ពិភពលោកបច្ចុប្បន្នយកមនោគម និងនយោបាយដឹកមុខ ភ្លេចគិតពីសេដ្ឋកិច្ច និងជីវភាពប្រជាជន

ឯកឧត្តម វង្សី វិស្សុត៖ ពិភពលោកបច្ចុប្បន្នយកមនោគម និងនយោបាយដឹកមុខ ភ្លេចគិតពីសេដ្ឋកិច្ច និងជីវភាពប្រជាជន


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងយកនយោបាយនិងមនោគមវិជ្ជានាំមុខ ដោយភ្លេចគិតពីបញ្ហាសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះរបស់មន្ត្រីជាន់ក្រសួងសេដ្ឋកិច្ចចង់សំដៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់រាប់លាននាក់រងទុក្ខវេទនាដោយផ្ទាល់ និងប្រយោល និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបភាព៖ អគ្គនាយកដ្ឋានរតនាគារជាតិ

បញ្ហាសង្គ្រាមនេះបានជំរុញប្រទេសធំៗនៅលោកខាងលិចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ីតាមរយៈការផ្អាកធ្វើពាណិជ្ជកម្ម និងទិញថាមពល និងប្រេងឥន្ធនៈ ដែលបណ្តាលឲ្យតម្លៃទំនិញចាំបាច់មួយចំនួន ពិសេសថាមពល និងប្រេងឥន្ធនៈមានកើនឡើងខ្ពស់ ហើយបញ្ហានេះបានធ្វើឲ្យប្រទេសមួយចំនួនជួបវិបត្តិអតិផរណា។ ក្រៅពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗអាមេរិក និងចិន ក៏កំពុងដាក់បន្ទុកដល់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោកផងដែរ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងយកមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយដឹកមុខជាជាងគិតពីបញ្ហាសេដ្ឋកិច្ច និងជីវភាពពលរដ្ឋ ក្នុងគោលដៅតែមួយគត់គឺពង្រីកឥទ្ធិពលរបស់ខ្លួន។ ការថ្លែងបែបនេះធ្វើឡើងក្រោយ ឯកឧត្តម កត់សម្គាល់ឃើញថា បញ្ហាសង្គ្រាមនៅអ៊ុយក្រែនដែលបានអូសបន្លាយអស់រយៈជាង១ឆ្នាំមកនេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងទុក្ខលំបាកដោយបញ្ហាខ្វះស្បៀង ខ្វះថាមពលប្រើប្រាស់ ការកើនឡើងអតិផរណា ដែលជំរុញដោយការកើនឡើងតម្លៃថាមពល និងប្រេងឥន្ធនៈ ក្រោយប្រទេសនៅលោកខាងលិចដាក់ទណ្ឌកម្មដោយផ្អាកទិញថាមពល និងប្រេងឥន្ធនៈពីរុស្ស៊ី ដែលជាទីផ្សារផ្គត់ផ្គង់ដ៏ធំនៅលើពិភពលោក។

បញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ វាក៏បានធ្វើឲ្យមានជម្លោះភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មក្នុងរង្វង់ប្រទេសមហាអំណាចធំៗនៅលើពិភពលោកដូចជារុស្ស៊ី ចិន អាមេរិក និងអឺរ៉ុបជាដើម ហើយបញ្ហានេះបានធ្វើឲ្យមានការរំខានដល់ការធ្វើពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់សកល។ ភាពរកាំរកូសទាំងនេះកំពុងធ្វើឲ្យកម្ពុជានិងប្រទេសជាច្រើនទៀតបារម្ភថា ពិភពលោកអាចនឹងមានការបែងចែកនូវប្លុកផ្គត់ផ្គង់ធំៗពីរដោយម្ខាងមានសហរដ្ឋអាមេរិក និងម្ខាងមានចិន ដែលបញ្ហានេះអាចតម្រូវឲ្យប្រទេសនីមួយៗត្រូវជ្រើសរើសម្ខាងនៃប្លុកទាំងពីរ។ ពាក់ព័ន្ធបញ្ហានេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចធ្លាប់បានអះអាងថា កម្ពុជានឹងប្រកាន់ជំហរកណ្តាល ពោលគឺមិនចង់ជ្រើសរើសប្លុកណាមួយនោះទេ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម វង្សី វិស្សុត ធ្វើឡើងនាកិច្ចប្រជុំស្តីពី«កិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា»កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដោយផ្តោតលើការពិភាក្សាលើវិស័យអាទិភាពចំនួន៤រួមមាន ថាមពល កសិកម្ម ការអភិវឌ្ឍន៍ជំនាញ និងការអប់រំ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់រៀបចំសេចក្តីព្រាង«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ជាពិសេសដើម្បីវាយតម្លៃ និងកំណត់ទិសដៅជាយុទ្ធសាស្ត្រ និងវិធានការណ៍គោលនយោបាយសំដៅសម្រេចឲ្យបាននូវចក្ខុវិស័យក្នុងការក្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕




អត្ថបទបន្ទាប់


ហេតុអ្វីគួរវិនិយោគដាក់ប្រាក់បញ្ញើជាមួយធនាគារអេស៊ីលីដា?

ព័ត៌មាន
ការវិនិយោគដាក់ប្រាក់បញ្ញើនៅក្នុងធនាគារ គឺជាការវិនិយោគមួយបែបដែលមានសុវត្ថិភាព ដោយមិនបារម្ភខ្លាចបាត់បង់សាច់ប្រាក់ ឬខាតបង់ដូចការវិនិយោគ…

ចិនប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

ព័ត៌មាន
នាយកដ្ឋានមូលធនបរទេសនិងការវិនិយោគក្រៅប្រទេសនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទេសចិន បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ