ប៉ុន្ដែ កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចលើកនេះ ខុសប្លែកពីលើកមុនដែលរដ្ឋាភិបាលក្នុងតំបន់អាស៊ានបានបញ្ចេញថវិកាដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩ ពោលគឺ ពេលនេះ រដ្ឋាភិបាលប្រើប្រាស់ថវិកាទាំងនេះ ដើម្បីជួយពលរដ្ឋឱ្យបន្តការរស់នៅសមរម្យ ក្នុងគ្រាដ៏លំបាកដែលសេដ្ឋកិច្ចក្នុងប្រទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល កំពុងពើបប្រទះនឹងអតិផរណា កើនឡើង ដែលបង្កឡើងមួយផ្នែកធំដោយសារសង្គ្រាមនៅអ៊ុយក្រែន។
បើនិយាយក្នុងក្របខណ្ឌទូទាំងតំបន់អាស៊ាន ពលរដ្ឋភាគច្រើនកំពុងតស៊ូ សម្រាប់ជីវភាពនិងដើម្បីបំពេញតម្រូវការប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន និងការរំខានក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ បានជំរុញឱ្យតម្លៃទំនិញប្រចាំថ្ងៃកើនឡើងជាលំដាប់។ ប៉ុន្តែ ជាមួយនឹងប្រទេសមួយចំនួនក្នុងតំបន់ ដែលត្រៀមរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ក្នុងរយៈពេលខាងមុខនេះ ក្រុមមន្ត្រីបានផ្តើមគិតគូរពីការបញ្ចេញសាច់ប្រាក់សម្រាប់ប្រជាជន សម្រាប់ទ្រទ្រង់ជីវភាព។
ជាក់ស្តែង ប្រទេសសិង្ហបុរីបានប្រកាសពីវិធានការជំរុញសេដ្ឋកិច្ចដែលមានតម្លៃសរុបជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ក្រុមគ្រួសារពលរដ្ឋសិង្ហបុរី និងអាជីវកម្មខ្នាតតូច។ សម្រាប់ពលរដ្ឋដែលរកបានប្រាក់៣ម៉ឺន៤ពាន់ដុល្លារ ឬតិចជាងនេះក្នុងមួយឆ្នាំ នឹងទទួលបានប្រាក់ជាង០០ដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងខែសីហា។ អ្នកបើកឡានតាក់ស៊ី និងក្រុមអ្នកដឹកជញ្ជូនទំនិញដែលកំពុងជួបបញ្ហាប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ នឹងទទួលបានការទឹកប្រាក់ចន្លោះពីជាង១០០ ទៅ ២០០ដុល្លារបន្ថែមផងដែរ។
ក្រុមគ្រួសារទាំងអស់នឹងទទួលបានប្រាក់ប្រមាណ៧០ដុល្លារទៀតផងដែរ សម្រាប់ការចំណាយទូទៅ។ លើសពីនេះ រដ្ឋាភិបាលសឹង្ហបុរីនឹងផ្តល់ការឧបត្ថម្ភធនហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនផលិតអាហារខ្នាតតូច និងមធ្យម និងអ្នកលក់រាយណា ដែលប្រើប្រាស់ឧបករណ៍សន្សំសំចៃប្រេង សម្រាប់ជាការលើកទឹកចិត្តផងដែរ។
ដោយឡែក នៅក្នុងប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រី អ៊ីស្មីល សាប្រ៊ី យ៉ាកុប(Ismail Sabri Yaakob) បាននិយាយថា គ្រួសារដែលមានប្រាក់ចំណូលធ្លាក់ចុះមកនៅក្រោម ៤០% ក៏នឹងទទួលបានការប្រាក់ឧបត្ថម្ភជិត ២៣ដុល្លារ ខណៈសម្រាប់បុគ្គលម្នាក់ៗវិញនឹងទទួលជាង១០ដុល្លារ។ កញ្ចប់ថវិកាសរុបរបស់រដ្ឋាភិបាលក្រុងកូឡាឡាំពួ នឹងមានចំនួនសរុប ជាង ១៤២លានដុល្លារអាមេរិក ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋដែលរងផលប៉ះពាល់ជាង ៨លាន៦សែននាក់។ បន្ថែមពីលើនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏ផ្អាកការដំឡើងថ្លៃអគ្គិសនី និងទឹកចាប់ពីខែមិថុនាតទៅផងដែរ។
នៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញ សាច់ប្រាក់កំពុងត្រូវបានផ្តល់ទៅកាន់គ្រួសារប្រហែល ២០លានគ្រួសារ និងអ្នកលក់ដូរអាហារតាមផ្លូវចំនួន ២លាន៥សែននាក់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងចម្អិនអាហារនៅក្នុងប្រទេសដាំដុះដូងប្រេងដ៏ធំបំផុតក្នុងពិភពលោកមួយនេះ។
សូមជម្រាបថា វិធានការទាំងអស់នេះធ្លាក់ចុះមក ចំពេលដែលអត្រាអតិផរណាកើនខ្ពស់ជាប្រវត្តិសាស្ត្រតែម្តងនៅតាមប្រទេសមួយចំនួន។ ជាក់ស្តែង តម្លៃទំនិញនិងថ្លៃប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងប្រទេសថៃបានកើនឡើងជិត៨% នៅក្នុងខែមិថុនា ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល១៤ឆ្នាំ។ តម្លៃទំនិញ និងថ្លៃប្រើប្រាស់នៅសិង្ហបុរីក្នុងខែឧសភាក៏បានកើនឡើងជិត ៦% ផងដែរ ដែលវាជាកំណើនលឿនបំផុតក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយ៕