ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា សកម្មភាពនៃការនាំចូលសត្វរស់ខុសច្បាប់ នៅតែមានជាបន្តបន្ទាប់ បើទោះបីកន្លងមកអគ្គនាយកដ្ឋាន បានធ្វើកិច្ចការច្រើនយ៉ាងណាក៏ដោយ។ បើតាមឯកឧត្តម តាន់ ផាន់ណារ៉ា រយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ក្រាបបទល្មើសលើចលនាសត្វ និងផលិតផលសត្វ រហូតចំនួន ៤៦ករណី ខណៈកាលពីឆ្នាំ២០២០ បទល្មើសការនាំចូលសត្វខុសច្បាប់មានតែ ៣១ករណី ប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់កសិកម្មរូបនេះ ក៏បានបង្ហាញពីការខកចិត្ត ចំពោះសកម្មភាពខុសច្បាប់ ដែលនៅតែកើតមានឡើងជាបន្តបន្ទាប់ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា ដែលប្រកបរបរចិញ្ចឹមសត្វ។ ឯកឧត្តម ផាន់ណារ៉ា បានសង្កត់ធ្ងន់ទៀតថា ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានខំប្រឹងអស់ពីសមត្ថភាពហើយចំពោះការបង្ក្រាបបទល្មើសនេះ។ ដូច្នេះ ដើម្បីឱ្យកិច្ចការនេះ ទទួលបានភាពជោគជ័យ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអំពាវនាវឱ្យមន្ត្រីតាមច្រកព្រំដែន បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារនេះ។
ឆ្លើយតប ការលើកឡើងរបស់ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបានលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ ទទួលស្គាល់ថា សកម្មភាពនៃការនាំចូលសត្វខុសច្បាប់នៅតែបន្តកើតមានពិតមែន ដែលទាមទារឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាដោះស្រាយលើកិច្ចការនេះ។ បើតាមប្រធានការិយាល័យរូបនេះ ថ្វីដ្បិត ការនាំចូលសត្វខុសច្បាប់បន្តកើតមាន ជាបន្តបន្ទាប់ តែលោកក៏សង្កេតឃើញថា នារយៈពេលចុងក្រោយ សកម្មភាពនេះហាក់មានការថយចុះដែរ ដោយសារការដាក់ចេញនូវវិធានការរឹតត្បិតបន្ថែម របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
សូមបញ្ជាក់ថា ក្នុងចំណោមករណីបទល្មើសដែល អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបបាន ទាំ៤៦ករណី នៅ៨ខែឆ្នាំនេះ មានភាគច្រើនជាការការបង្ក្រាបលើបទល្មើសដឹកជញ្ជូនសត្វមាន់រស់ និងសត្វជ្រូករស់៕