កម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច” នេះបានចាប់ផ្ដើមអនុវត្ត ដំណើរការនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ក្រោមគម្រោង “ធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់ សហគ្រាសធុនតូចនិងមធ្យម (SeT4SME)” ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់ភាគី ពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យនាំចេញកញ្ចប់ ទំនិញខ្នាតតូច ហើយធ្វើឲ្យបណ្ដាក្រុមហ៊ុននាំចេញកញ្ចប់ទំនិញខ្នាតតូចអាចផ្ញើកញ្ចប់ទំនិញរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពចំណាយជាងមុន ។
ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការធ្វើឌីជីថលនីយកម្មអជីវកម្មជាយុទ្ធសាស្ត្រថ្មីមួយក្នុងការស្វែងរកទីផ្សារ ដែលបានធ្វើឡើងស្របតាម សសរស្តម ‘ធុកិច្ចឌីជីថល’ ក្នុងចំនោមសសរស្តមទាំង៣នៃ ‘ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១_២០៣៥ នៃរាជរដ្ឋាភិបាលកម្ពុជា’។ ដូចនេះ សហគ្រិនខ្មែរ សង្ឃឹមថានិន្នាការនៃការធ្វើអាជីវកម្មបែបនេះនឹងក្លាយជាច្រកទ្វាថ្មីសម្រាប់បង្កើនការលក់ រួមទាំងការ នាំចេញនូវកញ្ចប់ទំនិញពីបណ្ដាសហគ្រាសធុនតូចនិងមធ្យមនានាក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ” ។
លោក Rajiv Pradha នាយកប្រចាំប្រទេសរបស់ ស្វីសខន់ថាក់កម្ពុជា និងជាអ្នកសម្របសម្រួល សម្ព័ន្ធសកលសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម ប្រចាំកម្ពុជា បានថ្លែងថា៖ “យើងមានក្ដីសប្បាយរីករាយដែលបានរៀបចំបង្កើតកម្មវិធី ‘ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច’ នេះឡើង ជាមួយនឹងសហគ្រិនខ្មែរ និងសមាគមសហគ្រិនស្ត្រីកម្ពុជា ដោយមានការគាំទ្រពី សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ។ ខ្ញុំមានជំនឿចិត្តថា តួអង្គគំរូនៅក្នុងកម្មវិធី ‘ជើងឯកអ្នកនាំចេញ កញ្ចប់ទំនិញខ្នាតតូច’ នេះ នឹងជួយដល់សហគ្រាសធុនតូច និងមធ្យមផ្សេងទៀតឲ្យពង្រីកទីផ្សារ របស់ខ្លួនជាលក្ខណៈអន្តរជាតិ ហើយជួយពង្រឹងដល់ភាពសក្ដិសិទ្ធនៃសកម្មភាពនាំចេញកញ្ចប់ទំនិញ ខ្នាតតូចពីក្នុងប្រទេសផងដែរ។ សហគ្រាសធុនតូច និងមធ្យម ដែលចូលរួមនៅក្នុងកម្មវិធីនេះ នឹងអាចទទួលបានចំណេះដឹងទាក់ទងនឹងក្បួនច្បាប់ និងនីតិវិធី ក៏ដូចជាការអនុវត្តជាក់ស្ដែងក្នុងការ នាំចេញកញ្ចប់ទំនិញខ្នាតតូចទៅកាន់ទីផ្សារគោលដៅរបស់ខ្លួន។ យើងក៏សង្ឃឹមផងដែរថា ការអនុវត្ត សាកល្បងដែលយើងកំពុងធ្វើឡើងតាមរយៈកម្មវិធី ‘ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច’ នេះ មានភស្តុតាងបង្ហាញពិតៗ ហើយកម្មវិធី ‘ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច’ នេះ នឹងក្លាយជាកម្មវិធីសំខាន់សម្រាប់វិស័យនាំចេញកញ្ចប់ទំនិញខ្នាតតូចនៅកម្ពុជា” ។
កម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច (SPEC)” បាននិងកំពុងជួយគាំទ្រដល់សហគ្រាស ធុនតូចនិងមធ្យមនានា ដែលមានបំណងចង់នាំចេញទំនិញកញ្ចប់ខ្នាតតូចទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាជំរុញកំណើននាំចេញរបស់ខ្លួន។ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យវាយនភ័ណ្ឌកសិកម្ម សិប្បកម្ម កែច្នៃចំណីអាហារ និងឧស្សាហកម្មភស្តុភារកម្ម ជាសហគ្រាសគោលដៅក្នុងការទទួល ជំនួយនេះ។ ផលិតផលដែលសមស្រប គឺជាផលិតផលដេលផលិតក្នុងស្រុក ហើយអាចនាំចេញជា កញ្ចប់ខ្នាតតូចបាន ក្នុងទម្ងន់រហូតដល់ទៅ ២០ គីឡូក្រាម តាមរយៈសេវាប្រៃសណីយ៍ ឬ សេវាដឹក ជញ្ជូនបញ្ញើរហ័ស ហើយទំនិញទាំងអស់នោះមិនត្រូវជាប់ក្នុងបញ្ជីទំនិញហាមឃាត់សម្រាប់ការនាំ ចេញនោះឡើយ។ បណ្ដាសហគ្រាសធុនតូច និងមធ្យម បានសម្ដែងការអរគុណចំពោះការផ្ដល់ ឱកាសចូលរួមនៅក្នុងកម្មវិធីនៅអំឡុងពេលសម្ពោធដាក់ឲ្យអនុវត្តកម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ ទំនិញខ្នាតតូច (SPEC)” ហើយពួកគាត់នឹងបន្តចូលរួមក្នុងកម្មភាពជាបន្តបន្ទាប់ពីកម្មវិធី “ជើងឯកអ្នក នាំចេញកញ្ចប់ទំនិញខ្នាតតូច (SPEC)” ។
លោកស្រី សេង តក្កនារី ស្ថាបនិកក្រុមហ៊ុន Sentosa Silk មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះ ល្អណាស់ ហើយជាវេទិកាមួយល្អសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ដូចចជា អង្ការស្វីសខន់ថាក់កម្ពុជា ប្រៃសណីយ៍កម្ពុជា សហគ្រិនខ្មែរ និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ប្រសិនបើយើងនិយាយពី ដំណោះស្រាយ ព្រឹត្តិការណ៍នាថ្ងៃនេះ ពិតជាបានជួយបំភ្លឺពីរាល់ជំហានបន្ទាប់នៅក្នុងការរៀបចំ ឯកសារនិងដំណើរការផ្សេងៗទៀត។ ឱកាសគឺមាននៅនឹងមុខយើង ហើយយើងពិតជាអាចអភិវឌ្ឍ កម្មវិធីនេះឲ្យបានរីកចម្រើនមួយកម្រិតថែមទៀត” ។
លោកស្រី ហោ សុគន្ថា មកពីក្រុមហ៊ុន sokunthea Natural Rice មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាល្អណាស់ ហើយខ្ញុំមានសេចក្ដីរីករាយ ដែលយើងមានវេទិកាបែបនេះ ដើម្បីចែករំលែកនូវគំនិតយោបល់របស់យើង។ សកម្មភាពនានាក្នុងថ្ងៃនេះ គួរឲ្យចាប់អារម្មណ៍ ដែលអនុញ្ញាតឲ្យសិក្ខាកាមអាចចូលរួមបានយ៉ាងពេញលេញ” ។
បណ្ដាសហគ្រាសធុនតូច និងមធ្យម បានទទួលការបណ្ដុះបណ្ដាលតម្រង់ទិសទាក់ទងនឹងកម្មវិធី ពាណិជ្ជកម្មអេឡិចត្រូនិច និងការរៀបចំឯកសារភស្តុភារកម្ម ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិច ឆ្លងប្រទេស និងការរចនាផលិតផលសម្រាប់ទីផ្សារនាំចេញ។ បន្ទាប់មកទៀត សហគ្រាសនឹងត្រូវ ឆ្លងកាត់វគ្គបង្ហាត់បង្ហាញ ក្នុងការជម្រុញ ដល់ការនាំចេញផលិតផលរទៅកាន់ទីផ្សារក្រៅប្រទេស។ ជាងចុងក្រោយ សហគ្រាសធុនតូច និងមធ្យម ចំនួន១៥ នឹងទទួលបានវិញ្ញានប័ត្រជា ជើងឯកអ្នកនាំចេញ ហើយសហគ្រាសធុនតូច និងមធ្យម ដែលនាំមុខគេចំនួន៣ នឹងទទួលបាន ជំនួយជាទឹកប្រាក់តាមរយៈការប្រកួតប្រជែងនៅវគ្គផ្ដាច់ព្រ័ត្រ ។