
ការហក់ឡើងនៃថ្លៃដីធ្លីនៅទីក្រុងធំបំផុតទាំងពីររបស់វៀតណាម គឺបន្ទាប់ពីលេចឮគម្រោងប្រែក្លាយតំបន់ខ្លះនៅកណ្ដាលក្រុង ទៅជាតំបន់ថ្មើរជើងសម្រាប់អ្នកទេសចរ។
ឥឡូវនេះ តម្លៃដីធ្លីនៅតាមវិថីទេសចរណ៍ខ្លះ និងតំបន់ក្បែរខាង ក្នុងទីក្រុងហូជីមិញ និងទីក្រុងហាណូយ ឡើងខ្ពស់កប់ពពក ដល់ជាមធ្យមប្រហែល ២ម៉ឺន ២ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានVN Express របស់វៀតណាម។

ជាងមួយខែហើយ អាជ្ញាធរទីក្រុងហូជីមិញបានចេញបម្រាមចំពោះការប្រើប្រាស់រថយន្តនៅលើវិថី Bui Vien នៅប្លុកទេសចរណ៍ នៃខណ្ឌទី១ នៅរាត្រីចុងសប្ដាហ៍ ខណៈដែលអាជ្ញាធរកំពុងធ្វើការរៀបចំប្រែក្លាយវិថី Bui Vien នេះទៅជាវិថីសម្រាប់អ្នកថ្មើរជើងជាផ្លូវការ។
ផែនការនេះ បានធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្លាំង ដោយកន្លែងខ្លះឡើងជាង ៣០ភាគរយ និងកន្លែងខ្លះទៀតកើនឡើងដល់ជាង ១៣០ភាគរយ បើធៀបនឹងតម្លៃកាលពី ៧ខែមុន។
ចរន្តនេះក៏ស្រដៀងគ្នានឹងនៅផ្នែកខ្លះនៃទីក្រុងហាណូយដែរ។
អត្ថបទគួរអាន៖ ១៧ឆ្នាំចុងក្រោយនេះ ប្រទេសណាខ្លះវិនិយោគលើវិស័យសំណង់កម្ពុជាច្រើនជាងគេ?
នៅម្ដុំសង្កាត់ចាស់កណ្ដាលទីក្រុងហាណូយ ម្ដុំៗតំបន់ទេសចរណ៍ ការបើកឲ្យមានតំបន់ថ្មើរជើង នាំឲ្យតម្លៃដីធ្លីហក់ឡើងខ្លាំងផងដែរ គឺឡើងដល់ជាង ៣ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ។
គិតជាមធ្យម តម្លៃដីធ្លីនៅតាមតំបន់ទេសចរណ៍កណ្ដាលក្រុងហាណូយ ឡើងដល់ជាង ២ម៉ឺន ៣ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាពិសេស ប្លុកវិថីថ្មើរជើងសម្រាប់អ្នកទេសចរ៕
អ្នកគួរអាន៖ តួលេខសំខាន់ៗ អំពីការវិនិយោគលើវិស័យសំណង់កម្ពុជា ក្នុងរយៈពេលជិត ២០ឆ្នាំកន្លងមកនេះ!
