វិស័យកសិកម្ម

ក្រុមហ៊ុនក្នុងស្រុកកំពុងប្រមូលទិញល្ពៅជាង ២០០តោន ពីកសិករក្នុងខេត្តព្រះវិហារ ជំនួសឱ្យការនាំចេញទៅថៃ


ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយនឹងរដ្ឋបាលខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកទីផ្សារសម្រាប់ ផ្លែល្ពៅរបស់ប្រជាកសិករ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីអាចលក់ចែកចាយចូលក្នុងទីផ្សារក្នុងស្រុក តាមរយៈផ្សារទំនើបតូចធំជាច្រើន ជំនួសឱ្យការនាំចេញទៅកាន់ទីផ្សារប្រទេសថៃ។
វិស័យកសិកម្ម
ដោយ

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានអះអាងថា តាមរយៈយន្តការបង្វែរទីផ្សារនេះ ជាគោលដៅ ល្ពៅសរុបចំនួន ២៧២តោន នឹងត្រូវប្រមូលទិញពីកសិករក្នុងខេត្តព្រះវិហារ ក្នុងនោះ ១៣៥តោននឹងប្រមូលទិញសម្រាប់ផ្គត់ផ្គង់ជូនឱ្យកងទ័ព ដែលកំពុងឈរជើងការពារនៅតំបន់ព្រំដែន។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ដើម្បីជាការឆ្លើយតបចំពោះការកកស្ទះល្ពៅ ដែលមិនអាចនាំចេញទៅកាន់ទីផ្សារប្រទេសថៃ កាលពីកន្លងទៅ នឹងជាការឆ្លើយតបសម្រាប់ការបិទការនាំចូលបន្លែផ្លែឈើជាមួយភាគីថៃទាំងស្រុងផងនោះ ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញយន្តការបង្វែរទិញ សំដៅធ្វើយ៉ាងណាឱ្យដំណាំល្ពៅនេះត្រូវបានទីផ្សារក្នុងស្រុកស្រូបទាញយក ជំនួសទីផ្សារនាំចេញ។ ក្រោយយន្តការបង្វែរទីផ្សារនេះដែរ ក្រសួងបានសហការជាមួយផ្សារទំនើបធំៗដូចជា ផ្សារទំនើបជីបម៉ុង អ៊ីអ៊ន ម៉ាក្រូ ផ្សារចម្ការ ផ្សារប៊ីកស៊ី និងផ្សារតូចធំផ្សេងទៀត ដើម្បីឱ្យជួយប្រមូលទិញល្ពៅពីកសិករ។

បើតាមឯកត្តម បែន សុវិជាតិ សម្រាប់យន្តការខាងលើនេះគ្រាន់តែជាយន្តការរយៈពេលខ្លី ខណៈក្រសួងពាណិជ្ជកម្មកំពុងរៀបចំផែនការរយៈពេលវែងបន្ថែមទៀត ពាក់ព័ន្ធនឹងការស្រូបយកទីផ្សារចំពោះផលិតកម្មបន្លែផ្លែឈើដែលដាំក្នុងស្រុក ក្នុងគោលដៅជំនួសបន្តិចម្ដងៗ ពីទីផ្សារក្នុងប្រទេសថៃ។

កសិករដាំល្ពៅនៅក្នុងខេត្តព្រះវិហារ លោក ជួន ណេត បានលើកឡើងថា ល្ពៅ ដែលក្រុមហ៊ុនផ្សារទំនើបចុះទិញពីចម្ការរបស់លោក មានតម្លៃ ១៨០រៀលមួយគីឡូក្រាម ខណៈលក់ឱ្យឈ្មួញមានតម្លៃ ១២០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្ដែ តម្លៃហាក់នៅទាប បើធៀបនឹងតម្លៃ ដែលលោកធ្លាប់បានកាលពីឆ្នាំមុន ទៅឱ្យឈ្មួញនាំចេញទៅថៃ។

សូមបញ្ជាក់ថា ក្រោយមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅមួយរយៈចុងក្រោយនេះ ការដោះដូរពាណិជ្ជកម្ម ពិសេសផលិតផលកសិកម្ម ត្រូវបានជួបបញ្ហារាំងស្ទះ ខណៈដែលប្រទេសទាំងពីរមានការរិតត្បិតនៅតាមច្រកព្រំដែន។ ពិសេស នៅចុងក្រោយនេះ កម្ពុជាបានសម្រេចហាមឃាត់ការនាំចូលទំនិញបន្លែផ្លែឈើ ពីប្រទេសថៃទាំងតាមច្រកព្រំដែនទាំងអស់ផងដែរ ខណៈភាគីថៃ ក៏បានបិទច្រកព្រំដែនឯកតោភាគីផងដែរ។

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ

(រាជធានីភ្នំពេញ)៖ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រកោះពេជ្រ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ