ទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា

ទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាថយចុះនៅឆ្នាំ២០២២ ប៉ុន្ដែចំណូលពីការនាំចេញកើនឡើងជិត៥០%


យោងតាមរបាយការណ៍ដែលផ្ដល់ឲ្យដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ ការអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មរបស់ CDC នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួនសរុប ៤៣គម្រោង បានកើនឡើងចំនួន ៥គម្រោង បើធៀបនឹងឆ្នាំ២០២១។ ក៏ប៉ុន្តែ បើក្រឡេកទៅមើលទុនវិនិយោគសរុបក្នុងតំបន់សេដ្ឋកិច្ចពិសេស នារយៈពេលពេញមួយឆ្នាំ២០២២នេះ មានតែជិត ៥៨៨លានដុល្លារ ខណៈនៅឆ្នាំ២០២១ ទុនវិនិយោគសរុបក្នុងតំបន់សេដ្ឋកិច្ចពិសេស មានរហូតជាង ២ពាន់លានដុល្លារ ឯណោះ។
ទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា

ទោះបីជា ទំហំទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសឆ្នាំ២០២២ បានធ្លាក់ចុះអស់រហូតជាង ១ពាន់លានដុល្លារក្ដី ប៉ុន្ដែ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅឆ្នាំ២០២២ ចំណូលពីការនាំចេញទំនិញចេញពីតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងរហូតជិត ៥០% បើធៀបនឹងឆ្នាំ២០២១។

ជុំវិញស្ថានភាពនៃការវិនិយោគនេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃពិភពលោកដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ជាដើម បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គម កម្ពុជា រួមទាំងវិស័យដឹកជញ្ជូនជាដើម។ ប៉ុន្ដែ វាមិនបានរាំងស្ទះខ្លាំងដល់សកម្មភាពនៃការធ្វើពាណិជ្ជកម្មកម្ពុជា នោះទេ។ បើតាមឧកញ៉ា ស៊ិន ចន្ធី សកម្មភាពនៃការធ្វើពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការដឹកជញ្ជូនទំនិញចេញចូល នៅតែមានសកម្មភាពមមាញឹក ពិសេសនៅអំឡុងឆ្នាំ២០២២តែម្ដង ក្រោយការបើកសង្គម-សេដ្ឋកិច្ចកម្ពុជា ពេញលេញឡើងវិញ។

បើយោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានកត់ត្រាការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦ នៅទូទាំងប្រទេសបានបង្ហាញថា នៅឆ្នាំ២០២២ មានក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ មានកំណើនជិត ៥០% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះទំហំទឹកប្រាក់នៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានប្រមាណ ៧០០លានដុល្លារ កើនជាង៩០% ធៀបនឹងឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ១៨៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារ ថយចុះជាង ៣០០លានដុល្លារបើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ភាគច្រើនជាគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសដែលមានរហូត ១៤៣គម្រោង ជាមួយទុនវិនិយោគសរុប ជាង ៣ពាន់លានដុល្លារ ដែលអាចបង្កើតឱកាសការងារជាង ១២ម៉ឺនកន្លែង សម្រាប់ប្រជាជនកម្ពុជា។ គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១៦៣គម្រោង។ រីឯ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៩គម្រោង។ ដោយឡែកវិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មានចំនួន ៩គម្រោង និងវិស័យទេសចរណ៍ មានចំនួន ៥គម្រោង៕




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ូ សុជាតិ៖ មានក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជា បានសម្លឹងឃើញថា ឆ្នាំ២០២៣ ជាឆ្នាំដ៏ល្អសម្រាប់វិស័យមូលបត្រកម្ពុជា ដោយសារមានក្រុមហ៊ុនធំៗមួយចំនួននឹងចូលរួ…

កំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២ បានថយចុះមកដល់កម្រិតទន់ខ្សោយបំផុតមិនធ្លាប់មាននៅ៤ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
កំណើនសេដ្ឋកិច្ចចិននៅពេញមួយឆ្នាំ២០២២ ត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើនរំពឹងថានឹងស្ថិតក្នុងចំណោមតួលេខកំណើនដែលមានភាពទន់ខ្សោយបំផុតមិនធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ