ក្រុមហ៊ុន Honda Motor និង Nissan Motor ត្រូវបានប្រភពមួយចំនួនអះអាងថា នឹងចរចាឆ្ពោះទៅរកការច្របាច់បញ្ចូលគ្នារួមទាំងធនធាន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន នៅក្នុងឧស្សាហកម្មយានយន្តដែលកំពុងមានការប្រកួតប្រជែង និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
តែយ៉ាងណាពាក់ព័ន្ធបញ្ហានេះ ក្រុមហ៊ុនជប៉ុនទាំងពីរ បានចេញមកអះអាងថា ពួកគេគ្រាន់តែពិភាក្សាគ្នាពីការពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែល្អប្រសើរថែមទៀតតែប៉ុណ្ណោះ ហើយបានបដិសេធចំពោះការលើកឡើង ដែលថា ពួកគេគ្រោងច្របាច់បញ្ចូលគ្នាឱ្យក្លាយជាក្រុមហ៊ុនតែមួយ។ ប្រភពដែលដឹងពីបញ្ហានេះបានលើកឡើងថា ក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan កំពុងពិចារណាក្នុងការធ្វើប្រតិបត្តិការនៅក្រោមការកាន់កាប់ភាគហ៊ុនរួមគ្នារបស់ក្រុមហ៊ុនថ្មីមួយ ដែលនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆាប់ៗនេះ។ ប្រភពដដែលបានអះអាងថា ពាក់ព័ន្ធការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនថ្មីនេះ ក៏ដូចជាព័ត៌មានលម្អិតជុំវិញបញ្ហានេះអាចនឹងត្រូវសម្រេចនៅពេលក្រោយ។
ក្រុមហ៊ុន Nissan បាននិយាយនៅថ្ងៃពុធ សប្តាហ៍នេះថា ពួកគេកំពុងពិចារណាលើចំណុចមួយចំនួននៃការសហការគ្នានាពេលអនាគតជាមួយក្រុមហ៊ុន Honda និងក្រុមហ៊ុន Mitsubishi Motor។ តែយ៉ាងណាមកទល់ពេលនេះ ពួកគេ មិនទាន់មានការសម្រេចណាមួយនៅឡើយទេ ហើយក្រុមហ៊ុន Honda ក៏បានចេញសេចក្តីថ្លែងការណ៍មួយស្រដៀងគ្នា នឹងការលើកឡើងរបស់ក្រុមហ៊ុន Nissan នេះដែរ។
ការលេចឮព័ត៌មានអំពីការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរនេះ បានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nissan ហក់ឡើងយ៉ាងខ្លាំងរហូតដល់២២% នៅក្នុងទីផ្សារហ៊ុនក្រុងតូក្យូ នៅថ្ងៃនេះ ប៉ុន្តែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Honda បែរជាធ្លាក់ចុះ៣% ទៅវិញ៕
អត្ថបទ៖ សុខ មង្គល