កំពង់ផែទេសចរណ៍

ក្រុមអ្នកជំនាញយល់ឃើញយ៉ាងណាខ្លះចំពោះកំពង់ផែទេសចរណ៍កំពតដែលសាងសង់រួចជិតពីរឆ្នាំ តែនៅមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាន?


ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត តម្លៃជាង៩លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ រហូតមកទល់ពេលនេះនៅតែមិនទាន់អាចដាក់ឱ្យដំណើរការបាននោះទេ ដោយសារផ្លូវនាវាចរណ៍មានជម្រៅទឹករាក់ពេក។
កំពង់ផែទេសចរណ៍
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជា យល់ឃើញថា ក្រៅពីត្រូវដោះស្រាយបញ្ហាបច្ចេកទេសជម្រៅទឹកហើយនោះ ការរៀបចំឱ្យមានផែនការមេលើកិច្ចការវិនិយោគពាណិជ្ជកម្ម ក៏ជាភាពចាំបាច់ដែលស្ថាប័នរដ្ឋ និង ឯកជនត្រូវរៀបចំដាក់ចេញផងដែរ ដើម្បីឱ្យកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតនេះអាចដាក់ឱ្យដំណើរការបានឆាប់ និងជោគជ័យ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ បានគូសបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត បានធ្វើរួចរាល់ហើយ ប៉ុន្តែដោយសារបញ្ហាជម្រៅទឹករាក់ពេក ទើបមិនអាចឱ្យនាវាចរណ៍បើកចេញចូលចតបាន។

តែយ៉ាងណា ឯកឧត្តម បានអះអាងថា ពាក់ព័ន្ធគម្រោងនេះ គឺមិនមែនជាកំហុសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទេ ដ្បិតថា កាលពីដើមឡើយគម្រោងនេះស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ហើយក្រោយមកទើបបង្វែរជូនក្រសួងសាធារណការឱ្យធ្វើវិញ។

ទន្ទឹមនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលើគម្រោងនេះ និងពិចារណាធ្វើយ៉ាងណាស្វែងរកថវិកាបន្ថែម ដើម្បីជំរុញឱ្យកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតអាចដាក់ឱ្យដំណើរការបានឆាប់ៗ។

​ជុំវិញរឿងនេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នៅកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាជម្រៅទឹករាក់ពេកធ្វើឱ្យនាវាចរណ៍ធំៗមិនអាចចូលចតបាននៅកំពង់ផែនេះ តាមពិតទៅ ក្រសួងទេសចណ៍បានដឹងរួចមកហើយតាំងពីមុនពេលបើកការដ្ឋានសាងសង់ម៉្លេះ ក៏ប៉ុន្តែនៅពេលនោះក្រសួងយល់ថា ក្រោយពេលខ្លួនអភិវឌ្ឍន៍កំពង់ផែនេះរួច ក្រសួងនឹងរកអ្នកវិនិយោគឱ្យមកអភិវឌ្ឍន៍បន្តសម្រាប់កាយផ្លូវទឹក ដើម្បីតភ្ជាប់ឱ្យនាវាចរណ៍ធំៗអាចចូលចតបាន។

តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា មកទល់ពេលនេះ បញ្ហានេះនៅតែមិនទាន់អាចដោះស្រាយបាន ហើយលោកចាត់ទុកបញ្ហានេះជាភាពអាម៉ាស់មួយផងដែរ ដ្បិតថាកំពង់ផែសាងសង់រួចហើយ តែមិនអាចដាក់ឱ្យដំណើរការ។

​ម្យ៉ាងវិញទៀត ក្រៅពីបញ្ហាបច្ចេកទេសនេះ ចាប់តាំងពីកំពង់ផែនេះសាង់សង់រួចរហូតមកទល់ពេលនេះ លោក ធួន ស៊ីណាន កត់សម្គាល់ឃើញថា នៅមិនទាន់ឃើញមានស្ថាប័នរដ្ឋ ឬវិស័យឯកជនណាមួយ ដាក់ចេញផែនការមេសម្រាប់អនុវត្តន៍គម្រោងនេះនោះទេ។

ដូច្នេះហើយ ដើម្បីអាចឈានទៅជាកំពង់ផែទេសចរណ៍អន្តរជាតិមួយដែលដំណើរការដោយជោគជ័យបាននោះ អ្នកជំនាញរូបនេះ អះអាងថា ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធហើយនោះ ក៏ទាមទារឱ្យមានផែនការវិនិយោគលើពាណិជ្ជកម្មផងដែរ ដើម្បីទាក់ទាញ និងជំរុញភ្ញៀវទេសចរ ដ្បិតថា ការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹកបានជួយសម្រួលដល់កាធ្វើទេសចរណ៍ជាច្រើន ទាំងពេលវេលា និងថវិការ បើនឹងការធ្វើដំណើរតាមផ្លូវគោក។

​សូមជម្រាបថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំជាង ៤ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលកាលពី ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាវិវាទនៅបុរី ម៉ន ដានី ទទួលបានគោលការណ៍ដោះស្រាយពីក្រសួងសេដ្ឋកិច្ចហើយ

ព័ត៌មាន
នៅទីបំផុតនិយ័តករអចលនវត្ថុ និងបញ្ចាំទទួលបានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដោះស្រាយបញ្ហាវិវាទរវាងអត…

លោក ចូ បៃឌិន បង្ហាញកញ្ចប់ថវិកាជាង៧ទ្រីលានដុល្លារ ដើម្បីឱ្យពលរដ្ឋជឿថា លោកអាចគ្រប់គ្រងសេដ្ឋកិច្ចបានល្អជាងលោក ដូណាល់ ត្រាំ

ព័ត៌មាន
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានគូសវាសទស្សនវិស័យគោលនយោបាយរបស់លោកសម្រាប់អាណត្តិទី២ រយៈពេល៤ឆ្នាំ កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដោយលោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ