
ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ សហគ្រិនខ្មែរ និង ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានរួមគ្នាផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈ (១)ការចូលរួមជាមួយគ្នាក្នុងសកម្មភាព និងកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឬសហគ្រិនភាពនៅកម្ពុជា (២)ធនាគាសហគ្រាសធុនតូច និងមធ្យម កម្ពុជានឹងផ្តល់ ឥណទានដោយគ្មានទ្រព្យបញ្ចាំ រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ដល់សហគ្រាសធុនតូច និងមធ្យម ណាដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់ A និង B ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី ដែលបានរៀបចំឡើងដោយសហគ្រិនខ្មែរ និងត្រូវបានសហគ្រិនខ្មែរណែនាំមកទទួលឥណទាននៅ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តាមលក្ខន្ដិកដែលធនាគាបានកំណត់ (៣) សហគ្រិនខ្មែរ នឹងពួតដៃគ្នាជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីធ្វើការលើកកម្ពស់ និងបង្កើនលទ្ធភាព ទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (៤)ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង សហគ្រិនខ្មែរ នឹងធ្វើសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីចែករំលែកព័ត៌មានស្តីពី លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង សហគ្រិនខ្មែរ និងធនគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាព្រឹត្ដិការណ៍ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកិច្ចសហប្រតិបត្ដិការនេះ នឹងពង្រឹងការគំាទ្រដល់ សហគ្រិនធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានហិរញ្ញប្បទាន។ លើសពីនេះទៅទៀត សហគ្រិនខ្មែរ ក៏សូមលើកទឹកចិត្ដ ធនាគារពាណិជ្ជទាំងអស់ ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ហិរញ្ញប្បទាន ដូចជា សម្រួលនីតិវិធី និងបន្ធូរលក្ខន្ដិកសម្រាប់តម្រូវការហិរញ្ញប្បទានរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដែលកិច្ចការនេះនឹងចូលរួមចំណែកក្នុងការបង្កើតសេដ្ឋកិច្ចបែបថ្មីនៅកម្ពុជា។”

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានលើកឡើងថា៖ “ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពទាក់ទាញ រួមមានការផ្តល់ឥណទានដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះដែលផ្តល់ភាពងាយស្រួលនៅលើទីផ្សារ។ នៅចំពោះមុខ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានផែនការអភិវឌ្ឍបណ្តាញចែកចាយឱ្យបានទូលំទូលាយបន្ថែមទៀតសម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ធនាគារនឹងវិនិយោគបន្ថែមលើការបើកសាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូសហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបំរើសេវាកម្មជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ”។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន ដែលបញ្ហានេះនៅបន្ដជាឧបសគ្គចំបងមួយ ក្នុងចំណោមឧបសគ្គផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ដោយគួបផ្សំនឹងការបណ្ដុះបណ្ដាលសមត្ថភាព សហគ្រិនខ្មែរសង្ឃឹមថាការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទានប្រសើរជាងមុននឹងជួយលើកកម្ពស់អេកូឡូស៊ីធុរកិច្ចក្នុងប្រទេសកម្ពុជា។

លោក លឹម
អូន ក៏បានបន្ថែមផងដែរថា៖ “ជាក់ស្តែង នៅពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម
កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ ដើម្បីរួមចំណែកក្នុងការកសាងសហគ្រិនភាព
ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ក៍ដូចជាសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់
ទទួលបានការបណ្តុះបណ្តាលពីសហគ្រិនខ្មែរ ឱ្យមានលទ្ធភាពចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនបានដោយជោគជ័យ”។
ក្នុងនាមជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលធ្វើការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពក្នុងប្រទេសកម្ពុជា និងក្នុងនាមជាធនាគារពាណិជ្ជ ក៏ដូចជា ធនាគារគោលនយោបាយផង សហគ្រិនខ្មែរ និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការពង្រឹងភាពប្រកួតប្រជែង និងនវានុវត្ដន៍ និង ផ្តល់ភាពងាយស្រួលដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងការទទួលបានឥណទានដែលមានតម្លៃសមរម្យ ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកសហគ្រិនខ្មែរ តាមរយៈ
- អាសយដ្ឋាន៖ 3A-F, ជាន់ទី៣ អគារ TK Royal One, មហាវិថីសហព័ន្ធរុស្សី, ភ្នំពេញ, ប្រទេសកម្ពុជា
- លេខទូរស័ព្ទ៖ +៨៥៥ ២៣ ៩០០ ៨៥៥ ។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តាមរយៈ
- អាសយដ្ឋាន៖ អគារលេខ៣០ ផ្លូវប៉ាស្ទ័រ (៥១) កែងផ្លូវព្រៃនគរ (១២៦) សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
- លេខទូរស័ព្ទ៖ +៨៥៥ ៩៦ ៨១១ ១១១៨ ៕