សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

អាមេរិក និងចិន នឹងចុះកិច្ចព្រមព្រៀងដំណាក់កាលដំបូងរួមគ្នានៅពាក់កណ្តាលខែមករា២០២០


ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន កំពុងឈានទៅរកដំណាក់កាលធូរស្បើយហើយ ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលដំបូង ជាមួយនឹងចិននៅពាក់កណ្តាល ខែមករានេះ ដែលខិតជិតមកដល់ហើយ ហើយពិធីនេះ នឹងធ្វើឡើងនៅក្នុងសេតវិមានអាមេរិក ដោយមានការចូលរួមពី តំណាងជាន់ខ្ពស់មកពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ទីបំផុត សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ! (រូបភាព៖ SCMP)

លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅ​លើបណ្តាញ​សង្គមរបស់ខ្លួនថា លោក នឹង​ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង​ដ៏ធំមួយ ជាមួយនឹងចិន​នៅពាក់កណ្តាល​ខែមករានេះ ហើយលោក នឹង​ឆ្លៀតពេល​ទៅធ្វើទស្សនកិច្ច​នៅប្រទេសចិន ហើយអាច​នឹងជជែកគ្នា​អំពី កិច្ចព្រមព្រៀង​ដំណាក់កាលទី ២ ថែមទៀតផង។

ដោយឡែក គណៈប្រតិភូចិន ដឹកនាំដោយ​ឧបនាយករដ្ឋមន្រ្តីចិន លោក លូ ហេ ដែលគ្រោងនឹង​ហោះទៅ​អាមេរិក នៅដើមខែមករានេះ ក៏បានផ្លាស់​ប្តូរការធ្វើ​ដំណើរថ្មី រយៈពេល ៤ថ្ងៃ ទៅកាន់អាមេរិក​ ដើម្បីចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​នេះ ដោយរំពឹងនឹង​អាចលុបបំបាត់​សង្គ្រាម​ដ៏ខាតបង់​មួយនេះ។

តំណាងចរចាពាណិជ្ជកម្ម​អាមេរិក លោក រ៉ូបឺត ឡៃធីសឺ បានគូសបញ្ជាក់ថា អាមេរិក យល់ព្រមបន្ធូរបន្ថយ​ពន្ធដែលដំឡើង​ស្រាប់​លើទំនិញចិន និងពន្យារពេល​ដំឡើង​ ពន្ធថ្មី​លើទំនិញ​របស់ចិន ជាការដោះដូរនឹង ការយល់ព្រម​របស់ភាគីចិន ដែលសម្រេច​ទិញទំនិញ​កសិកម្ម ឧស្សាហកម្ម និងថាមពលមកពី​អាមេរិក ដែលមាន​តម្លៃជាង ៥០ពាន់លាន​ដុល្លារអាមេរិក នៅក្នុងរយៈពេល ២ឆ្នាំខាងមុខ។

លោក រ៉ូបឺត គូសបញ្ជាក់​បន្ថែមថា ជាចុងក្រោយ​បង្អស់ ថ្នាក់ដឹកនាំចិន ជាអ្នកសម្រេច​លើ កិច្ចព្រមព្រៀងនេះ ហើយលទ្ធផល​ក៏អាចនឹង​មិនដូចការ​រំពឹងទុកផងដែរ ហើយយ៉ាងណា កិច្ចព្រមព្រៀង​មួយនេះ ក៏មិនអាចដោះស្រាយ​បញ្ហា​ទាំងអស់បានដែរ ដោយសារតែ​ភាពខុសគ្នានៃ ទម្រង់​សេដ្ឋកិច្ច​នៃប្រទេសទាំងពីរ។

ទោះបីជាយ៉ាងណា ក្តីសង្ឃឹមដែលថា មហាអំណាច​សេដ្ឋកិច្ចទាំងពីរ អាចឈាន​ដល់កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ដើម្បីបន្ធូរបន្ថយ​កម្តៅសង្គ្រាម​ពាណិជ្ជកម្មនោះ តែងតែស្ថិត​ក្នុងភាពស្រពិច​ស្រពិល​ជានិច្ច ព្រោះថា សេដ្ឋកិច្ចយក្ស-យក្សរបស់​ប្រទេសទាំងពីរ សុទ្ធតែចង់​ឲ្យដៃគូចរចារបស់​ខ្លួន បត់បែនទៅតាម​ការកំណត់​របស់ខ្លួន ហើយវាមិនមែន​ជារឿងងាយ​ស្រួលនោះទេ ដោយហេតុថា ជម្លោះនេះ ចាប់ផ្តើម​ពីរឿងតូច រហូតដល់ ដំឡើងពន្ធ​លើទំនិញ រាប់ពាន់លានដុល្លារដាក់គ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាប់ផ្តើមឆ្នាំថ្មី ចិនសម្រេចបន្ធូរបន្ថយពន្ធលើទំនិញនាំចូលជាង ៨៥០មុខ

ព័ត៌មាន
ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឲ្យកាន់តែមានគុណភាពខ្ពស់នៅក្នុងឆ្នាំថ្មី ឆ្នាំ២០២០នេះ រដ្ឋាភិបាលចិន បានប្រកាសសម្រេចបន្ធូរបន្ថយពន្ធលើទ…

សម្ដេច ហ៊ុន សែន៖ ឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុប​សម្រាប់មនុស្សម្នាក់កើនដល់ ១៦៧៩ ដុល្លារ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអះអាងថា ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ ឬហៅថាផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ