អ្នកឧកញ៉ា គិត ម៉េង ដែលទើបត្រូវបានបោះឆ្នោតតែងតាំងឲ្យធ្វើជាប្រធានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញថ្មី ចាត់ទុកការទិញភាគហ៊ុននេះជាការបោះជំហានមួយកម្រិតទៀតរបស់ក្រុមហ៊ុនខ្លួន និងសន្យាថា នឹងពាំនាំប្រព័ន្ធបច្ចេកវិទ្យា យុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រង និងអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនេះឲ្យកាន់តែល្អប្រសើរ។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានផ្ទៃដីជាង៣រយហិកតា និងមានក្រុមហ៊ុនផលិត និងសេវាកម្មជាតិ និងអន្តរជាតិជាង៩០កំពុងប្រតិបត្តិការ។
ក្រុមហ៊ុនអ៊ិនធើឡូជីស្ទីក(ខេមបូឌា)ដែលគេស្គាល់ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់មហាសេដ្ឋីដ៏ល្បីល្បាញមួយរូបនៅកម្ពុជា គឺអ្នកឧកញ៉ា គិត ម៉េង បានក្លាយជាភាគហ៊ុននិកធំជាងគេមួយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះបានទិញភាគហ៊ុនជាង ៤៥% ដែលមានតម្លៃជាង១៦លាន៧សែនដុល្លារអាមេរិករបស់ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិតភីអិលស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា ដែលបានគូសបញ្ជាក់ថា ការទិញលក់ភាគហ៊ុននេះត្រូវបានធ្វើឡើងនៅផ្សារមូលបត្រកម្ពុជា ដោយប្រើប្រាស់វិធីសាស្ត្រជួញដូរតាមការចរចា។
ក្រោយក្លាយជាភាគហ៊ុននិកធំជាងគេ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានអង្គប្រជុំវិសាមញ្ញរបស់ម្ចាស់ភាគហ៊ុននិក បោះឆ្នោតជ្រើសតាំងឲ្យធ្វើជាប្រធានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយអ្នកឧកញ៉ាចាត់ទុកការធ្វើជាប្រធានថ្មីលើកដំបូងជាកិត្តិយសដ៏អស្ចារ្យសម្រាប់ខ្លួន។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះសង្ឃឹមថា ខ្លួននឹងអាចពាំនាំប្រព័ន្ធបច្ចេកវិទ្យា យុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រង និងអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញឲ្យកាន់តែមានភាពរីកចម្រើន និងទាក់ទាញមួយកម្រិតទៀត។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៣៥៧ហិកតា ដោយមានក្រុមហ៊ុនផលិត និងសេវាកម្មជាតិ និងអន្តរជាតិជាង៩០ក្រុមហ៊ុនមកពី១២ប្រទេសកំពុងប្រតិបត្តិការ ហើយផ្តល់ការងារជូនបុគ្គលិកជាង៣ម៉ឺន២ពាន់នាក់។ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការលើកទឹកចិត្ត និងប្រយោជន៍ដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគ តាមរយៈការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងទៀត។ បន្ថែមលើនេះ គឺដើម្បីចូលរួមកាត់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងៗទៀត សំដៅលើកកម្ពស់ការប្រកួតប្រជែងការនាំចេញ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕