គេនៅចាំបានថា នៅឆ្នាំ២០២០ រោងចក្រមួយរបស់ Lamborghini បានត្រូវបិទទ្វារពីរខែដោយសារតែវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានពិភពលោកធំៗ តាមពិតទៅ ការលក់របស់ Lamborghini នៅឆ្នាំ២០២០ សម្រេចបានទាបជាងកាលពីឆ្នាំ២០១៩ទេ ប៉ុន្តែ នៅឆ្នាំ២០២០នេះ រថយន្ត Lamborghini ដែលលក់ទៅកាន់អតិថិជនមានតម្លៃខ្ពស់ៗខ្លាំង ដែលនាំឲ្យប្រាក់ចំណេញកើនឡើងខ្ពស់ ។
ប្រទេសចិនបានជំរុញកំណើនតម្រូវការរថយន្តប្រណីត Lamborghini យ៉ាងខ្លាំង ដោយដណ្ដើមតំណែងជាទីផ្សារធំបំផុតទីពីរ ពីប្រទេសអាល្លឺម៉ង់ នៅឆ្នាំនេះ ។
ម៉ាករថយន្តដែលធ្វើឲ្យ Lamborghini ជោគជ័យខ្លាំង គឺរថយន្តស្ព័រប្រណីត (SUV) ដែលមានឈ្មោះថា Urus ដែលការលក់រថយន្តប្រភេទមួយសម្រេចបានដល់ទៅ ៥៩% នៃចំនួនលក់សរុបរបស់ Lamborghini នៅក្នុងឆ្នាំ២០២០ ។
ប្រជាជនចិនដែលមានលុយច្រើនចាប់ផ្ដើមស្រឡាញ់រថយន្តប្រណីតៗប្រភេទ SUVs ដែលផលិតដោយក្រុមហ៊ុនល្បីៗ ដូចជា Rolls-Royce, Bentley និង Lamborghini ជាដើម ។
Lamborghini ជាក្រុមហ៊ុនដែលកាន់កាប់ដោយក្រុមហ៊ុនមេ Volkswagen ។ នៅឆ្នាំ២០២០ Lamborghini លក់ដាច់បាន ៧៤៣០គ្រឿង ជាប់ចំណាត់ថ្នាក់លេខ២ បើធៀបនឹងការលក់នៅឆ្នាំ២០១៩ ដែលក្រុមហ៊ុននេះលក់បានដល់ទៅ ៨២៥០គ្រឿង ។ ប៉ុន្តែ នៅឆ្នាំ២០២០ Lamborghini ចំណេញច្រើនជាងឆ្នាំ២០១៩ ដោយសារតែម៉ាករថយន្តប្រណីតៗដែលលក់ក្នុងតម្លៃខ្ពស់ៗខ្លាំង ដែលគេហៅថាម៉ូដែល "Limited special series" ។
នៅឆ្នាំនេះ ប្រទេសចិនត្រូវគេរំពឹងថា នឹងក្លាយជាទីផ្សារធំបំផុតទីពីររបស់ Lamborghini ដែលកាលមុននេះ អាល្លឺម៉ង់គឺជាទីផ្សារធំបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាទីផ្សារធំបំផុតទី១សម្រាប់រថយន្តម៉ាក Lamborghini ។ កាលពីឆ្នាំ២០២០ Lamborghini លក់ដាច់បាន ២២២៤គ្រឿង នៅក្នុងសហរដ្ឋអាមេរិក ៕