នេះមិនមែនជាលើកទី១ ឡើយដែលសាធារណរដ្ឋកូរ៉េ បានចូលរួមអភិវឌ្ឍកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន។ ជាក់ស្ដែង ចាប់ពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្នកូរ៉េខាងត្បូង បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៣១លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយឯកឧត្តម គូ យុនចុល (KOO Yun Cheol) រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជា កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។ បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចាប់ពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ន សាធារណរដ្ឋកូរ៉េ បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៣១លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានោះ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េ បានផ្ដល់ឥណទានសម្បទាន ដល់កម្ពុជា នូវទឹកប្រាក់សរុបប្រមាណ ១,២ពាន់លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ចំនួន ២៦គម្រោង។
ជាមួយគ្នានេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងការអរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត ដល់កម្ពុជា តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ បន្ថែមនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានសង្កត់ធ្ងន់ទៀតថា សាធារណរដ្ឋកូរ៉េ បានក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេរភាគីដ៏សំខាន់លំដាប់ទី៣ ក្នុងការរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន។
បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់កាលពីពេលថ្មីៗ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសការនាំចេញទំនិញកម្ពុជា ទៅសាធារណរដ្ឋកូរ៉េ នៅរយៈពេល ២ខែ ដំបូងក្នុងឆ្នាំ បានកើនឡើងរហូត ៣៣ភាគរយ ឯណោះ ក្នុងរយៈពេល ២ខែក្នុងឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មទ្វេរភាគី កម្ពុជា-កូរ៉េ កាន់តែរីកចម្រើន ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ចូលជាធរមាន៕