បច្ចុប្បន្ន សេដ្ឋកិច្ចប្រទេសក្បែរខាងកម្ពុជាមួយនេះ កំពុងជួបបញ្ហាខ្វះខាតប្រេងកាន់តែខ្លាំងគួរឲ្យកត់សម្គាល់ នៅគ្រាដែលបំណុលបរទេសក៏មានក្នុងកម្រិតហានិភ័យខ្ពស់គួរឲ្យព្រួយបារម្ភខ្លាំងណាស់ដែរ។
លោក ប៊ុនលាវ ស៊ិនសាយវ៉ូរ៉ាវង់ ទេសាភិបាលធនាគារកណ្ដាលឡាវ ដែលទើបចូលកាន់តំណែងថ្មី បាននិយាយទៅកាន់សមាជិកសភាថា ប្រភពនៃរូបិយបណ្ណបរទេសមានការថយចុះគួរឲ្យកត់សម្គាល់ ដោយបរិមាណរូបិយបណ្ណបរទេសនៅក្នុងប្រទេសឡាវ គឺមិនអាចបំពេញតាមតម្រូវការបាននោះទេ។
ទន្ទឹមនឹងនេះ ការគ្រប់គ្រងមិនត្រឹមត្រូវនៃរូបិយបណ្ណបរទេសបានរីករាលដាលកាន់តែខ្លាំងឡើងដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ដែលជាហេតុធ្វើឱ្យបាត់បរិមាណរូបិយបណ្ណបរទេសជាច្រើន ឬក៏មិនបានចូលទៅក្នុងប្រព័ន្ធធនាគារកណ្ដាលរបស់ប្រទេសឡាវ។
ទេសាភិបាលធនាគារកណ្ដាលឡាវថ្មី បាននិយាយថា នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ការនាំចេញសរុបរបស់ប្រទេសឡាវមានប្រមាណជាង ២៦ ពាន់លានដុល្លារអាមេរិក ប៉ុន្តែបរិមាណរូបិយបណ្ណបរទេសដែលទទួលបានតាមរយៈប្រព័ន្ធធនាគារមានត្រឹមតែជាង ៥ពាន់៧រយលានដុល្លារអាមេរិកតែប៉ុណ្ណោះ។
ទេសាភិបាលថ្មីរូបនេះបានប្រាប់សភាជាតិថា ចាប់ពីដើមឆ្នាំ២០២១ ដល់ត្រីមាសទីមួយឆ្នាំ២០២២នេះ ប្រទេសឡាវគួរតែទទួលបានរូបិយបណ្ណជិត ១០ពាន់លានដុល្លារអាមេរិក ប៉ុន្តែធាតុពិតជាក់ស្ដែងមានតែ ៣២%ប៉ុណ្ណោះនៃទឹកប្រាក់ទាំងនេះ ដែលបានចូលក្នុងប្រព័ន្ធធនាគារនៃប្រទេសឡាវ។
ការនាំចេញរ៉ែ គួរតែទទួលបានច្រើនជាង ២ ពាន់លានដុល្លារ ប៉ុន្តែជាក់ស្ដែង មានតែជាង ១ពាន់៣រយលានដុល្លារប៉ុណ្ណោះ ដែលបានចូលក្នុងប្រព័ន្ធធនាគារឡាវនេះ។ នេះបើតាមទេសាភិបាលធនាគារកណ្តាលឡាវថ្មីទើបចូលកាន់តំណែង។
ដោយឡែក ការនាំចេញអគ្គិសនីដែលមានទឹកប្រាក់ចំនួនជិត ២ពាន់៦រយលានដុល្លារ គួរតែហូរចូលទៅក្នុងប្រព័ន្ធធនាគារកណ្ដាលឡាវ ប៉ុន្តែផ្ទុយទៅវិញគឺមានទឹកប្រាក់តិចជាង ១ ពាន់លានដុល្លារ បានហូរចូលក្នុងប្រព័ន្ធធនាគារឡាវ។
ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗផ្សេងទៀត ដែលប៉ះពាល់ដល់ទុនបម្រុងរូបិយបណ្ណបរទេសដែរនោះ លោក ប៊ុន លាវ ទេសាភិបាលធនាគារកណ្ដាលឡាវថ្មីបាននិយាយថា ការគ្រប់គ្រងការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ត្រូវបានអនុវត្តតិចតួច និងគ្មាននិរន្តរភាពផងដែរ ខណៈដែលសមាមាត្របំណុលធៀបនឹងភាគហ៊ុនបានកើនឡើង។
មេធនាគារកណ្តាលឡាវថ្មី បានបន្ថែមថា បុគ្គលមួយចំនួនក៏បានប្រើប្រាស់រូបិយបណ្ណបរទេសដោយសេរី ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ព្រំដែន ខណៈដែលអ្នកផ្តល់សេវាប្តូរប្រាក់ដែលគ្មានអាជ្ញាបណ្ណក៏ជាបញ្ហាដ៏ធំមួយដែរ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ទុនបម្រុងអន្តរជាតិនេះ។ដោយឡែក បំណុលខាងក្រៅកំពុងកើនឡើងដោយការទូទាត់ជារូបិយបណ្ណបទេសបានជំរុញឱ្យទុនបម្រុងរូបិយប័ណ្ណបរទេសមានកម្រិតរបស់ប្រទេសនេះ ប៉ះពាល់ដល់និរន្តរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ។
យោងតាមធនាគារពិភពលោក គិតត្រឹមខែធ្នូឆ្នាំ២០២១ ប្រទេសឡាវមានទុនបំរុងចំនួន ១ពាន់៣រយលានដុល្លារនៅក្នុងដៃ ខណៈដែលការសងបំណុលខាងក្រៅវិញ ឡាវត្រូវសងបំណុលដែលមានចំនួនស្មើនឹងពាក់កណ្តាលនៃចំណូលក្នុងស្រុកសរុប នៅរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៥ឯណោះ ហើយវាគឺជាបន្ទុកបំណុលដ៏ធំមួយសម្រាប់ប្រទេសមួយនេះផងដែរ៕
អត្ថបទ៖ សុខ ជា