វិស័យកាត់ដេរ

ការបញ្ជាទិញផលិតផលកាត់ដេរមានកំណើនខ្ពស់នៅដើមឆ្នាំនេះ តែកង្វះកម្លាំងពលកម្មនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ


ទោះបីសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជាកាន់តែខ្ពស់យ៉ាងណាក្តី តែមន្ត្រី និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម អះអាងថា ការបញ្ជាទិញ និងការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅដើមឆ្នាំ២០២៥ នេះ នៅតែបង្ហាញកំណើនខ្ពស់គួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននៃការបញ្ជាទិញនេះ បានធ្វើឱ្យរោងចក្រមួយចំនួនកំពុងប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម ដែលជំរុញរោងចក្រទាំងនោះបង្កើនការធ្វើការបន្ថែមម៉ោងកាន់តែច្រើនដល់កម្មករ និយោជិត។
វិស័យកាត់ដេរ
ដោយ

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើថា ការបញ្ជាទិញ និងការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែងជើង កាបូប និងផលិតផលធ្វើដំណើររបស់កម្ពុជា នៅដើមឆ្នាំ២០២៥ មានកំណើនគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ កំណើននេះ ត្រូវបានជំរុញដោយសារឥទ្ធិពលនៃបញ្ហាចលាចលក្នុងប្រទេសមួយចំនួន និងការដំឡើងពន្ធលើផលិតផលឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសវៀតណាម ដែលជំរុញឱ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបញ្ជាទិញពីកម្ពុជា ជំនួសវិញ កាន់តែច្រើនឡើង។ នេះបើតាមការអះអាងរបស់អ្នកជំនាញរូបនេះ។

បើតាមការអះអាងរបស់លោក ហ្វា សាលី កំណើននៃការបញ្ជាទិញនេះ ក៏បានជំរុញឱ្យមានការធ្វើការថែមម៉ោងមានការកើនឡើងផងដែរ ដោយសារនៅតាមបណ្តារោងចក្រសហគ្រាសមួយចំនួនកំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មច្រើន ដ្បិតថា កម្មករ-កម្មារនីមួយចំនួនមិនចង់ធ្វើការនៅទីតាំងឆ្ងាយៗពីលំនៅឋានរបស់ពួកគេ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យអ្នកវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរគួរគិតគូរលើទីតាំងសាងសង់រោងចក្រនៅក្បែរទីតាំងដែលកម្មកររស់នៅច្រើន។ បន្ថែមលើនេះលោកស្នើឱ្យម្ចាស់រោងចក្រសហគ្រាសគួរដំឡើងថវិកាមួយចំនួនដល់កម្មករដែលមានទីតាំងរស់នៅឆ្ងាយ​ៗ ដើម្បីលើកទឹកចិត្តដល់កម្មករ ក៏ដូចជាជួយដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្មក្នុងវិស័យនេះ។

​ជាមួយគ្នានេះ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់​វិស័យ​ឧស្សាហកម្មកម្ពុជា នាពេលចប្ចុប្បន្ននេះ ពិសេសឧស្សាហកម្ម​កាត់ដេរ ដែលទទួលបានការបញ្ជាទិញខ្ពស់ពីទីផ្សារអន្តរជាតិ នៅដើមឆ្នាំនេះ។ ឯកឧត្តម បានបន្ថែមថា ដើម្បី​​ឆ្លើយតបនឹងការរីកចម្រើនរបស់វិស័យឧស្សាហកម្មនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់ កាលពីចុងឆ្នាំ២០២៣ ហើយមកទល់ពេលនេះ មានអ្នកចុះឈ្មោះក្នុងកម្មវិធីនេះជាង៩ម៉ឺន២ពាន់នាក់។

​បើតាមការបញ្ជាក់របស់ឯកឧត្តម កត្តា អ៊ន នៅក្នុងរយៈពេល១ខែដំបូង ឆ្នាំ២០២៥ ការនាំចេញ ផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា ដូចជាសម្លៀកបំពាក់ ស្បែកជីង ការបូប និងផលិតផលធ្វើដំណើរជាដើម សម្រេចបានទំហំប្រមាណ១,៣ពាន់លានដុល្លារ កើនឡើងជាង៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចេញទៅអាម៉េរិក កើនឡើង៤៥,៩% អឺរ៉ុប កើនឡើង៤១,៩% ជប៉ុន កើនឡើង២៩,៦% អង់គ្លេស កើនឡើង៣៧% និងបណ្តាប្រទេសអាស៊ាន មានការកើនឡើង២៦,៩%។ គិតត្រឹមខែមករា ឆ្នាំ២០២៥ កម្ពុជា មានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរសរុបចំនួន ១​៥​៤៨ មានកម្មករសរុបជាង៩២ម៉ឺននាក់ ក្នុងនោះកម្មករជាស្ត្រីមានជាង៨០%៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ប្រកាសផ្លូវហោះហើរថ្មី កោះភូកុក-សិង្ហបុរី និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះដែលមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ លានដុល្លារ

(ភ្នំពេញ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥) – ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាធិកាវៀតណាម To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្រុមហ៊ុន …

ការវិនិយោគលើថាមពលសូឡា និងខ្យល់ទំហំជាង១៣ពាន់លានដុល្លារ នៅវៀតណាម កំពុងរងការគំរាមកំហែងពីការផ្លាស់ប្ដូរគោលនយោបាយ

វិនិយោគិនបរទេស និងវៀតណាម ជិត៣០រូប រួមទាំងក្រុមហ៊ុនថាមពល Adani Green Energy របស់កំពូលមហាសេដ្ឋីឥណ្ឌា លោក គោត្តម អាដានី (Gautam Ada…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ