ចំពោះការវិវត្តនយោបាយនៅសហរដ្ឋអាមេរិកនេះ លោក ឌីមីទ្រី ពេស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយក្រោយពិធីជប់លៀងមួយថា ការបញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនគ្រាន់តែការផ្អាកបណ្តោះអាសន្នប៉ុណ្ណោះ។ ទីក្រុងវ៉ាស៊ីនតោន ប្រាកដជានឹងបន្តគាំទ្រតទៅទៀតនៅពេលខាងមុន ក្នុងរូបភាពផ្ទាល់តែម្តង។ លោក ពេស្កូវ ថា ម៉ូស្គូព្យាករណ៍ថា លោកខាងលិចក៏នឹងមានការកើនឡើងភាពមិនត្រូវរ៉ូវគ្នាចំពោះការគាំទ្រអ៊ុយក្រែនដែរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅចំពោះមុខការដកឃ្លានេះ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិចផ្សេងទៀតនឹងនឿយហត់អស់កម្លាំងចំពោះសង្គ្រាមទន់ដៃលើការឧបត្ថម្ភធនឱ្យទីក្រុងកៀវ។ ហើយការអស់កម្លាំងនេះនឹងនាំទៅរកភាពបែកខ្ញែក និងការសម្រេចចិត្តនយោបាយផ្ទុយគ្នា។ កាលពីខែមុន លោក ចូ បៃដិន និងប្រធានាធិបតី ហ្សេឡេនស្គី បានជួបគ្នានៅសេតវិមាន ហើយថា អាមេរិកនឹងរក្សាការប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាម បើទោះបីជាសមាជិកសភាសាធារណរដ្ឋខ្លះជំទាស់ក៏ដោយ។
ប៉ុន្តែក្រោយការប្រកាសចេញច្បាប់កាលពីថ្ងៃសៅរិ៍ ដែលមិនបញ្ចូលថវិកាជំនួយសម្រាប់អ៊ុយក្រែន លោក បៃដិន កាលពីថ្ងៃអាទិត្យបាននិយាយថា សមាជិកសភាមកពីបក្សសាធារណរដ្ឋបានផ្តល់សន្យាមួយលោកថា នឹងបន្តជំនួយឱ្យអ៊ុយក្រែនទៀត ប៉ុន្តែតាមរយៈការបោះឆ្នោតមួយ គឺផ្សេង។ លោក បៃដិនបានថ្លែងថា ការបន្តអនុវត្តន៍គោលនយោបាយគ្រោះថា្នក់ត្រូវតែបញ្ចប់ ហើយអ្នកសាធារណរដ្ឋគួរតែបន្តការគាំទ្រសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចៀសវិបត្តិមួយទៀត៕