អ្វីដែលកាន់តែក្តុកក្តួលនោះ រហូតមកទល់ពេលនេះជនភៀសសឹកជាង២ម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន។ ភាពសោកសង្រេងនេះបានទាក់ចិត្តលោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាសម្តែងហូលីវូដដ៏ល្បីល្បាញលំដាប់ពិភពលោកបានសរសារលើបណ្តាញសង្គម Instagram បង្ហាញពីអារម្មណ៍ក្តុកក្តួល និងក្តីអាណិតអាសូរចំពោះពលរដ្ឋភៀសសឹក និងបង្ហាញពីសកម្មភាពរំលោភបំពានរបស់យោធាថៃ។ អ្នកជំនាញយល់ថា ការសរសេររបស់តារាសម្តែងហូលីវូដរូបនេះ បានក្លាយជាសារនយោបាយ និងជាសម្ពាធការទូតដ៏មានឥទ្ធិពលមួយផ្ញើទៅកាន់រដ្ឋាភិបាលថៃឱ្យគោរពសិទ្ធិ និងអនុញ្ញាតឱ្យពលរដ្ឋខ្មែរវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញដោយសុវត្ថិភាព។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា សាររបស់លោកស្រី អេនជេលីណា ជូលី កំពុងបង្កើតជាសម្ពាធការទូតយ៉ាងខ្លាំងលើភាគីថៃ ខណៈសារនេះបាន និងកំពុងអង្រួនបេះដូងមនុស្សរាប់លាននាក់ទូទាំងពិភពលោកឱ្យងាកមកចាប់អារម្មណ៍កាន់តែខ្លាំងលើជម្លោះព្រំដែនកម្ពុជា-ថៃ ហើយក៏បានស្តែងឱ្យឃើញពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់តារាហូលីវូដរូបនេះចំពោះប្រទេសកម្ពុជាផងដែរ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេល១ឆ្នាំនៃការឈ្លានពានរបស់យោធាថៃ កម្ពុជាបានរងទុក្ខវេទនាគ្រប់រូបភាព ជាពិសេសប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនផ្ទាល់។ លោកបានបន្ថែមថា បញ្ហានេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាផែនការដែលត្រូវរៀបចំទុកជាមុន។ ជាមួយគ្នានេះ លោក បានជំរុញឱ្យកម្ពុជាត្រូវតែពង្រឹងគោលនយោបាយការពារជាតិឱ្យកាន់តែរឹងមាំ ដោយមិនត្រូវពឹងផ្អែកតែលើច្បាប់អន្តរជាតិមួយមុខនោះឡើយ ជាពិសេសត្រូវរឹតចំណងសាមគ្គីភាព និងបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកសារពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃរបស់លោកស្រី អេនជេលីណា ជូលី គឺជាសារនយោបាយដ៏មានឥទ្ធិពល និងជាសម្ពាធយ៉ាងធ្ងន់ធ្ងរលើភាគីថៃ ព្រោះលោកស្រីជាបុគ្គលសាធារណៈ ដែលមានមនុស្សរាប់លាននាក់ជឿជាក់។ លោកបានសង្កត់ធ្ងន់ថា ស្ថិតក្នុងភូមិសាស្ត្រ ដែលមានព្រំប្រទល់ជាប់ជាមួយថៃ កម្ពុជាដាច់ខាតត្រូវតែពង្រឹង និងអភិវឌ្ឍប្រទេសឱ្យកាន់តែខ្លាំងក្លា បន្ថែមលើការស្វែងរកការគាំទ្រពីបណ្តាប្រទេសមហាអំណាច។ ទន្ទឹមនឹងនេះ លោក បានចាត់ទុកការខូចខាតទ្រព្យសម្បត្តិជាតិ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងការបន្តរស់នៅភៀសសឹករបស់ពលរដ្ឋរាប់ម៉ឺននាក់បង្កឡើងដោយការឈ្លានពានរបស់ថៃ គឺជាសោកនាដកម្ម ដែលមិនអាចបំភ្លេចបាន។
ដោយឡែកលោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អបានលើកឡើងថា សោកនាដកម្មដែលបានកើតឡើងលើពលរដ្ឋស៊ីវិលខ្មែរក្នុងរយៈពេល១ឆ្នាំមកនេះបានស្តែងឱ្យពិភពលោកឃើញកាន់តែច្បាស់ពីទុក្ខវេទនា ដែលបង្កឡើងដោយការឈ្លានពានរបស់ថៃ។ លោកបានបន្ថែមថា ការចូលរួមរំលេចបន្ថែមពីសំណាក់លោកស្រី អេនជេលីណា ជូលី គឺជាកម្លាំងស្រូបទាញអ្នកគាំទ្ររបស់លោកស្រីរាប់លាននាក់ឱ្យមកចាប់អារម្មណ៍ពីជោគវាសនារបស់ជនភៀសសឹកកម្ពុជា ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះបានរំលឹកថា ទោះបីជាសាររបស់លោកស្រី អាចទាក់ទាញការចាប់អារម្មណ៍ពីសារព័ត៌មានអន្តរជាតិធំៗក៏ដោយ ប៉ុន្តែសារនេះតែមួយមុខប្រហែលជាមិនទាន់អាចផ្លាស់ប្តូរផ្នត់គំនិត ឬទប់ស្កាត់នយោបាយឈ្លានពានរបស់ភាគីថៃបាននោះទេ។
ជុំវិញបញ្ហាវិបត្តិជនភៀសសឹកនេះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីកន្លងទៅថ្មីៗ បានអំពាវនាវដល់សហការីអាស៊ានជួយគាំទ្រការអំពាវនាវ ដើម្បីឱ្យពលរដ្ឋខ្មែរជាង២ម៉ឺននាក់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាព និងថ្លៃថ្នូរ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនៅប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា លោកស្រី អេនជេលីណា ជូលី តារាសម្ដែងហូលីវូដដ៏ល្បីល្បាញបានបង្ហោះសារយ៉ាងចាក់ដោតនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនក្នុងឱកាសខួប១ឆ្នាំ នៃឈ្លានពានរបស់ថៃមកលើកម្ពុជាថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ជម្លោះដែលបានផ្ទុះឡើងតាមបណ្តោយព្រំដែនកម្ពុជាបានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្នមានប្រជាជនជិត៣ម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាននៅឡើយ។ លោកស្រីបានបន្ថែមទៀតថា៖«ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ ខណៈពេលដែលយើងមានក្ដីសោមនស្សរីករាយក្នុងការចាប់ផ្តើមការងាររបស់យើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខុមាលភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់ខ្ញុំនៅតែស្ថិតនៅជាមួយអ្នករាល់គ្នា ដែលកំពុងទន្ទឹងរង់ចាំថ្ងៃបានវិលត្រឡប់ទៅផ្ទះវិញ»៕
អត្ថបទដោយ៖ ជា ម៉ារ៉ា