តុលាការពាណិជ្ជកម្មអាម៉េរិក

តុលាការពាណិជ្ជកម្មអាម៉េរិកបើកសាវនាការជំនុំជម្រះលើបណ្តឹងប្រឆាំងពន្ធគយលោក ត្រាំ ដែលដាក់លើប្រទេស៦០ ក្រោមលេសប្រើកម្លាំងពលកម្មដោយបង្ខំ


តុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាម៉េរិកបានចាប់ផ្តើមបើកសាវនាការជំនុំជម្រះក្តៅគគុកមួយ បន្ទាប់ពីក្រុមអាជីវករអាម៉េរិក និងរដ្ឋចំនួន២៥ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានរួមដៃគ្នាដាក់ពាក្យបណ្តឹងប្រឆាំងនឹងយុទ្ធនាការដំឡើងពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានវាយប្រហារលើទំនិញនាំចូលពីប្រទេសចំនួន៦០ ក្រោមលេសពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា សាវនាការដែលមានការចូលរួមពិនិត្យសម្រេចពីក្រុមចៅក្រម៣រូបបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី៣០ ខែកញ្ញា។
តុលាការពាណិជ្ជកម្មអាម៉េរិក
ដោយ

កាលពីថ្ងៃទី៣០ ខែកញ្ញា តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិកបានបើកសាវនាការដេញដោលយ៉ាងហ្មត់ចត់ ដើម្បីពិនិត្យមើលមូលដ្ឋានផ្លូវច្បាប់ និងអង្គហេតុជុំវិញការដាក់ពន្ធគយជាសកលថ្មីៗរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ វិធានការពន្ធគយនេះត្រូវបានអនុវត្តលើទំនិញនាំចូលស្ទើរតែទាំងអស់ ក្រោមហេតុផលចោទប្រកាន់ថា ដៃគូពាណិជ្ជកម្មទាំងនោះមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាពលកម្មដោយបង្ខំ។
ក្រុមចៅក្រមចំនួន៣រូប ដែលក្នុងនោះម្នាក់ត្រូវបានតែងតាំងដោយលោក ត្រាំ ផ្ទាល់ បានស្តាប់ការតតាំងក្តីយ៉ាងស្ងប់ស្ងាត និងយកចិត្តទុកដាក់បំផុត។ ដើមបណ្តឹងបានអះអាងថា ពន្ធគយថ្មីនេះ គឺជាការប៉ុនប៉ងទាញយកអំណាចដាក់ពន្ធដោយគ្មានការត្រួតពិនិត្យមកវិញ បន្ទាប់ពីអំណាចនេះត្រូវបានតុលាការកំពូលលុបចោលកាលពីខែកុម្ភៈ កន្លងទៅ។
យោងតាមបណ្តឹងរបស់ក្រុមអាជីវករ និងរដ្ឋចំនួន២៥ ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ គំនាបពន្ធគយ ដែលអនុវត្តលើទំនិញនាំចូលពីដៃគូពាណិជ្ជកម្មចំនួន៦០រួមមាន សហភាពអឺរ៉ុប ចិន និងសូម្បីតែប្រទេសតូចតាចដូចជាកម្ពុជា គឺជារឿងរំលោភបំពានលើសពីអំណាចរបស់ប្រធានាធិបតី។
លោក ប្រាទិក សាហ្វ (Pratik Shah) មេធាវីតំណាងឱ្យដើមបណ្តឹងបានជជែកដេញដោលនៅក្នុងតុលាការថា រដ្ឋបាលលោក ត្រាំ បានបកស្រាយ និងប្រើប្រាស់ខុសនូវច្បាប់ ដែលផ្តល់អំណាចដាក់ពន្ធគយ ដែលមានដែនកំណត់យ៉ាងតឹងរ៉ឹង។ មេធាវីរូបនេះបានសង្កត់ធ្ងន់ថា ដោយសារតែការប្រញាប់ប្រញាល់ជ្រុល រដ្ឋបាលលោក ត្រាំ បានមើលរំលង និងរំលងចោលនីតិវិធីផ្លូវច្បាប់ ដែលតម្រូវឱ្យមានការវាយតម្លៃជាក់លាក់ និងដាច់ដោយឡែកសម្រាប់ប្រទេសនីមួយៗ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃពន្ធគយទាំងនោះ។
អ្នកជំនាញច្បាប់រូបនេះបានប្រៀបធៀបថា កាលពីអាណត្តិទី១របស់លោក ត្រាំ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានរៀបចំរបាយការណ៍សិក្សាយ៉ាងលម្អិតសម្រាប់ប្រទេសនីមួយៗ និងបានដាក់ពន្ធគយទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។ ប៉ុន្តែលើកនេះ ប្រសិនបើរដ្ឋបាលប្រញាប់ប្រញាល់អនុវត្តច្បាប់ក្នុងទ្រង់ទ្រាយធំគ្របដណ្តប់លើពិភពលោកទាំងមូល រដ្ឋបាលដាច់ខាតត្រូវតែបំពេញឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ និងតម្រូវការដែលច្បាប់បានកំណត់ជាមុនសិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទឹកជំនន់នៅថៃសម្លាប់មនុស្ស៤០នាក់ និងបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា ចំនួន៤កន្លែងបិទទា្វរផ្អាកដំណើរការ

មហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃមិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ ថែមទាំងបានវាយប្រហារយ៉ាងខ្លាំងលើវិស័យឧស្សាហកម្មយក្សទៀតផង។ កាលពីថ្ងៃ…

ធនាគារ ខេប៊ីប្រាសាក់ និង សភាពាណិជ្ជកម្មកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់ធុរកិច្ចកូរ៉េនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) បានចុះហត្ថលេខាលើអនុស្សរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ