មណ្ឌលហ្វឹកហ្វឺនទ័ពអាកាស

ចិន បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនទ័ពអាកាសថ្មីមួយនៅឡាវ លើទីតាំងចាស់របស់អាម៉េរិក


នៅក្នុងយុទ្ធសាស្ត្រពង្រីកសាច់ដុំយោធា ដើម្បីគ្របដណ្តប់ឥទ្ធិពលការពារជាតិ នៅទូទាំងពិភពលោក ចិន បានឈានមួយជំហានទៀតហើយ តាមរយៈការបើកសម្ពោធមជ្ឈមណ្ឌលទ្រទ្រង់ និងហ្វឹកហ្វឺនយោធាថ្មីមួយនៅលើទឹកដីនៃប្រទេសឡាវ ដែលជាប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទីតាំងយុទ្ធសាស្ត្រ ដែលចិន ទើបបើកថ្មីនេះ គឺជាអតីតមូលដ្ឋានប្រតិបត្តិការចាស់របស់កងទ័ពសហរដ្ឋអាម៉េរិក ក្នុងសម័យសង្គ្រាមស៊ីវិលឡាវ និងសង្គ្រាមវៀតណាម។
មណ្ឌលហ្វឹកហ្វឺនទ័ពអាកាស
ដោយ

សារព័ត៌មាន First Post បានរាយការណ៍ថា ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃទី២៩ ខែកញ្ញា ថា មជ្ឈមណ្ឌលទ្រទ្រង់ និងហ្វឹកហ្វឺនរួមចិន-ឡាវ ព្រមទាំងសាលាបណ្តុះបណ្តាលអាកាសចរណ៍មិត្តភាពចិន-ឡាវ បានចាប់ផ្តើមដំណើរការជាផ្លូវការហើយនៅឯព្រលានយន្តហោះ បាន កឿន ស្ថិតនៅចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីរដ្ឋធានីវៀងចន្ទន៍។ ភាគីចិន បានអះអាងថា មូលដ្ឋាននេះនឹងផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាព និងការហ្វឹកហ្វឺនអាកាសយានិកនៃកងទ័ពអាកាសឡាវ។
ទោះជាយ៉ាងណា ក្រសួងការពារជាតិចិន មិនបានទម្លាយព័ត៌មានលម្អិតអំពីចំនួនបុគ្គលិកយោធា គ្រឿងបរិក្ខារយុទ្ធភណ្ឌ ឬហេដ្ឋារចនាសម្ព័ន្ធបំពាក់នៅទីនោះឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទីតាំងយុទ្ធសាស្ត្រមួយនេះ ធ្លាប់ជាមូលដ្ឋានប្រតិបត្តិការរបស់កងទ័ពសហរដ្ឋអាម៉េរិក ក្នុងសម័យសង្គ្រាមស៊ីវិលឡាវ និងសង្គ្រាមវៀតណាម ដែលត្រូវបានបោះបង់ចោលបន្ទាប់ពីជម្លោះបានបញ្ចប់កាលពីឆ្នាំ១៩៧៥។
ភាគីចិន បានបញ្ជាក់ថា មជ្ឈមណ្ឌលទាំងពីរនេះនឹងត្រូវគ្រប់គ្រង និងប្រតិបត្តិការរួមគ្នាដោយកងទ័ពទាំងពីរចិន-ឡាវ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។ ទីក្រុងប៉េកាំង បានសង្កត់ធ្ងន់ថា ការបង្កើតមូលដ្ឋាននេះមិនមែនសំដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ ប៉ុន្តែគឺដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការលេចរូបរាងនៃមជ្ឈមណ្ឌលយោធាថ្មីនៅលើទឹកដីឡាវនេះ បានធ្វើឡើងបន្ទាប់ពីចិន បានផ្តល់ជំនួយជួយបង្កើតមជ្ឈមណ្ឌលគាំទ្រ និងហ្វឹកហ្វឺនរួមគ្នាមួយនៅមូលដ្ឋានទ័ពជើងទឹករាម នៅប្រទេសកម្ពុជា។ លើសពីនេះ ក្រុងប៉េកាំង ក៏មានមូលដ្ឋានផ្គត់ផ្គង់យោធានៅប្រទេស ជីប៊ូទី (Djibouti) ដែលជាមូលដ្ឋានយោធានៅបរទេសដំបូងគេបង្អស់ដែលចិន បានទទួលស្គាល់ជាផ្លូវការ។
ការវិវឌ្ឍថ្មីនៅក្នុងប្រទេសឡាវនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជារបត់យុទ្ធសាស្ត្រដ៏សំខាន់ ព្រោះវាជាការបោះបង្គោលយោធាមួយទៀតនៅលើដែនដីអាស៊ីអាគ្នេយ៍ដីគោក ដែលជាតំបន់ទីក្រុងប៉េកាំងកំពុងពង្រីកឥទ្ធិពលសេដ្ឋកិច្ច ការទូត និងសន្តិសុខយ៉ាងសកម្ម។
កិច្ចសហប្រតិបត្តិការយោធាកាន់តែស្អិតល្មួតរវាងចិន ជាមួយឡាវ និងកម្ពុជា បានកើតឡើងចំពេលដែលទីក្រុងប៉េកាំង កំពុងក្រសោបយកទំនាក់ទំនងការពារជាតិ នៅទូទាំងតំបន់។ ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពជើងទឹករាមវិញ មន្ត្រីកម្ពុជា និងចិន បានអះអាងស្របគ្នាថា ការអភិវឌ្ឍនេះធ្វើឡើងផ្អែកលើការពិភាក្សា និងយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាតែងតែបដិសេធដាច់ខាតថា គ្មានការដាក់ពង្រាយកងទ័ពចិន ជាអចិន្ត្រៃយ៍នៅលើទឹកដីកម្ពុជា ឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៣% នៅឆ្នាំនេះ តើអ្វីជាបញ្ហាប្រឈមធំៗ ហើយកម្ពុជា ត្រូវបន្ដដោះស្រាយបែបណា?

សេដ្ឋកិច្ចកម្ពុជា កំពុងប្រឈមសម្ពាធកាន់តែច្រើន ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា កំណើន​សេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ អាចធ្លាក់ចុះមក​ន…

អ្នកវិភាគ​​វាយតម្លៃថា អាម៉េរិក និងចិននឹងមិនបញ្ចប់សង្គ្រាមពាណិជ្ជកម្មនឹងគ្នាឡើយ

ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ ចេញទៅទទួលប្រធានាធិបតី ស៊ី ជីនពីង ដល់អាកាសយានដ្ឋាន និងដឹកដៃដើរទស្សនកិច្ចនៅសេតវិមាន ដែលមើលទៅហាក់មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ