យោងតាមការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៩ ខែកញ្ញា បានអនុម័តផែនការគ្រប់គ្រងបំណុលសាធារណៈសម្រាប់ឆ្នាំសារពើពន្ធ២០២៧ ហើយព្យាករថា បំណុលសាធារណៈរបស់ថៃ នឹងឈានដល់ប្រមាណ៦៨% នៃ GDP នៅចុងឆ្នាំសារពើពន្ធ២០២៦ ហើយកើនដល់ជាង៦៩% នៅឆ្នាំ២០២៧ មុននឹងឡើងដល់កម្រិតកំពូលនៅឆ្នាំ២០២៨។
ក្រុមមន្ត្រីថៃ បានបញ្ជាក់ថា អនុបាតបំណុលនឹងនៅតែស្ថិតក្រោមកម្រិតដែលច្បាប់កំណត់៧០% នៃ GDP ហើយត្រូវបានរំពឹងថា នឹងថយចុះបន្តិចម្តងៗ តាមផែនការសារពើពន្ធរយៈពេលមធ្យម។ ដោយសារទីផ្សារហិរញ្ញវត្ថុពិភពលោកនៅតែមានភាពប្រែប្រួល និងអត្រាការប្រាក់លើមូលបត្របំណុលរបស់អាម៉េរិកនៅតែខ្ពស់ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ មានគម្រោងពឹងផ្អែកកាន់តែច្រើនលើការខ្ចីប្រាក់រយៈពេលខ្លីដូចជាបណ្ណបំណុល និងកម្ចីរយៈពេលខ្លីជាដើម។ វាអាចជួយឱ្យថៃពន្យារការខ្ចីប្រាក់រយៈពេលវែង ដែលមានថ្លៃដើមខ្ពស់រហូតដល់លក្ខខណ្ឌទីផ្សារប្រសើរឡើង។
ការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ ក៏បានបញ្ជាក់ដែរថា រចនាសម្ព័ន្ធបំណុលសាធារណៈរបស់ថៃនៅតែអាចគ្រប់គ្រងបាន ដោយប្រមាណ៨៩% ជាបំណុលរយៈពេលវែង ខណៈថ្លៃដើមខ្ចីប្រាក់ជាមធ្យមរបស់រដ្ឋាភិបាលស្ថិតនៅអត្រាប្រមាណ២,៦%៕
ដោយ: តែម សុខុម