កំណើននាំចេញថាមពលអគ្គិសនីរបស់ប្រទេសឡាវនេះ គឺធ្វើឡើងស្របពេលដែលប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន កំពុងខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ ហើយប្រទេសខ្លះក៏គ្រោងនឹងដំឡើងថ្លៃអគ្គិសនីថែមទៀតផង។
ឧបនាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone បានថ្លែងក្នុងកិច្ចប្រជុំសភាមួយ កាលពីសប្តាហ៍មុនថា ក្នុងឆ្នាំ២០២២នេះ ឡាវបាននាំចេញថាមពលអគ្គិសនីក្នុងទំហំទឹកប្រាក់ជិត ១ពាន់៨រយលានដុល្លារកើន៧,៥%។ ប៉ុន្តែការនាំចូលថាមពលអគ្គិសនីរបស់ប្រទេសមួយនេះ គឺមានទំហំទឹកប្រាក់តែ ១៥លានដុល្លារតែប៉ុណ្ណោះធ្លាក់ចុះដល់ទៅជាង ៧២%។ តើប្រទេសណាខ្លះដែលទិញអគ្គិសនីពីប្រទេសឡាវ? មែនទែនទៅ ប្រទេសដែលទិញអគ្គិសនីច្រើនពីឡាវ គឺភាគច្រើនជាប្រទេសជិតក្បែរខាងរួមមានដូចជា កម្ពុជា ចិន ថៃ វៀតណាម និងសិង្ហបុរីផងដែរ។
រដ្ឋាភិបាលឡាវ បានកំណត់គោលដៅផលិតថាមពលអគ្គិសនីគិតជាទឹកប្រាក់ឱ្យបានយ៉ាងហោចណាស់ជាង ២,៤ពាន់លានដុល្លារនៅឆ្នាំ២០២៣ កើនឡើងជិត ៧២% នៃឆ្នាំនេះ។
លោក Khamjane Vongphosy រដ្ឋមន្រ្តីផែនការ និងវិនិយោគនៃប្រទេសឡាវ បាននិយាយថា រដ្ឋាភិបាលបានគ្រប់គ្រងតម្លៃអគ្គិសនីក្នុងប្រទេស ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុកផងដែរ។
លោកបន្តថា ឡាវក៏នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដូចជាប្រទេសចិន ដើម្បីផ្លាស់ប្តូរថាមពលតាមរយៈអនុស្ថានីយអគ្គិសនី ដែលនឹងជួយដោះស្រាយកង្វះខាតថាមពលក្នុងអំឡុងរដូវប្រាំង ហើយនឹងអាចផ្ទុកថាមពលបន្ថែមពេលរដូវវស្សា។
បើតាមក្រសួងថាមពល និងរ៉ែនៃប្រទេសឡាវ បានឱ្យដឹងថា នៅអំឡុងឆ្នាំ ២០២១-២០២៥ ប្រទេសនេះគ្រោងនឹងផលិតអគ្គិសនី ១ពាន់ ៨រយមេហ្គាវ៉ាត់ ក្នុងនោះ ៥៧% បានមកពីវារីអគ្គិសនី, ១៩% បានមកពីដុតធ្យូងថ្ម និង ២៤% មកពីថាមពលសូឡា។ លើសពីនេះ ត្រឹមឆ្នាំ២០៣០ ឡាវចង់បង្កើនចំនួនថាមពលអគ្គិសនីដល់ទៅជាង ៥ពាន់ ៥រយមេហ្គាវ៉ាត់ ដែលភាគច្រើន គឺបានមកពីវារីអគ្គិសនី។
សូមជម្រាបថា ឡាវមានរោងចក្រថាមពលប្រមាណ ៩០កន្លែងនៅទូទាំងប្រទេស ដែលអាចផលិតអគ្គិសនីបាន ១ម៉ឺន ១ពាន់មេហ្គាវ៉ាត់។ ក្នុងនោះ វារីអគ្គិសនី ៧៧កន្លែង, សូឡា ៨កន្លែង, រោងចក្រជីវម៉ាស ៤កន្លែង និងរោងចក្រធ្យូងថ្ម ១កន្លែង។
ខណៈដែលប្រទេសឡាវមានកំណើននៃការនាំចេញ ប៉ុន្តែប្រទេសក្បែរខាងដូចជា ថៃ និងវៀតណាម បានប្រឈមមុខនឹងវិបត្តិថាមពលអគ្គិសនី ដោយសារការកើនឡើងតម្លៃប្រេង ហើយគ្រោងនឹងដំឡើងថ្លៃប្រើប្រាស់ទៀតផង។ សិង្ហបុរីឯណោះវិញ ក៏កំពុងបញ្ជាទិញថាមពលអគ្គិសនីកាន់តែច្រើនពីប្រទេសក្នុងតំបន់អាស៊ាន រួមទាំងឡាវផងដែរ។ ដោយឡែកសម្រាប់កម្ពុជា ថ្វីត្បិតមានបញ្ហាប្រឈមដូចគ្នានេះក៏ដោយ ប៉ុន្ដែប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលសម្តេច តេជោ ហ៊ុន សែន បានអះអាងថាកម្ពុជានឹងមិនដំឡើងថ្លៃប្រើប្រាស់អគ្គិសនីនោះទេ៕