អតិផរណានៅប្រទេសឡាវ

អតិផរណាប្រទេសឡាវកើនឡើងដល់ជាង៤០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២៣ឆ្នាំចុងក្រោយ


រដ្ឋាភិបាលទីក្រុងវៀងចន្ទន៍ បានប្រកាសក្នុងសប្តាហ៍នេះថា អតិផរណានៅក្នុងប្រទេសឡាវនៅតែបន្តនិន្នាការកើនឡើងគួរឱ្យព្រួយបារម្ភ ដោយបានឈានដល់ ៤០,៣%ក្នុងខែមករា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះដែលជាតួលេខអតិរផណាខ្ពស់បំផុតមិនធ្លាប់មានឡើយសម្រាប់ប្រទេសឡាវ បើគិតចាប់តាំងពីឆ្នាំ២០០០មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អតិផរណាប្រទេសឡាវបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២៣ឆ្នាំ
ដោយ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យស្ថិតិឡាវ កត្តារចម្បងៗដែលបណ្ដាលឲ្យអតិផរណាក្នុងប្រទេសនេះកើនឡើងគឺ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន តម្លៃទំនិញនាំចូលឡើងថ្លៃ រួមផ្សំនឹងដោយការធ្លាក់ចុះនៃប្រាក់គីបរបស់ឡាវផងដែរ។

របាយការណ៍ដដែលបានបង្ហាញថា តម្លៃនៃការដឹកជញ្ជូនក៏ជាចំណែកដែលបណ្ដាលឲ្យអតិផរណាកើនឡើងដូចគ្នា ពោលគឺតម្លៃដឹកជញ្ជូនបានកើនឡើងក្នុងរង្វង់៥០% ដែលបានជះឥទ្ធិពលដល់ផ្នែកផ្សេងទៀតនៃលំហូរសេដ្ឋកិច្ចក្នុងប្រទេស។ ដោយឡែក តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើងក្នុងរង្វង់ជាង ៤៧% ខណៈដែលតម្លៃនៃការថែទាំសុខភាព និងថ្នាំសង្កូវកើនឡើងជាង ៤២%។

គួរជម្រាបថា អតិផរណាប្រទេសឡាវបានចាប់កើនឡើងនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត COVID-19 បូករួមនឹងការកើនឡើងនៃតម្លៃប្រេង និងការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណឡាវ ដែលបានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងរូបិយបណ្ណ ថៃ វៀតណាម និងចិន ដែលជាមូលហេតុនៃការកើនឡើងនៃតម្លៃនៃការនាំចូលពីដៃគូពាណិជ្ជកម្មសំខាន់ៗទាំងបីប្រទេសនេះ។

យោងតាមរបាយការណ៍របស់វិទ្យុអាស៊ីសេរីជាភាសាអង់គ្លេស បានបង្ហាញថា សូម្បីតែបុគ្គលិករដ្ឋដែលមានជីវភាពធូរធារ ក៏រងផលប៉ះទង្គិចពីវិបត្តិអតិផរណានេះដែរ។ ជាក់ស្ដែង ក្រសួងការងារ និងសុខុមាលភាពសង្គមប្រទេសឡាវបានរាយការណ៍កាលពីចុងឆ្នាំ២០២២ថា មនុស្សប្រហែល ៥០ម៉ឺននាក់ ឬប្រហែល ២១% នៃកម្លាំងពលកម្មរបស់ប្រទេសទាំងមូល កំពុងជួបបញ្ហាគ្មានការងារធ្វើដោយសារតែវិបត្តសេដ្ឋកិច្ច។

សូមជម្រាបថា តួលេខអតិផរណាដែលគួរឱ្យព្រួយបារម្ភនេះ គឺជាការចង្អុលបង្ហាញចុងក្រោយបំផុត បន្ទាប់ពីប្រទេសនេះរងនូវព្យុះសេដ្ឋកិច្ចដោយសារគំនាបបំណុលយ៉ាងច្រើននាពេលកន្លងមក។ សរុបមក អតិផរណាជាមធ្យមរបស់ប្រទេសឡាវស្ថិតក្នុងរង្វង់ ២៣% សម្រាប់ឆ្នាំ២០២២ កើនឡើងពី ៣,៨%កាលពីឆ្នាំ២០២១ ដែលនេះជាអត្រាខ្ពស់បំផុតក្នុងចំណោមរដ្ឋសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ទោះជាយ៉ាងណាក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជឿថាតួលេខនេះនឹងធ្លាក់ចុះដល់ ១០% នៅឆ្នាំ ២០២៣នេះ ខណៈរដ្ឋាភិបាលទីក្រុងវៀងចន្ទន៍រំពឹងថា នឹងអាចទម្លាក់តួលេខនេះឲ្យដល់ក្រោម ៩% ប៉ុន្តែវានៅតែជាសម្ពាធសម្រាប់នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសឡាវ គឺលោក Sonexay Siphandone ដែលទើបតែចូលកាន់តំណែងនៅដើមខែមករាកន្លងមកនេះ។

សូមជម្រាបថា កាលពីពេលឡើងកាន់ដំណែង លោក Sonexay បានសន្យាថានឹងលើកកំពស់ស្មារតីបដិវត្តន៍របស់ប្រទេសឲ្យដល់កម្រិតខ្ពស់បំផុត។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលរបស់លោកបានចាត់វិធានការបន្ថែមមួយចំនួន ដើម្បីឲ្យអតិផរណាស្ថិតក្រោមការគ្រប់គ្រងបាន។ ជាក់ស្ដែង លោកបានបញ្ជាឱ្យអាជីវករបិទហាងប្តូរប្រាក់ទាំងអស់ និងហាមឃាត់ការនាំចូលសាច់ និងផលិតផលកសិកម្មណា ដែលមានស្រាប់នៅក្នុងស្រុក។ ប៉ុន្តែការធ្វើបែបនេះ បានបង្កើនបន្ទុកបំណុលរបស់ប្រទេសទៅវិញ៕

អត្ថបទ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ប្រធានាធិបតីអ៊ុយក្រែនទស្សនកិច្ចប្រទេសធំៗនៅអឺរ៉ុប ស្វែងរកជំនួយយោធាបន្ថែមពិសេសចង់បានយន្តហោះចម្បាំង

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធបានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ចក្រភពអង់គ្លេស និងបារាំងដោយជំរុញឱ្យប្រទេសទាំងពី…

អាមេរិកថា «បាឡុងចារកម្មចិន» ជាបញ្ហាសកល និងប្រាប់ឲ្យពិភពលោកប្រុងប្រយ័ត្ន ខណៈអង្គការណាតូបង្ហាញក្តីបារម្ភដែរ

សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធទី៨កុម្ភៈថា បាឡុងរបស់ចិនគឺមិនមែនត្រឹមជាបាឡុងធម្មតានោះ តែបាឡុងនេះជាផ្នែកមួយរបស់កងទ័ពជើងអាកាសរបស់ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ