កូរ៉េពិចារណាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅភាគខាងកើតទន្លេមេគង្គ

កូរ៉េពិចារណាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅភាគខាងកើតទន្លេមេគង្គ ក្រោយផ្ដល់កម្ចីសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ


ក្រោយចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ឥណទានសម្បទាន ប្រហែល ២៤៦លានដុល្លារ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ និងគម្រោងមួយចំនួនទៀត កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកូរ៉េ បាននិងកំពុងពិចារណាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដទៃទៀត នៅភាគខាងកើតទន្លេមេគង្គក្នុងទឹកដីខេត្តកណ្ដាល។
កូរ៉េពិចារណាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅភាគខាងកើតទន្លេមេគង្គ ក្រោយផ្ដល់កម្ចីសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

បើតាមឯកឧត្តម ផាក ហឿង ឃីយ៉ុង (PARK Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គោលបំណងដែលភាគីកូរ៉េ ចង់ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅភាគខាងកើតទន្លេមេគង្គនេះ គឺដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ-អរិយក្សត្រ ដែលភាគីទាំងពីរទើបតែបានចុះហត្ថលេខា នាពេលថ្មីៗ កន្លងមកនេះ។

ថ្លែងនៅចំពោះមុខឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗ ឯកឧត្ដម ផាក ហឿង ឃីយ៉ុង ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីគោលបំណងរបស់រាជរដ្ឋាភិបាលកូរ៉េ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅភាគខាងកើតទន្លេមេគង្គ។ ឆ្លៀតនាឱកាសនោះ ឯកអគ្គរដ្ឋទូតកូរ៉េ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាលើការវិនិយោគបន្ថែម ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដទៃទៀតនៅភាគខាងកើតទន្លេមេគង្គផងដែរ។ បើតាមឯកអគ្គរដ្ឋទូតកូរ៉េ ការបង្ហាញពីគម្រោងវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីគម្រោងស្ពានមិត្តភាពកម្ពុជា- សាធារណរដ្ឋកូរ៉េ ភ្នំពេញ-អរិយក្សត្រ ខណៈគម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់ តាមរយៈការសិក្សាលើផែនការមេ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា នៅភាគខាងកើតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និងទទួលយកនូវគំនិតផ្តួចផ្តើម ដើម្បីធ្វើការសិក្សាក្នុងការរៀបចំផែនការមេ ក្នុងការវិនិយោគបន្ថែមលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់ មួយទៅតំបន់មួយទៀត នៅក្នុងតំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញ ក្នុងជំហានបន្តបន្ទាប់ទៀត ដើម្បីជំរុញសកម្មភាពសង្គម- សេដ្ឋកិច្ច នៅតំបន់នោះ ឲ្យរីកចម្រើនឆាប់រហ័សនាពេលអនាគត ។ បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៍សំខាន់មួយ ក្នុងចំណោមដៃគូទ្វេភាគីធំៗ ដទៃទៀត ដែលតែងតែផ្ដល់ការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការផ្ដល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកស្ទួយសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈសកម្មភាពទាំងនេះ នឹងកាន់តែធ្វើឲ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ កាន់តែស្អិតល្មួតបន្ថែមទៀត។

សូមបញ្ជាក់ថា ថ្មីៗនេះ ភាគីកម្ពុជា-កូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សរុបជិត ២ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ចំនួនជិត ២៤៦លានដុល្លារអាមេរិក កិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក និងគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០លានដុល្លារ។

កម្ពុជានាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងនៅ១១ខែឆ្នាំនេះ មានជាង២០០លានដុល្លារ កើនឡើងជាង២០% ខណៈការនាំចូលពីកូរ៉េមកវិញមានជាង៥០០លានដុល្លារ ធ្លាក់ចុះជាង៥%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕




អត្ថបទបន្ទាប់


តើសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបារាំងមកបណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗអ្វីខ្លះ?

នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងសហព័ន្ធនយោជកបារាំងអន្តរជាតិ កាលពីថ្ងៃទី ១៣ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន…

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដភារកម្មទន្លេបាសាក់ នឹងសិក្សាបញ្ចប់នៅខែមករាឆ្នាំក្រោយ

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ