ក្រុមហ៊ុនប្រេងឥន្ធនៈធំៗ

ក្រុមហ៊ុនប្រេងឥន្ធនៈធំៗកំពុងប្រមូលប្រាក់ចំណេញ៣,០០០ដុល្លារក្នុង១វិនាទី ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា


​​របាយការណ៍ថ្មីមួយបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីលធំៗចំនួន៦របស់ពិភពលោក ទទួលបានប្រាក់ចំណេញជិត៣,០០០ដុល្លារក្នុង១វិនាទីនៅប៉ុន្មានខែដំបូងឆ្នាំ២០២៦ នេះ។ ខណៈដែលក្រុមហ៊ុនទាំងនេះកំពុងទទួលបានទ្រព្យសម្បត្តិយ៉ាងមហាសាល គ្រួសាររាប់លាននៅទូទាំងពិភពលោកបែរជាកំពុងតស៊ូយ៉ាងតានតឹងជាមួយវិបត្តិការចំណាយ និងអតិផរណា ដែលបណ្តាលមកពីតម្លៃថាមពលហក់ឡើងខ្ពស់។
ក្រុមហ៊ុនប្រេងឥន្ធនៈធំៗ
ដោយ

យោងតាមការវិភាគរបស់អង្គការ Oxfam International ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN បានឱ្យដឹងថា ក្រុមហ៊ុនយក្សទាំង៦ រួមមាន Chevron, Shell, BP, Conoco Phillips, Exxon និង Total Energies ទទួលបានប្រាក់ចំណេញជាមធ្យម២,៩៦៧ដុល្លារក្នុងមួយវិនាទី។ តួលេខនេះបានបង្ហាញពីការកើនឡើងជិត៣៧លានដុល្លារក្នុងមួយថ្ងៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ប្រាក់ចំណេញសរុបសម្រាប់ឆ្នាំ២០២៦ របស់ក្រុមហ៊ុនទាំង៦នេះ ត្រូវបានព្យាករថា នឹងឡើងដល់ប្រមាណ ៩៤ពាន់លានដុល្លារ។

កត្តាដែលជំរុញឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងនេះកើនឡើងយ៉ាងគំហុកបែបនេះ គឺបណ្តាលមកពីបញ្ហាអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសជម្លោះនៅប្រទេសអ៊ីរ៉ង់។ ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដឹកជញ្ជូនថាមពលដ៏សំខាន់បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ជាមធ្យមជាង១០០ដុល្លារក្នុងមួយបារ៉ែល កាលពីខែមីនា កន្លងទៅ។

លោកស្រី ម៉ារៀណា ផាវលី (Mariana Paoli) ប្រធានផ្នែកគោលនយោបាយអាកាសធាតុនៅ Oxfam International បានលើកឡើងថា ក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីលកំពុងទទួលបានប្រាក់ចំណេញពីអស្ថិរភាពភូមិសាស្ត្រនយោបាយ និងវិសមភាពសង្គម ខណៈដែលភាពចលាចលទាំងនេះបានទម្លាក់បន្ទុកការចំណាយយ៉ាងធ្ងន់ធ្ងរលើស្មារបស់ប្រជាជនទូទៅ។

របាយការណ៍ដាច់ដោយឡែកមួយទៀតពី Rystad Energy និង The Guardian ក៏បានរកឃើញដែរថា ក្រុមហ៊ុនថាមពលកំពូលៗទាំង១០០របស់ពិភពលោករកចំណូលបានរហូតដល់៣០លានដុល្លារក្នុងមួយម៉ោង ក្នុងអំឡុងពេលសង្គ្រាម។ ទោះបីជាមានប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់យ៉ាងណាក្តី ក៏គេសង្កេតឃើញថា ក្រុមហ៊ុនទាំងនោះមិនបានបង្វែរថវិកាទៅវិនិយោគលើថាមពលស្អាត ឬកាត់បន្ថយការបំភាយឧស្ម័នឱ្យបានសមស្របតាមស្ថានភាពអាសន្ននៃអាកាសធាតុនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនមួយចំនួនថែមទាំងបង្ហាញការមិនអើពើចំពោះការឡើងកម្តៅនៃភពផែនដីទៀតផង។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មហាក្រុមហ៊ុនប្រេងទាំង ៦ មិនទាន់មានការឆ្លើយតប ឬអត្ថាធិប្បាយណាមួយចំពោះរបាយការណ៍ដែលចេញផ្សាយដោយ CNN នៅឡើយទេ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


VET Charger រាប់រយគ្រឿង នឹងមកដល់ឆាប់ៗនេះ ដើម្បីគាំទ្រកំណើនយានយន្តអគ្គិសនីនៅកម្ពុជា

នៅក្នុងបរិបទដែលការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងកើនឡើងយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា VET Charging Station បានប្រកាសពីការនាំចូល និងដ…

ឥណ្ឌូនេស៊ី សាកល្បងឱ្យប្រើប្រេងម៉ាស៊ូតដែលលាយប្រេងដូង៥០% ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

​​ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន កំពុងពន្លឿនផែនការបង្កើនការប្រើប្រាស់ជីវៈឥន្ធនៈ ខណៈតម្លៃថាមពលសកលកំពុងហក់ឡើងខ្ពស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ