កាសែតបាងកក ប៉ុស្តិ៍ បានរាយការណ៍ថា លោក វិតាយ រតនៈខន (Vitai Ratanakorn) ទេសាភិបាលធនាគារជាតិថៃ បានប្រកាសថា ចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៦ នេះតទៅ ធនាគារកណ្ដាលនឹងដាក់ចេញវិធានការដ៏តឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់សេដ្ឋកិច្ចប្រផេះ អាជីវកម្មខុសច្បាប់ និងការលាងលុយកខ្វក់។ ក្រោមវិធានការថ្មីនេះ អតិថិជនទាំងឡាយណាដែលយកសាច់ប្រាក់សុទ្ធទៅដាក់ក្នុងគណនីធនាគាររបស់ខ្លួនចាប់ពី៥លានបាត ឬប្រហែល១៥ម៉ឺនដុល្លារឡើងទៅ ត្រូវតែបង្ហាញ និងបញ្ជាក់ពីប្រភពប្រាក់ចំណូលនោះឱ្យបានច្បាស់លាស់។ លោកបានអះអាងថា វិធានការដ៏ម៉ឺងម៉ាត់នេះក៏រាប់បញ្ចូលទាំងប្រតិបត្តិការប្តូរប្រាក់ក្នុងចំនួនច្រើនៗផងដែរ ដោយអតិថិជនដែលចង់ប្តូរក្រដាសប្រាក់ប្រភេទ១,០០០បាតទៅជាក្រដាសប្រាក់ប្រភេទ១០០បាត ឬ៥០០បាត ក្នុងចំនួនច្រើន ពួកគេត្រូវតែពន្យល់ និងបញ្ជាក់ឱ្យបានច្បាស់លាស់អំពីគោលបំណង និងមូលហេតុដែលខ្លួនត្រូវការក្រដាសប្រាក់តូចៗទាំងនោះ។
ទេសាភិបាលធនាគារកណ្តាលថៃ រូបនេះ បានសង្កត់ធ្ងន់ថា លោកដាច់ខាតមិនអនុញ្ញាតឱ្យប្រព័ន្ធធនាគារជាតិ ក្លាយជាបណ្ដាញហិរញ្ញវត្ថុសម្រាប់គាំទ្រសកម្មភាពខុសច្បាប់ឡើយ ជាពិសេសគឺសេដ្ឋកិច្ចក្រៅផ្លូវការខុសច្បាប់ ការលាងលុយកខ្វក់ ការវិនិយោគមិនស្អាតស្អំ និងអំពើពុករលួយ។ ក្រុមអ្នកវិភាគបានវាយតម្លៃថា វិធានការនេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការកាត់ផ្តាច់ខ្សែបណ្តាញ និងទប់ស្កាត់ការលាងលុយកខ្វក់ ដែលហូរចេញពីអំពើពុករលួយ និងបណ្ដាញជួញដូរគ្រឿងញៀន។
បើទោះបីជាអ្នកជំនាញសេដ្ឋកិច្ចក្នុងប្រទេសថៃ បានលើកឡើងថា សេដ្ឋកិច្ចថៃ នៅឆ្នាំនេះបង្ហាញភាពរឹងមាំជាងការរំពឹងទុក ដោយការព្យាករកំណើន GDP ស្ថិតក្នុងកម្រិត២,៣% បន្ទាប់ពីមានការបារម្ភថា អាចនឹងធ្លាក់ចុះដល់១,៥% ដោយសារជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែបញ្ហាសេដ្ឋកិច្ចប្រផេះ អំពើពុករលួយជាប្រព័ន្ធ និងបញ្ហាគ្រឿងញៀននៅតែជាសម្ពាធ និងជាស្រមោលដ៏អាប់អួរ ដែលកំពុងយាយី និងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសថៃ ដដែល៕
អត្ថបទៈ សួន ឡង់ទី