ប្រទេសវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម ប្រាប់កុំឲ្យដំឡើងថ្លៃអគ្គិសនីខ្ពស់ខ្លាំងពេក ទោះរដ្ឋត្រូវប្រឈមនឹងការខាតបង់ច្រើនក្ដី


នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានប្រាប់ឲ្យក្រសួងពាក់ព័ន្ធ កុំឲ្យមានការដំឡើងថ្លៃអគ្គិសនីខ្ពស់ខ្លាំងពេក ព្រោះវាអាចនឹងប៉ះពាល់ដល់ជីវភាពប្រជាជន ខណៈអតិផរណាកំពុងតែមានទំនោរកើនឡើងស្រាប់ទៅហើយនោះ។ បើតាមនាយករដ្ឋមន្ត្រីវៀតណាម សំណើដំឡើងថ្លៃអគ្គិសនី ដោយអង្គភាពថាមពលជាតិ គួរតែត្រូវរក្សាក្នុងកម្រិតសមរម្យមួយ និងស្របទៅតាមចំណូលពិតរបស់ពលរដ្ឋវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម ប្រាប់កុំឲ្យដំឡើងថ្លៃអគ្គិសនីខ្ពស់ខ្លាំង

ការស្នើដំឡើងថ្លៃអគ្គិសនីនេះ គឺបន្ទាប់ពីភាពអង្គភាពអគ្គិសនីជាតិវៀតណាម បានលើកឡើងថា ខ្លួនបានខាតបង់ដល់ទៅប្រមាណ ១,៣ពាន់លានដុល្លារ កាលពីឆ្នាំមុន ដោយសារតែមិនបានដំឡើងថ្លៃអគ្គិសនី ស្របពេលតម្លៃថាមពលសកលបានហក់ឡើងយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានថ្លែងកាលពីពេលថ្មីៗនេះថា តម្លៃអគ្គិសនីនៅក្នុងប្រទេសវៀតណាម មិនអាចមានតម្លៃដូចទៅនឹងប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតនោះឡើយ ព្រោះប្រសិនបើតម្លៃខ្ពស់ពេក ប្រជាពលរដ្ឋ អាជីវកម្ម និងសេដ្ឋកិច្ច នឹងមិនអាចទ្រាំទ្របានឡើយ។ លោកបន្ថែមថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ត្រូវតែគ្រប់គ្រងតម្លៃអគ្គិសនី ដោយមិនត្រូវដំឡើងឆាប់រហ័សពេកនោះទេ ដើម្បីរក្សាអតិរផណាឲ្យស្ថិតនៅក្រោមកម្រិតគ្រប់គ្រងបាន និងដើម្បីធានាដល់ការពន្លឿនកំណើននៅក្នុងវិស័យផលិតកម្ម។

មែនទែនទៅ អង្គភាពអគ្គិសនីជាតិរបស់វៀតណាម ធ្លាប់បានស្នើឲ្យមានការដំឡើងថ្លៃអគ្គិសនីលក់រាយនៅក្នុងប្រទេស ដើម្បីទប់ទល់នឹងការខាតបង់ជាបន្ដបន្ទាប់ ខណៈដែលកាលពីឆ្នាំ២០២២ ដោយសារតែរក្សាតម្លៃអគ្គិសនីឲ្យនៅដដែល បានធ្វើឲ្យរដ្ឋត្រូវខាតបង់ថវិកាប្រមាណ ១ពាន់៣រយលានដុល្លារអាមេរិកឯណោះ។

តម្លៃលក់រាយអគ្គិសនីនៅវៀតណាម បច្ចុប្បន្នមានមានប្រមាណជាង ១ពាន់៨រយដុង ឬស្មើនឹងប្រមាណ ៣២៦ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយតម្លៃនេះ គឺមិនមានការប្រែប្រួលឡើយ គិតតាំងពីខែមីនា ឆ្នាំ២០១៩មក។

តម្លៃអគ្គិសនីនៅវៀតណាម គឺមានទាបជាង៥០% នៃតម្លៃអគ្គិសនីនៅហ្វីលីពីន ដែលជាប្រទេសមានតម្លៃអគ្គិសនីខ្ពស់ជាងគេធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អគ្គិសនីវៀតណាម ក៏មានតម្លៃថោកជាងឥណ្ឌូនេស៊ី និងថៃផងដែរ។ នេះបើតាមទិន្នន័យពីស្ថាប័ន GlobalPetroPrices។

ប៉ុន្ដែ តម្លៃអគ្គិសនីនៅវៀតណាម ក៏ថ្លៃជាងប្រទេសឡាវ រុស្ស៊ី បង់ក្លាដេស ឥណ្ឌា និងតួកគីជាដើម។

នាយករដ្ឋមន្ត្រីវៀតណាម បានអំពាវនាវឲ្យឧស្សាហកម្មថាមពល ពិនិត្យមើលបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ ការបញ្ជូន ការចែកចាយ និងប្រើប្រាស់អគ្គិសនីឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ លោកបានជំរុញមានការទាញយកប្រយោជន៍ពីសក្ដានុពលនៃថាមពលខ្យល់ និងសូឡាឲ្យបានកាន់តែច្រើនឡើងផងដែរ។

សូមបញ្ជាក់ថា ប្រទេសវៀតណាម មានគោលដៅពង្រីកការផ្គត់ផ្គង់អគ្គិសនី រួមទាំងការផលិតក្នុងស្រុក និងនាំចូលឲ្យបានដល់ទៅ ជាង២៨៤ពាន់លានគីឡូវ៉ាត់ម៉ោងនៅក្នុងឆ្នាំ២០២៣ ពោលគឺមានកំណើនប្រមាណ ៦% ធៀបនឹងឆ្នាំមុន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata លើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការចុះអត្តសញ្ញាណលេខទូរស័ព្ទ

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមនូវយុទ្ធនាការមួយ ដើម្បីលើកទឹកចិត្តអតិថិជនរបស់ខ្លួនឲ្យចុ…

IMF ថា ពពកខ្មៅពីលើវិស័យអចលនទ្រព្យនៅចិនមិនទាន់រសាត់ទៅណានៅឡើយទេ

ព័ត៌មាន
ប្រទេសចិនចាំបាច់ត្រូវធ្វើការងារច្រើនទឿតដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងស្រុក។ នេះគឺជាអះអាងពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីពេលថ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ