ក្រុមហ៊ុនចែកចាយរថយន្តល្បីៗសុទ្ធតែបានបោះទីតំាងលក់រថយន្តនៅកម្ពុជា។ មិនតែប៉ុណ្ណោះ រថយន្តម៉ាកល្បីៗនៅលើពិភពលោកក៏បានមកដល់ទីផ្សារប្រទេសកម្ពុជាអស់ហើយដែរ។
ការនាំចូលរថយន្តស៊េរីទំនើបៗ យ៉ាងគំហុកនេះ បានឆ្លើយតបទៅនឹងកំណើនប្រាក់ចំណូលប្រជាជនកម្ពុជា។ ទន្ទឹមនឹងការកើនឡើងនេះ ការលក់រថយន្តនៅកម្ពុជាបាននិងកំពុងប្រកួតប្រជែងគ្នាជាខ្លាំងនៅក្នុងទីផ្សារ។
លោក James Zemke អគ្គនាយកក្រុមហ៊ុន ស្តា អូតូ ខេមបូឌា លីមីតធីត ដែលនាំចូលផ្តាច់មុខរថយន្ត Mercedes បានលើកឡើងថា ទីផ្សារលក់រថយន្តថ្មីនិងប្រណីតក្នុងប្រទេសកម្ពុជានៅតូចចង្អៀតនៅឡើយ។ ក្រុមហ៊ុនចែកចាយរថយន្តនៅទីនេះកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។ ទីផ្សាររថយន្តជជុះ ប្រមាណ៩០ភាគរយ នៅតែប្រជែងខ្លាំងជាមួយរថយន្តថ្មី។
យ៉ាងណាក៏ដោយ លោក James មានការជឿជាក់ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។
លោករំពឹងទុកយ៉ាងមុតមាំថា ក្រុមហ៊ុននឹងលក់រថយន្តកើនឡើងចំនួនប្រមាណ ១០០គ្រឿងនៅក្នុងឆ្នាំ២០១៧នេះ។ ការរំពឹងទុកខ្ពស់នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានធ្វើការសម្ពោធអគារ Mercedes-Benz ថ្មី តម្លៃប្រមាណជិត១០លានដុល្លារដែលជាកន្លែងដាក់តាំង លក់ ផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្ត Mercedes ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនរបស់លោកបានលក់រថយន្ត Mercedes បានជិត២០គ្រឿង។ ក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុនបាននាំចូលនិងដាក់តាំងរថយន្តម៉ាក Mercedes ១៦ម៉ូដែលផ្សេងៗគ្នាចំនួនប្រមាណជិត១០០គ្រឿង។
យោងតាមរបាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ធ្លាប់បានបញ្ជាក់ថា កម្ពុជាមានការនាំចូលរថយន្តជជុះប្រមាណ ៤៥០០០គ្រឿងក្នុងមួយឆ្នាំ ដោយពិនិត្យឃើញថា ភាគច្រើនមានហានិភ័យខ្ពស់ខាងសុវត្ថិភាព។ ក្នុងនោះ ៨០% បានផ្លាស់ប្តូរទ្រនិចនាឡិកា និង ៤០% ជាប្រភេទរថយន្តបុកទង្គិចគ្នាធ្ងន់ធ្ងរ។
ដោយឡែក ការនាំចូលរថយន្តថ្មីៗគ្រប់ប្រភេទកាលពីឆ្នាំ២០១៥ ត្រូវបានសហព័ន្ធឧស្សាហកម្មដដែល បញ្ជាក់នៅក្នុងគេហទំព័ររបស់ខ្លួនថា មានចំនួនប្រមាណ ៤០០០គ្រឿង៕
រូបភាពក្នុងអត្ថបទនេះ ដកស្រង់ពីទំព័រហ្វេសប៊ុក Mercedes-Benz Cambodia