ក្រុមហ៊ុនចិន

ចិននឹងបន្តនាំចូលផលិតផលពីបារាំង ទោះបីបារាំងគាំទ្រការស៊ើបអង្កេតរបស់អឺរ៉ុបលើយានយន្តអគ្គិសនីរបស់ចិន


ប្រទេសចិន នៅដើមសប្តាហ៍នេះបានប្រកាសពីជំហរថា ខ្លួននឹងបន្តនាំចូលផលិតផល និងសេវាកម្មពីប្រទេសបារាំង បើទោះបីប្រទេសនេះបានគាំទ្រក្នុងការស៊ើបអង្កេតរបស់អឺរ៉ុបលើយានយន្តអគ្គិសនីផលិតដោយក្រុមហ៊ុនចិនក៏ដោយ។ ការគាំទ្ររបស់បារាំងលើការស៊ើបអង្កេតលើយានយន្តរបស់ចិននេះ កំពុងបង្កឱ្យមានភាពតានតឹងលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនចិន
ដោយ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយក្នុងព្រឹត្តិការណ៍សារព័ត៌មានរួមគ្នាជាមួយនឹងសមភាគីបារាំង​លោក ស្តេហ្វេន សេចន (Stephane Sejourne) ថា ចិនសង្ឃឹមថា គោលនយោបាយកាត់បន្ថយហានិភ័យរបស់អឺរ៉ុប នឹងមិនកំណត់គោលដៅលើប្រទេសជាក់លាក់ណាមួយ និងមិនបំពានច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

លោក វ៉ាង បានសង្កត់ធ្ងន់ថា ការផ្ដាច់ទំនាក់ទំនងជាមួយចិន គឺជាហានិភ័យដ៏ធំបំផុត ព្រោះចិនកំពុងបន្ធូរបន្ថយការចូលទៅកាន់ទីផ្សាររបស់ចិន ជាបន្តបន្ទាប់ រួមទាំងការលើកកម្ពស់រំហូរទិន្នន័យឆ្លងដែនផងដែរ។ រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបន្ថែមថា ចិននឹងធ្វើកិច្ចការថែមទៀត ដើម្បីដោះស្រាយកង្វល់នៃការចូលទៅកាន់ទីផ្សាររបស់ក្រុមហ៊ុនបារាំង។

ចំណែកលោក ស្តេហ្វេន សេចន រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយថា បារាំងនឹងបន្តកិច្ចពិភាក្សារបស់ខ្លួនស្ដីពីការកាត់បន្ថយហានិភ័យជាមួយប្រទេសចិន ហើយថា កិច្ចពិភាក្សានេះមិនបង្ហាញថា សហភាពអឺរ៉ុបនឹងចាត់វិធានការការពារនិយមនោះទេ។ កិច្ចពិភាក្សាទ្វេភាគីនេះបានធ្វើឡើងចំពេលអឺរ៉ុបបាននិងកំពុងបន្តយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យ និងការពឹងផ្អែករបស់អឺរ៉ុបទៅលើប្រទេសចិន ក្នុងគោលបំណងរក្សាឱ្យបាននូវឧត្តមភាពឧស្សាហកម្ម និងការប្រកួតប្រជែងរបស់ខ្លួន។

កាលពីឆ្នាំមុន គណៈកម្មការអឺរ៉ុប បានចាប់ផ្ដើមការស៊ើបអង្កេតមួយ ថាតើឧស្សាហកម្មយានយន្តអគ្គិសនីរបស់ចិន បានទទួលប្រយោជន៍ពីការឧបត្ថម្ភធនដ៏អយុត្តិធម៌មែន ឬក៏យ៉ាងណា និងដើម្បីកំណត់ថា តើត្រូវបង្កើនថ្លៃពន្ធលើការនាំចូលយានយន្តអគ្គិសនីពីចិន ដើម្បីការពារក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបដែរ ឬយ៉ាងណា ខណៈដែលវិធានការទាំងអស់នេះ ក៏ទទួលបានការគាំទ្រពីបារាំងផងដែរ។

ជាការឆ្លើយតបនឹងចំណាត់ការរបស់អឺរ៉ុបនេះ ប្រទេសចិនកាលពីខែមករា ក៏បានបើកការស៊ើបអង្កេតមួយប្រឆាំងនឹងការលក់បង្ខូចតម្លៃចំពោះការនាំចូលផលិតផលម៉ាកល្បីៗមួយចំនួនមកពីអឺរ៉ុប ដែលភាគច្រើនលើសលប់គឺមកពីប្រទេសបារាំងផងដែរ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន នឹងដឹកនាំអ្នកតំណាងក្រុមហ៊ុនរថយន្តឈានមុខគេក្នុងទីផ្សាររបស់ចិនដូចជាក្រុមហ៊ុន BYD និងក្រុមហ៊ុន SAIC ជាដើមធ្វើដំណើរទៅទ្វីបអឺរ៉ុបក្នុងខែនេះសម្រាប់កិច្ចពិភាក្សាអំពីការស៊ើបអង្កេតរបស់គណៈកម្មការពាក់ព័ន្ថនឹងក្រុមហ៊ុនទាំងនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើឥណ្ឌាអាចជំនួសចិន ក្លាយជាប្រទេសមានផលិតកម្មធំជាងគេនៅអាស៊ីបានដែរទេ?

ព័ត៌មាន
ឥណ្ឌា ដែលកំពុងក្តោបតំណែងជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញមហិច្ឆតាចង់ក្លាយជាប្រទេសមានផលិតកម្មធំជាងគេនៅអាស៊…

Samsung ដណ្ដើមតំណែងជើងឯកពី Apple បានមកវិញជាថ្មី ក្លាយជាប៊្រែនទូរសព្ទស្មាតហ្វូនដែលលក់ដាច់បំផុតទូទាំងពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនយក្ស Samsung Electronics របស់កូរ៉េខាងត្បូង បានវ៉ាឈ្នះក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាម៉េរិកជាថ្មីម្ដងទៀត ក្លាយជាប៊្រែនទូរសព្ទស្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ