ការដាក់ចេញនូវវិធានការទប់ស្កាត់កូវីដ-១៩ វាបានជះឥទ្ធិពលបន្ថែមទៀត ដល់វិស័យអាជីវកម្ម និងការងារ ក៏ដូចជាអំណាចនៃការបញ្ជាទិញ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសនេះ។
សេដ្ឋកិច្ចរបស់ថៃ នៅតែរងផលប៉ះពាល់ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លងរីករាលដាននៅក្នុងប្រទេស។ កត្តាទាំងនេះហើយ បានធ្វើឱ្យមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចថៃ នៅឆ្នាំ ២០២១មកនៅត្រឹម១%។ ក្នុងនោះដែរការធ្លាក់ចុះសេដ្ឋកិច្ចរបស់ថៃ គឹមួយផ្នែកធំ ដោយសារតែចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្សាន្ដនៅប្រទេសថៃ ក៏ត្រូវបានព្យាករទម្លាក់មកនៅចន្លោះពី ២៥ម៉ឺន ទៅ ៦៥ម៉ឺននាក់ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈដែលពីមុនធ្លាប់ព្យាករថានឹងមានប្រមាណ ១លាន២សែននាក់។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikornបានឲ្យដឹងថា ដោយសារមានកម្រិតនៃប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសថៃ និងការដាក់ចេញនូវវិធានការទប់ស្កាត់កូវីដ-១៩ វាបានជះឥទ្ធិពលបន្ថែមទៀត ដល់វិស័យអាជីវកម្ម និងការងារ ក៏ដូចជាអំណាចនៃការបញ្ជាទិញ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសនេះ។
ប្រទេសថៃ នៅមិនទាន់មើលឃើញពីតួលេខអ្នកឆ្លងកូវីដ-១៩ ថយចុះនោះទេគិតមកទល់ពេលនេះ។ ប្រទេសថៃ បានរកឃើញអ្នកឆ្លងថ្មីជាង១ម៉ឺននាក់ ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ប្រមាណជាង ៥១ម៉ឺន នាក់ហើយ។
ស្ថានភាពកាន់តែអាក្រក់ទៅៗ បាននិងកំពុងគ្របដណ្តប់លើប្រព័ន្ធវេជ្ជសាស្ត្រ ហើយបានជំរុញឱ្យរដ្ឋាភិបាលរឹតបន្តឹងការរឹតត្បិតរួមទាំងការដាក់បម្រាមគោចរពេលយប់ ទប់ស្កាត់ការធ្វើដំណើរក្នុងតំបន់ដែលមានហានិភ័យឆ្លង និងចុងក្រោយរដ្ឋាភិបាល ថៃបានបិទខ្ទប់ខេត្តក្រុងមួយចំនួនផងដែរ។
លើសពីនេះ រដ្ឋាភិបាលថៃ ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចំនួន២ខែបន្ដទៀត ចាប់ពីថ្ងៃទី ០១ ខែសីហា ដល់ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២១ផងដែរ។
ប្រសិនបើការរីករាលដាលនៃជម្ងឺកូវីដ នៅតែបន្តយូរទៀត ក្រុមអ្នកជំនាញ រំពឹងថារដ្ឋាភិបាលថៃនឹងដាក់ចេញនូវវិធានការជំនួយបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ សេដ្ឋកិច្ចថៃបានធ្លាក់ចុះ ៦,១% ដែលជាតួលេខអាក្រក់បំផុងក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ៕អត្ថបទ៖ ស៊ើង និមល់