សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ ២០២០ ថា បច្ចុប្បន្ន កម្ពុជាបានធ្វើការអភិវឌ្ឍព្រលានយន្តហោះចំនួន៣ ទីកន្លែងផ្សេងៗគ្នា ក្នុងពេលតែមួយ មានព្រលានយន្តហោះភ្នំពេញថ្មី ព្រលានយន្តហោះសៀមរាប និងចុងក្រោយ គឺព្រលានយន្តហោះកងកេងក្នុងខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ នឹងមានការអភិវឌ្ឍបន្តបន្ទាប់ទៀត គឺព្រលានយន្តហោះបាត់ដំបង និង រតនៈគិរី ជាដើម។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា បើទោះបីជាមានព្រលានយន្តហោះភ្នំពេញថ្មីក៏ដោយ ក៏ព្រលានយន្តហោះភ្នំពេញចាស់មិនត្រូវបានលុបចោលនោះទេ ពោលគឺនៅតែរក្សាទុកឲ្យដំណើរការដដែល ដោយគ្រាន់តែផ្លាស់ប្តូរមុខងារប្រើប្រាស់ប៉ុណ្ណោះ ឲ្យក្លាយជាព្រលានយោធា និងការបម្រើឲ្យការហោះហើរផ្ទៃក្នុងដោយហោះពីភ្នំពេញទៅសៀមរាប និងហោះពីភ្នំពេញទៅខេត្តព្រះសីហនុ និងភ្ជាប់ទៅព្រលានយន្តហោះផ្សេងៗទៀតកាន់តែច្រើន និងបន្តបន្ទាប់ទៀត ភ្ជាប់ទៅបាត់ដំបង និងរតនគិរី ចំណែកមុខងារទី៣ គឺបម្រើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងមុខងារចុងក្រោយបម្រើឲ្យយន្តហោះឯកជនជួលទីតាំង។
សម្តេចប្រមុខរដ្ឋាភិបាលបានអះអាងបន្តថា ព្រលានយន្តហោះដែលកំពុងតែអភិវឌ្ឍន៍នេះត្រូវតែធ្វើការអភិវឌ្ឍន៍ទៅតាមផែនការ និងឆ្លើយតបតាមពេលវេលាដែលបានកំណត់។ សម្តេចថា ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះមិនបញ្ហាហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ឡើយ ហើយមកដល់ថ្ងៃនេះក៏មិនមានក្រុហ៊ុនអភិវឌ្ឍណាមួយនៅក្នុងប្រទេសកម្ពុជាប្រកាសក្ស័យធន់នោះដែរ។
សម្តេចតេជោក៏បានបញ្ជាក់ពីវិសាលភាពគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី ក្នុងការដាក់ឲ្យដំណើរការដំណាក់កាលទី១ នៅឆ្នាំ២០២៣ នឹងមានសមត្ថភាពទទួលអ្នកដំណើរបាន ១៣លាននាក់ និងបន្តទៅឆ្នាំ២០៣០ មានសមត្ថភាពទទួលអ្នកដំណើរ ៣០លាននាក់។ ហើយក៏ជាព្រលានយន្តហោះមួយដែលមិនគ្រាន់តែផ្លូវហោះចុះតែមួយទេ ពោលគឺនឹងឈានទៅដល់ផ្លូវហោះរហូត២ខ្សែរ ដែលនេះជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍប្រទេស។
ជាមួយនឹងការអភិវឌ្ឍព្រលានយន្តហោះទាំងនេះ សម្តេចបន្តលើកទឹកចិត្តឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ ក៏ដូចជា អាជ្ញាធរដែលពាក់ព័ន្ធត្រូវខិតខំសហការគ្នាដោះស្រាយបញ្ហាដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍព្រលានយន្តហោះថ្មីនេះសម្រេចតាមការគ្រោងទុក៕