រដ្ឋបាលមូលដ្ឋាននៃតំបន់ស្វយ័តម៉ាកាវ បានបញ្ជាក់ថា ម៉ាកាវ ដែលជាដែនដីឋានសួគ៌លោកីយ៍ ដែលសម្បូរដោយកាស៊ីណូ និងរីហ្សតធំៗលំដាប់អន្តរជាតិមួយនេះ ទាក់ទាញភ្ញៀវទេសចរបានជាង២៨លាននាក់ក្នុងឆ្នាំ២០២៣ ឬស្មើនឹង៧០% បើធៀបនឹងចំនួនភ្ញៀវទេសចរបរទេសដែលមកលេងដែនដីមួយនេះនៅក្នុងឆ្នាំ២០១៩ ជាពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឱ្យដឹងថា ជាមធ្យមដែនដីរដ្ឋបាលស្វយ័តដែលមានប្រជាជនប្រមាណ៦៨ម៉ឺននាក់ និងផ្ទៃដីជិត៣៣គីឡូម៉ែត្រការ៉េមួយនេះទាក់ទាញភ្ញៀវទេសចរបានប្រមាណជាង៧ម៉ឺន៧ពាន់នាក់ក្នុងមួយថ្ងៃ។ តាមសិ្ថតិបានបង្ហាញថា ភ្ញៀវទេសចរមកលេងដែនដីនេះភាគច្រើន គឺចិនដីគោក ហុងកុង ព្រមទាំងភ្ញៀវទេសចរបរទេសផងដែរ ដោយនៅក្នុងនោះចំនួនអ្នកទេសចរមកពីចិនដីគោក មានចំនួនជាង១៩លាននាក់ កើនឡើង២៧៣% បើធៀបនឹងឆ្នាំ២០២២ ឬ ស្មើនឹងជាង៦៧% នៃចំនួនភ្ញៀវទេសចរទាំងអស់។
ដោយឡែក ភ្ញៀវទេសចរមកពីហុងកុង គឺមានប្រហែល៧,២លាននាក់ ឬស្មើនឹង២៥% នៃភ្ញៀវទេសចរសរុប ហើយភ្ញៀវទេសចរបរទេស គឺមានត្រឹមតែប្រមាណជា១,៥លាននាក់ប៉ុណ្ណោះ ឬស្មើនឹងជាង៥%។ នៅឆ្នាំ២០២៤ នេះ ម៉ាកាវ រំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរសរុបបានចំនួន៣៣លាននាក់ ឬស្មើនឹង៨៤% បើធៀបនឹងចំនួនភ្ញៀវទេសចរមកលេងនៅដែនដីនេះក្នុងឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរសរុបដល់ទៅជាង៣៩លាននាក់៕
ដោយៈ សរ សុជាតិ