អតុល្យភាពសេដ្ឋកិច្ចរបស់ចិនកាន់តែអាក្រក់ទៅៗ

IMF បន្ទាបកំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២ ដោយអះអាងថា អតុល្យភាពសេដ្ឋកិច្ចរបស់ចិនកាន់តែអាក្រក់ទៅៗ


មូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗនេះថា អតុល្យភាពនៅក្នុងសេដ្ឋកិច្ចចិនកាន់តែអាក្រក់ និងពន្យារពេលការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសលើវិស័យការប្រើប្រាស់របស់ពលរដ្ឋ ដែលជាវិស័យត្រូវបានគេរំពឹងថា នឹងជាក្បាលម៉ាស៊ីនសំខាន់មួយនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចចិន។ នេះបើតាមការចុះផ្សាយដោយការសែត The Wall Street Journal។
អតុល្យភាពសេដ្ឋកិច្ចរបស់ចិនកាន់តែអាក្រក់ទៅៗ

របាយការណ៍វាយតម្លៃរបស់ IMF បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងថា អន្តរាគមន៍របស់រដ្ឋកាន់តែច្រើននៅក្នុងសេដ្ឋកិច្ច អាចរារាំងដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែងរបស់ប្រទេសចិន ពិសេសសម្រាប់កំណើនដែលមានភាពធន់។ អ្នកជំនាញអះអាងថា រដ្ឋចិនមិនអាចចេះតែបន្តធ្វើអន្តរាគមន៍រហូតបាននោះទេ ហើយចិនក៏មិនអាចចេះតែប្រើទឹកប្រាក់មកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចរហូតនោះដែរ។

យ៉ាងណាក៏ដោយ សេដ្ឋកិច្ចចិនបានកើនឡើង ៨,១%កាលពីឆ្នាំមុន ដែលជាអត្រាកំណើនដ៏ប្រសើរ ខណៈឆ្នាំ២០២០មានកំណើនត្រឹមតែ ២,៣%ប៉ុណ្ណោះ។ ប៉ុន្តែការស្ទុះងើបឡើងវិញនេះ បានពឹងផ្អែកទាំងស្រុងលើការវិនិយោគពីក្រុមហ៊ុនរដ្ឋ និងការនាំចេញផលិតផល ខណៈដែលការចំណាយឯកជនរបស់ពលរដ្ឋបានធ្លាក់ចុះខ្លាំង រីឯនៅក្នុងខែចុងក្រោយនៃឆ្នាំ ២០២១ កំណើននេះបានដាំក្បាលចុះគួរឱ្យកត់សម្គាល់។

វិធានការទប់ស្កាត់ការរាតត្បាតកូវីដ១៩ដ៏តឹងរ៉ឹងរបស់អាជ្ញាធរ បានធ្វើឱ្យអ្នកប្រើប្រាស់ស្ទាក់ស្ទើរក្នុងការចំណាយ។ ដោយមើលឃើញពីភាពបន្តទន់ខ្សោយ និងស្ទាក់ស្ទើរក្នុងការចំណាយរបស់អ្នកប្រើប្រាស់ ពេលនេះ IMF រំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងកើនឡើង ៤,៨% ប៉ុណ្ណោះនៅឆ្នាំនេះ ធ្លាក់ចុះពីការព្យាករណ៍លើកមុនដែលមានដល់ ៥,៧%។ យ៉ាងណាមិញ ថ្នាក់ដឹកនាំក្រុងប៉េកាំង បានកំណត់គោលដៅកំណើនដល់ ៥,៥%ឯណោះ សម្រាប់ឆ្នាំ ២០២២ នេះបើយោងតាមអ្នកសេដ្ឋកិច្ចចិនដែលជាទីប្រឹក្សាពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល។

សូមជម្រាបថា ដើម្បីឲ្យសេដ្ឋកិច្ចចិនមានតុល្យភាព IMF បានផ្តល់អនុសាសន៍ដល់អាជ្ញាធរចិន រួមមានការអនុញ្ញាតឱ្យមានឱនភាពសារពើពន្ធខ្ពស់ជាងមុន ដែលអាចអនុញ្ញាតឱ្យរដ្ឋាភិបាលកាត់បន្ថយពន្ធលើអាជីវកម្ម ឬការបង្វែរធនធានរបស់រដ្ឋាភិបាលទៅកាន់គ្រួសារខ្វះខាត កាត់បន្ថយការវិនិយោគសាធារណៈ ពិសេសការវិនិយោគដោយក្រុមហ៊ុនរដ្ឋ ដើម្បីបើកឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនឯកជន៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកហៅកូរ៉េខាងជើងវិលរកតុចរចាវិញ ក្រោយការសាកល្បងមីស៊ីលកម្លាំងខ្លាំងបំផុតដូចនៅឆ្នាំ២០១៧

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យទី៣០មករាថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ការសាកល្បងកាំជ្រួចកាន់តែកើនឡើងរបស់កូរ៉…

ក្រុមហ៊ុនផលិតបន្ទះអាមេរិក Micron នឹងបិទក្រុមហ៊ុនផលិតអង្គចងចាំ DRAM នៅទីក្រុងសៀងហៃ ប្រទេសចិន

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រយក្សរបស់អាមេរិក Micron Technology គ្រោងនឹងបិទក្រុមហ៊ុនផលិតអង្គចងចាំ DRAM របស់ខ្លួននៅទីក្រុងសៀងហៃប្រទេសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ