ថ្លែងក្នុងសន្និសីទស្ដីពីគម្រោងអភិវឌ្ឍន៍កោះ Phu Quoc ឬ កោះត្រល់ ក្នុងខេត្តគៀនយ៉ាង (Kien Giang) នៃតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) បានជំរុញឱ្យពន្លឿនការអភិវឌ្ឍកោះខាងលើនេះ ដើម្បីពង្រីកសក្តានុពលរបស់កោះនេះ ឱ្យកាន់តែល្បីរន្ទឺពាសពេញពិភពលោក។
ដោយសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ និងសក្តានុពលរបស់កោះត្រល់ លោក ផាម មិញជីញ (Pham Minh Chinh) បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យន្តការ និងគោលនយោបាយជាច្រើនត្រូវបានដាក់ចេញ ដើម្បីជំរុញការអភិវឌ្ឍកោះដ៏សែនស្រស់ស្អាតមួយនេះឱ្យកាន់តែឆាប់រហ័ស។
លោកបានបន្តទៀតថា កោះនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន និងបានសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ ហើយហេដ្ឋារចនាសម្ព័ន្ធលើកោះនេះត្រូវបានធ្វើឱ្យប្រសើរឡើងជាលំដាប់។
លោក ផាម មិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍកោះត្រល់ គឺមិនមែនត្រឹមតែជាភារកិច្ចរបស់កោះនេះខ្លួនឯង និងខេត្តគៀនយ៉ាង ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកិច្ចការសម្រាប់ប្រទេសវៀតណាម ទាំងមូលផងដែរ។
លោកបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធប្តេជ្ញាចិត្តកាន់តែមោះមុតដើម្បីប្រែក្លាយកោះត្រល់ ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍ធម្មជាតិគុណភាពខ្ពស់ ទេសចរណ៍សមុទ្រ និងជាកន្លែងរស់នៅជាទីមនោរម្យដែលត្រូវបានរំពឹងថានឹងជួយផ្សព្វផ្សាយអំពីប្រទេសវៀតណាម នៅលើផែនទីទេសចរណ៍ពិភពលោកឱ្យកាន់តែទូលំទូលាយ៕
ដោយ: តែម សុខុម