Advertisement
Advertisement
ពាណិជ្ជកម្ម

ទិន្នផលស្វាយខុសរដូវឆ្នាំនេះ កំពុងរងទុក្ខដោយសារបញ្ហាអាកាសធាតុ


ទីផ្សារនាំចេញស្វាយរបស់កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានវិសាលភាពធំគួរសម ដូចបាននាំចេញទៅទីផ្សារ អឺរ៉ុប ប្រទេសបារាំង ចិន ថៃ និងវៀតណាមជាដើម ខណៈដែលប្រទេសកូរ៉េខាងត្បូង ក៏បានចុះអនុស្សារណៈទិញស្វាយពីកម្ពុជាផងដែរ។ ក្រៅពីការផលិតដែលគោរពទៅតាមស្ដង់ដារគុណភាព និងភូតគាមអនាម័យ ដែលជារណាំងមួយ ធ្វើឲ្យស្វាយកម្ពុជាលំបាកក្នុងការនាំចេញ នៅឆ្នាំនេះ បញ្ហាអាកាសធាតុក៏បានធ្វើឲ្យការផលិតទិន្នផលស្វាយខុសរដូវរបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហាផងដែរ។
ផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ (រូបថត៖ ហ្វេសប៊ុកឧកញ៉ា ម៉ុង ឫទ្ធី)
ដោយ
Advertisement

កាប្រមូលផលស្វាយកែរមៀត សម្រាប់ខែតុលា ដល់ខែកុម្ភៈ ដែលជាការប្រមូលផលស្វាយខុសរដូវនៅឆ្នាំនេះ បាននិងកំពុងប្រឈមនឹងការធ្លាក់ចុះនៃចំនួនទិន្នផលសម្រាប់ការនាំចេញ ខណៈដែលការផលិតកំពុងជួបនឹងបញ្ហាអាកាសធាតុ និង ការញ៉ាំញីពីសំណាក់ពពួកសត្វចង្រៃជាដើម។

លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប ដែលមានដាំដុះ និងនាំចេញស្វាយទៅកាន់ទីផ្សារបរទេសជាច្រើន បានលើកឡើងថា រហូតមកទល់ពេលនេះ ទីផ្សារក្រៅប្រទេសសម្រាប់ការនាំចេញស្វារបស់កម្ពុជាបាននិងកំពុងមានវិសាលភាពកាន់តែប្រសើរ។ តួយ៉ាង កាលពីពេលថ្មីៗនេះ ស្វាយកម្ពុជា អាចនាំចេញទៅកាន់អឺរ៉ុប និងបារាំងជាដើម។ 

ទោះយ៉ាងណា លោកលើកឡើងថា បញ្ហាអាកាសធាតុនៅឆ្នាំនេះ បានធ្វើឲ្យទិន្នផលស្វាយហាក់មិនសូវមានភាពល្អប្រសើរប៉ុន្មានទេ ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន។ យ៉ាងណាក៏ដោយ លោកថា ក្រុមហ៊ុនម៉ុង ឫទ្ធីបានដាក់គោលដៅនាំចេញស្វាយនៅឆ្នាំនេះ ឲ្យបានលើសពីឆ្នាំមុន ហើយក៏សង្ឃឹមថា នៅរដូវប្រមូលផលក្នុងរដូវនៅដើមឆ្នាំក្រោយនេះ នឹងទទួលបានទិន្នផលល្អឡើងវិញ។

ជាមួយគ្នានេះដែរ លោក អ៊ីន ឆៃវ៉ាន់ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺបានឡើងដែរថា ការនាំចេញស្វាយកែវរមៀត ក្នុងការប្រមូលផលខុសរដូវនៅឆ្នាំរបស់សមាគម ទើបតែមានជាង២០០០តោនប៉ុណ្ណោះ គឺមានចំនួនតិចតួច បើធៀបនឹងការនាំចេញកាលពីឆ្នាំមុន ដោយសារតែការផលិតត្រូវជួបនឹងបញ្ហាអាកាសធាតុ និងការកើតមានសត្វល្អិតចង្រៃជាដើម។

លោកបន្ថែមថា តម្លៃស្វាយខុសរដូវដែលសមាគមលក់ចេញនៅឆ្នាំនេះ មានតម្លៃប្រមាណ២៥០០រៀល ដែលតម្លៃនេះមានប្រហាក់ប្រហែលទៅនឹងឆ្នាំមុនដែរ។ យ៉ាងណាក៏ដោយ បញ្ហាអាកាធាតុនេះក៏បានធ្វើឲ្យការផលិតស្វាយរបស់ប្រជាកសិករ មិនអាចឆ្លើយតបទៅនឹងការបញ្ជាទិញ របស់ក្រុមហ៊ុននាំចេញនោះឡើយ ពោលគឺគិតមកទល់ពេលនេះ មានម្ចាស់ចម្ការស្វាយមួយចំនួនមិនមានស្វាយបេះលក់ទៅឲ្យក្រុមហ៊ុននោះឡើយ។ តែយ៉ាងណា លោកសង្ឃឹមថាការប្រមូលផលស្វាយក្នុងរដូវនៅខែមីនា ដល់ខែឧសភាខាងមុខនេះ អាចនឹងមានការកើនឡើងទិន្នផលឡើងវិញ។

ប្រធានសមាគស្វាយខេត្តកំពង់ស្ពឺដដែលនេះ បានឲ្យដឹងទៀតថា ការនាំចេញស្វាយនៅវគ្គប្រមូលផលខុសរដូវនៅឆ្នាំនេះ បើរួមបញ្ជូលទាំងទិន្នផលស្វាយរបស់សមាគម និងក្រុមហ៊ុនផ្សេងទៀត មានប្រមាណតែ៥ម៉ឺនតោនប៉ុណ្ណោះ ខណៈដែលកាលពីគ្រាដូចគ្នាកាលពីឆ្នាំទៅ បាននាំចេញរហូតដល់ជិត១០ម៉ឺនតោនឯណោះ។ លោកបន្ថែមទៀតថា ទីផ្សារនាំចេញស្វាយរបស់សមាគស្វាយខេត្តកំពង់ស្ពឺ ដែលមានសមាជិកជាង ២០០គ្រួសារ និងផ្ទៃដីជាង១ម៉ឺនហិកតានេះ មានដូចជា វៀតណាម ថៃ និងចិន ដែលប្រទេសទាំងនេះ ងាយស្រួលក្នុងការនាំផ្លែស្វាយចេញទៅ ដោយមិនតម្រូវឲ្យមានការត្រួតពិនិត្យ ភូតគាមអនាម័យខ្លាំងពេក ដូចទីផ្សារទៅអឺរ៉ុប កូរ៉េ និងបារាំងនោះទេ។

ផ្លែស្វាយកម្ពុជាត្រូវបានដឹកតាមយន្តហោះទៅលក់លើផ្សារអន្តរជាតិ (រូបថត៖ ហ្វេសប៊ុក​ឧកញ៉ា ម៉ុង ឫទ្ធី)
Advertisement

លោក អ៊ី ឆៃវ៉ាន់ បានគូសបញ្ជាក់ថា ជាទូទៅប្រទេសវៀតណាម និងថៃ មានការបញ្ចាទិញស្វាយពីកម្ពុជាច្រើនណាស់ ពោលគឺ ផលិតផលកែច្នៃ    ពីផ្លែស្វាយរបស់ប្រទេសនេះ មាន៨០%ហើយជាស្វាយដែលបាននាំចូលពីកម្ពុជា។ ពិសេស ប្រជាជនថៃ ចូលចិត្តទទួលទានផ្លែស្វាយកែវរមៀតពីកម្ពុជា ជាជាងផ្លែស្វាយក្នុងស្រុកថៃ។ 

យ៉ាងណាក៏ដោយ លោកថា នៅពេលដែលការផលិតស្វាយរបស់ប្រទេសជិតខាងកម្ពុជាទាំងពីរមានការជន់ជោរ នោះពួកគេតែងតែបិតច្រកទីផ្សារមិនឲ្យស្វាយពីកម្ពុជានាំចូលទៅនោះទេ ពោលគឺទាល់តែពួកគេលក់ស្វាយក្នុងស្រុករបស់ខ្លួនអស់ទើបបើកឲ្យស្វាយពីកម្ពុជានាំចូលត្រឡប់ទៅវិញ។ ដូច្នេះហើយ ទើបកាលពីពេលកន្លងទៅយើងឃើញកសិករម្ចាស់ចម្ការស្វាយ ជួបវិបត្តិទីផ្សារ។

យ៉ាងណាក៏ដោយ លោក អ៊ី ឆៃវ៉ាន់ បានស្នើឲ្យក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងណាជួយសម្រួលដល់ការងារទាក់ទងនឹងស្ដង់ដារភូតគាមអនាម័យនេះ ដើម្បីពង្រីកទីផ្សារនាំចេញទៅបណ្ដាប្រទេសធំៗដោយផ្ទាល់ ជាជាងពឹងផ្អែកតែលើប្រទេសជិតខាង។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងក៏ទើបបានជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជា និងសន្យានាំចូលស្វាយកែច្នៃពីប្រទេសកម្ពុជាចាប់ឆ្នាំ ២០១៨ ខាងមុខតទៅ។ យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញបានអះអាងថា ការនាំចេញផ្លែស្វាយទុំកែច្នៃទៅកាន់ប្រទេសកូរ៉េនេះ មិនមែនងាយស្រួលប៉ុន្មាននោះទេ ព្រោះថា វាទាមទារឲ្យមានការបំពេញលក្ខខ័ណ្ឌភូតគាមអនាម័យ និង ស្តងដារគុណភាព       ជាច្រើនយ៉ាងផងដែរ។ដោយឡែក កាលពីពេលថ្មីៗនេះដែរ វៀតណាម ក៏ទើបតែទទួលបានសិទ្ធនាំចេញស្វាយទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដេរ ដោយនឹងត្រូវចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី២៩ ខែធ្នូនេះតទៅ៕ 

© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុតផ្ទះគំរូពិតតម្លៃសមរម្យដំបូងគេបង្អស់នៅកម្ពុជាចេញរូបរាងពិតប្រាកដហើយ!

ព័ត៌មាន
អ្វីដែលពលរដ្ឋទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែកន្លងមកនេះ ទីបំផុតផ្ទះគំរូពិតប្រាកដសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃថោក និងមធ្យម បានចេញជារ...

អ្នក​ជំនាញ៖ តំបន់ថ្មីថ្មោង២​ក្នុង​ក្រុង​ភ្នំពេញ នឹងក្លាយជាតំបន់​ពាណិជ្ជកម្មដ៏មានសក្តានុពល

ព័ត៌មាន
រាជធានីភ្នំពេញត្រូវបានពង្រីកការអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយទៅនឹងកំណើនប្រជាពលរដ្ឋដែលបានបោះទីលំនៅឋាន និង ពាណិជ្ចកម្ម។ ហើយដើម្បីបញ្ចៀសប្រជាព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ