំងបានតិចតួច និងអ្នកខ្លះទៀតទុកចោលកណ្តាលវាលក៏មាន ដោយសារតែទីផ្សារអំបិលនៅតូច ប្រើប្រាស់សម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។
លោកបន្តថា កសិករផលិតអំបិលមានការខាតបង់ច្រើន អ្នកខ្លះទៀតសម្រេចចិត្តបោះបង់ការផលិត ដោយសារគ្មានកន្លែងទុកដាក់។ ហើយដើម្បីជំរុញលើកស្ទួយវិស័យអំបិលនេះ សហគមន៍ស្នើឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ប្រើប្រាស់អំបិលក្នុងស្រុកជាជាងប្រើប្រាស់អំបិលនាំចូល។
ខេត្តកំពត និង កែបគឺជាទីតាំងផលិតអំបិលតែមួយគត់សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេសដែលមានផ្ទៃដីផលិតអំបិលជាង ៤ពាន់ ៥០០ ហិកតារ។ ក្នុងមួយឆ្នាំ កម្ពុជាផលិតអំបិលជុំវិញប្រមាណជាង ១២ ម៉ឺនតោន ហើយ កាលពីឆ្នាំ២០១៦ កម្ពុជាបានលក់អំបិលបាន ប្រមាណ ៩ ម៉ឺនតោន ខណៈអំបិលសល់ក្នុងឃ្លាំងមានការកើនឡើងរហូត២៧ម៉ឺនតោន។
រហូតមកដល់ពេលនេះ អំបិលរបស់កម្ពុជានៅតែមិនអាចមានលទ្ធភាពនាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសបានទេ ដោយសារតែការចំណាយផលិតខ្ពស់៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              