កម្លាំងពលកម្មក្នុងវិស័យទេសចរណ៍

បញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍នៅតែជាបញ្ហាប្រឈម


ក្រុមអ្នកជំនាញបានអះអាងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ ខណៈបញ្ហាខ្វះខាតកម្លាំងពលកម្មក្នុងវិស័យនេះវិញ នៅតែជាចោទជាបញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍នៅឡើយ ព្រោះកន្លងមក អ្នកធ្វើការក្នុងវិស័យនេះ បានងាកទៅធ្វើការក្នុងវិស័យផ្សេង ជំនួសឲ្យវិស័យទេសចរណ៍ដែលបានរងគ្រោះខ្លាំង នាពេលកន្លងមក។
បញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍នៅតែជាបញ្ហាប្រឈម

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ នារយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៤ម៉ឺននាក់ កើនឡើងរហូត ៥៦០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការកើនឡើងនៃភ្ញៀវទេសចរ នាពេលរយៈពេលចុងក្រោយនេះ ក៏ព្រោះតែការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ ដែលជាកត្តាជំរុញឲ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត ដែលមានសកម្មភាពទេសចរណ៍ច្រើនឡើងវិញ គួរឲ្យកត់សម្គាល់។

ទោះបី បើយោងតាមរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរនៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្ដែជុំវិញស្ថានភាពការងើបឡើងវិញនៃវិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យនេះ អះអាងថា ហាក់នៅមានកម្រិតនៅឡើយ ពិសេសកម្លាំងពលកម្មក្នុងវិស័យនេះ ក៏មិនទាន់វិលរកភាពប្រសើរឡើងវិញជាប្រក្រតីនោះដែរ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា នៅតែមានការងើបឡើងវិញ យឺតនៅឡើយ បើធៀបទៅនឹងអំឡុងមិនទាន់មានការរាតត្បាតពីជំងឺកូវីដ១៩ ខណៈកម្លាំងពលកម្មក្នុងវិស័យនេះ ក៏មិនទាន់មានភាពប្រសើរឡើងវិញដែរ។ បើតាមលោក ធួន ស៊ីណាន ដ្បិតកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ មិនទាន់ល្អប្រសើរពេញលេញ ក៏ដោយចុះ តែបញ្ហានេះ មិនសូវក្លាយជាបញ្ហាប្រឈមខ្លាំងនោះទេ ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។

លោកស្រី ខៃ ចិន្ថា អនុប្រធានសមាគសណ្ឋាគារកម្ពុជា ឯណេះវិញ បានយល់ឃើញថា រហូតមកដល់ពេលនេះ វិស័យទេសចរណ៍កម្ពុជា បានធូរស្បើយច្រើន និងបានងើបឡើងវិញជាបណ្ដើរៗ ផងដែរ បើប្រៀបទៅនឹងអំឡុងពេលដែលកម្ពុជា ទើបមានការរាតត្បាតជំងឺកូវីដ១៩។ ទន្ទឹមនឹងការងើបឡើងវិញនៃវិស័យនេះ ការខ្វះកម្លាំងពលកម្មក៏ជាបញ្ហាខ្លះដែរ ខណៈកន្លងមក អ្នករកស៊ីក្នុងវិស័យទេសចរណ៍ បានងាកទៅប្រកបមុខរបរផ្សេង តួយ៉ាង ដូចជា វិស័យកសិកម្ម និងឧស្សាហកម្ម ជាដើម។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោកស្រី ខៃ ចិន្តា បានបន្តថា បញ្ហាខ្វះកម្លាំងពលកម្ម ហាក់មិនសូវជាបញ្ហាប្រឈមខ្លាំងនោះទេ ព្រោះសន្ទុះនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ សព្វថ្ងៃ នៅមានកម្រិតនៅឡើយ ដោយលោកស្រីបង្ហាញក្ដីរំពឹងថា អ្នកដែលធ្លាប់រកស៊ីក្នុងវិស័យទេសចរណ៍ នឹងអាចត្រលប់ចាប់អាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយស្ថានភាពទេសចរណ៍នៅកម្ពុជា កាន់តែបង្ហាញនូវភាពវិជ្ជមានឡើងវិញ។

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះវិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន ដោយសារចរន្តនៃភ្ញៀវទេសចរផ្ទៃក្នុង និងអ្នកដំណើរចូលមកកម្ពុជា កាន់តែប្រសើរឡើងវិញ ជាបន្តបន្ទាប់។ យ៉ាងណាមិញ ដើម្បីជំរុញ និងស្ដារការងើបឡើងវិញនៃវិស័យទេសចរណ៍ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះនៅពីក្រោយការនាំចេញម្រេចកម្ពុជាធ្លាក់ចុះ៧០% នៅ៧ខែឆ្នាំ២០២២?

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មអះអាងថា ចាប់តាំងពីមានបញ្ហាប្រឈមនានា ដែលជះឥទ្ធិពលពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនមក ឃើញថា ការនាំចេញម្រេចរ…

អ្នកជំនាញ៖ ស្ថានភាពអតិផរណានឹងបន្តកើនឡើង ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត

ព័ត៌មាន
វិបត្តិប្រេងឥន្ធនៈឡើងថ្លៃ ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានបណ្តាលឲ្យកម្រិតអតិផរណានៅកម្ពុជា ក៏ដូចជាលើពិភពលោកបានកើនឡើងយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ