ក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសក្ដែងៗថា ខ្លួនបានបើកប្រតិបត្តិការយោធាវាយប្រហារលើកប៉ាល់ដឹកប្រេងពីរគ្រឿងនៅសមុទ្រក្រហម ខណៈអាជ្ញាធរសុវត្ថិភាពដែនសមុទ្រអង់គ្លេស បានរាយការណ៍ថា កប៉ាល់មួយគ្រឿងត្រូវបានវាយប្រហារនៅភាគនិរតី នៃតំបន់ អាល់ ស៊ូឃីក ប្រទេសអារ៉ាប៊ីសាអូឌីត បណ្តាលឱ្យឆាបឆេះកប៉ាល់ ប៉ុន្តែគ្មានសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ ឬ របួសនោះទេ។ ការវាយប្រហារនេះបានធ្វើឱ្យទីផ្សារថាមពលពិភពលោកកាន់តែក្រឡាប់ចាក់ ខណៈតំបន់សមុទ្រក្រហមកំពុងក្លាយជាផ្លូវជំនួសដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង បន្ទាប់ពីការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ត្រូវរាំងស្ទះ។
ប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃជាង២% ឡើងឈានដល់ជិត៩៦ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ខណៈអ្នកវិនិយោគបារម្ភថា សង្គ្រាមនេះអាចប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោក។ សង្គ្រាមនេះកាន់តែឡើងកម្តៅ បន្ទាប់ពីអាម៉េរិកបានបន្តវាយប្រហារលើអ៊ីរ៉ង់ជាង១០ថ្ងៃជាប់ៗគ្នា ដោយកងទ័ពអាម៉េរិក អះអាងថា បានវាយប្រហារលើទីតាំងយោធា ឃ្លាំងរក្សាទុកដ្រូន ប្រព័ន្ធការពារអាកាស និងទីតាំងបញ្ជាការរបស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម។ មុននេះអាម៉េរិក ក៏បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1 Lancer ជាលើកដំបូងក្នុងជម្លោះជុំថ្មីនេះ ដែលត្រូវបានមើលឃើញថា ជាសញ្ញានៃការបង្កើនកម្រិតប្រតិបត្តិការយោធា។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានថា ប្រសិនបើអ៊ីរ៉ង់បន្តវាយប្រហារលើកប៉ាល់នៅច្រកសមុទ្រ Hormuz អាម៉េរិកនឹងឆ្លើយតបដោយវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ ដូចជា ស្ពាន និងរោងចក្រថាមពលជាដើម។ ប៉ុន្តែអ៊ីរ៉ង់បានព្រមានតបវិញថា ប្រសិនបើអាម៉េរិក វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបដោយវាយប្រហារលើទីតាំងថាមពល និងផលប្រយោជន៍របស់អាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ទន្ទឹមនេះកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានគ្រប់គ្រងច្រកសមុទ្រ Hormuz និងព្រមានថា ការដឹកជញ្ជូនតាមផ្លូវទឹកមួយនេះនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ខណៈភាពតានតឹងនៅតែបន្តកើនឡើង។ ក្រុមអ្នកវិភាគបានព្រមានថា ប្រសិនបើសមុទ្រក្រហម និងច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមថាមពលពិភពលោកត្រូវបានរាំងស្ទះក្នុងពេលតែមួយ វាអាចបង្កវិបត្តិថាមពលថ្មី និងធ្វើឱ្យប្រេងឥន្ធនៈហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត។ ខណៈការចរចារកសន្តិភាពនៅតែជាប់គាំង សង្គ្រាមអ៊ីរ៉ង់-អាម៉េរិក កំពុងប្រែក្លាយពីជម្លោះទ្វេភាគីទៅជាវិបត្តិ ដែលអាចប៉ះពាល់ដល់សន្តិសុខ ថាមពល និងសេដ្ឋកិច្ចពិភពលោកទាំងមូល៕
ដោយ: តែម សុខុម