ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ីអាចទាក់ទាញគម្រោងវិនិយោគតម្លៃជាង ១៥ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី១ឆ្នាំនេះ


ម៉ាឡេស៊ីបានរាយការណ៍ថា នៅត្រីមាសទី១ ទាក់ទាញបានគម្រោងវិនិយោគសរុបតម្លៃជាង ១៥ ពាន់លានដុល្លារ។ ដើម្បីជំរុញការលើកទឹកចិត្តចំពោះអ្នកវិនិយោគទុនបន្ថែមទៀត ប្រទេសនេះនឹងបន្តដំណើរការកែទម្រង់គោលនយោបាយមួយចំនួនបន្ថែមទៀត។ ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក គឺជាសញ្ញានៃទំនុកចិត្តដែលបានស្ដារឡើងវិញសេដ្ឋកិច្ចម៉ាឡេស៊ី។
ម៉ាឡេស៊ីស្រូបទុនវិនិយោគតម្លៃជាង១៥ពាន់លានដុល្លារនៅត្រីមាសទី១
ដោយ

អ្នកជំនាញអះអាងថាអនាគតនៃការវិនិយោគក្នុងប្រទេសម៉ាឡេស៊ីហាក់ដូចជាមានសភាពវិជ្ជមានខ្លាំងណាស់ ហើយម៉ាឡេស៊ីកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់ និងបណ្តុះបណ្ដាលកម្លាំងពលកម្មដែលមានការប្រកួតប្រជែង។

លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកឡើងថា ប្រទេសម៉ាឡេស៊ីបានទាក់ទាញការវិនិយោគដែលបានអនុម័តរួចក្នុងតម្លៃសរុបជាង ៧១ ពាន់លានរីងហ្គិត ឬជាង ១៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣។ ទំហំទុនវិនិយោគនេះកើនឡើងប្រមាណជា ៦០ ភាគរយ បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២២។នេះបើតាមសារព័ត៌មាន the Business Times។

លោក អានវ៉ា បាននិយាយតាមសុន្ទរកថានៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយគណៈកម្មការមូលបត្រម៉ាឡេស៊ីថា ទំហំទឹកប្រាក់វិនិយោគទុនទាំងនេះគឺសម្រាប់ដំណើរការគម្រោងប្រមាណជាជាង ១ ២០០ គម្រោង ដែលត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារធ្វើសម្រាប់ពលរដ្ឋម៉ាឡេស៊ីចំនួនប្រហែល ២ ម៉ឺន ៤ ពាន់នាក់។

តម្លៃសរុបនៃទុនវិនិយោគផ្ទាល់ពីបរទេស មានទំហំច្រើនជាងពាក់កណ្តាលនៃទឹកប្រាក់សរុប ឬប្រហែលជាជាង ៨ ពាន់លានដុល្លារ ហើយនៅក្នុងគម្រោងទាំងនោះ គឺរួមមានទាំងក្រុមហ៊ុន Tesla, ក្រុមហ៊ុន Amazon Web Services, ព្រមទាំងក្រុមហ៊ុន ស៊ីជាំង ជីលី (Zhejiang Geely) និងក្រុមហ៊ុនជីវៈគីមី រ៉ុងសេង (Rongsheng) របស់ចិនដែរ។

គួររំលឹកថា កាលពីឆ្នាំ២០២២ កន្លងទៅ ម៉ាឡេស៊ីបានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសក្នុងតម្លៃត្រឹមតែជាង ១៦ ពាន់លានដុល្លារប៉ុណ្ណោះ។

លោក អានវ៉ា បានមានប្រសាសន៍ថា ការកើនឡើងជានិរន្តរនៃការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក គឺជាសញ្ញានៃទំនុកចិត្តដែលបានស្ដារឡើងវិញក្នុងចំណោមអ្នកវិនិយោគ ចំពោះទស្សនវិស័យកំណើនរបស់ប្រទេសម៉ាឡេស៊ី។

លោក អានវ៉ា ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ បាននិយាយថា អនាគតនៃការវិនិយោគក្នុងប្រទេសម៉ាឡេស៊ីហាក់ដូចជាមានសភាពវិជ្ជមានខ្លាំងណាស់ ហើយម៉ាឡេស៊ីកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅសម្រួលការធ្វើអាជីវកម្មថែមទៀត ទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់ និងបណ្តុះបណ្ដាលកម្លាំងពលកម្មដែលមានការប្រកួតប្រជែង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនសហគ្រាសជាង២ម៉ឺន៦ពាន់បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ខណៈរដ្ឋាភិបាលដាក់ដំណើរការប្រព័ន្ធចុះបញ្ជីដំណាក់កាលទី៣

ក្រោយពីការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចដំណាក់កាលទី១ និងដំណាក់កាលទី២ ទទួលបានជោគជ័យរួចមក រាជរដ្ឋា…

ព្រែកជីកហ្វូណនតេជោ រំពឹងនឹងអាចបើកការដ្ឋានសាងសង់ជាប្រវត្តិសាស្ត្រនៅឆ្នាំក្រោយនេះហើយ

រដ្ឋមន្រ្តីក្រសួងសាធារណការ ឯកឧត្តមស៊ុន ចាន់ថុល រំពឹងគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោភ្ជាប់រវាងទន្លេបាសាក់ជាមួយកំពង់ផែខេត្តកែប នឹងអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ