ម៉ាឡេស៊ី-អាស៊ាន-មីយ៉ាន់ម៉ា-UN

ម៉ាឡេស៊ីជំរុញអាស៊ានឱ្យពិនិត្យលក្ខខណ្ឌ៥ចំណុចរបស់មីយ៉ាន់ម៉ាឡើងវិញ ខណៈUN ពិចារណាចាត់វិធានការលើប្រទេសនេះ


រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បាននិយាយពីថ្ងៃចន្ទថាអាស៊ាន ត្រូវតែសម្រេចចិត្តថា តើពួកគេនឹងជំរុញទៅមុខនូវផែនការសន្តិភាពគោលការណ៍ទាំង ៥ចំណុចដែលបរាជ័យមកដល់ពេលនេះសម្រាប់ប្រទេសមីយ៉ាន់ម៉ាដែរ ឬយ៉ាងណា ឬក៏សម្រេចចិត្តពីអ្វីដែលត្រូវធ្វើជាបន្ទាប់ទៀតនៅមុនពេលក្រុមមេដឹកនាំនៃប្រទេសទាំងនេះនឹងត្រូវជួបប្រជុំគ្នានៅក្នុងខែវិច្ឆិកាចុងឆ្នាំនេះ ខណៈដែលអង្គការសហប្រជាជាតិកំពុងពិចារណាចាត់វិធានការទៅលើមីយ៉ាន់ម៉ា។
ម៉ាឡេស៊ីជំរុញអាស៊ានឱ្យពិនិត្យលក្ខខណ្ឌ៥ចំណុចរបស់មីយ៉ាន់ម៉ាឡើងវិញ ខណៈUN ពិចារណាចាត់វិធានការលើប្រទេសនេះ
ដោយ

ប្រទេសមីយ៉ាន់ម៉ាបានមានវិបត្តិចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំលោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈឆ្នាំមុនមក ដោយបានឃុំខ្លួនលោកស្រី និងមន្ត្រីផ្សេងៗទៀត និងបើកការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមអ្នកតវ៉ា និងប្រឆាំងរដ្ឋប្រហារនេះ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ដែលមានមីយ៉ាន់ម៉ាជាសមាជិកមួយដែរនោះ បាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសន្តិភាពសម្រាប់ប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Abdullah បាននិយាយថា នៅក្នុងចន្លោះពេលនេះទៅទល់នឹងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែវិច្ឆិកានោះ អាស៊ានត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ ថាតើពួកគេនៅតែយល់ស្របលើគោលការណ៍ទាំង ៥ ចំណុចនេះ ឬយ៉ាងណា? ហើយថា តើវាគួរតែជំនួសដោយអ្វីមួយដែលប្រសើរជាងនេះដែរឬទេ?។ នៅពេលដែលប្រទេសអាស៊ានជួបប្រជុំគ្នាក្នុងខែវិច្ឆិកានោះ អាស៊ាននឹងមានការជជែកដេញដោលឱ្យអស់ពីលទ្ធភាព ហើយក៏ត្រូវត្រៀមចម្លើយសម្រាប់ដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា នៅក្នុងអំឡុងពេលប្រជុំនោះផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមមេដឹកនាំពិភពលោកសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Abdullahរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏បានលើកឡើងនូវក្ដីសង្ឃឹមថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក ១៥ ប្រទេសនឹងមិនធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាបរាជ័យនោះឡើយ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងតែពិចារណាពីសេចក្តីសម្រេចចិត្តដែលព្រាងដោយប្រទេសអង់គ្លេស ដែលបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រ។ សេចក្ដីព្រាងសេចក្ដីសម្រេចចិត្តនេះ នឹងទាមទារឱ្យបញ្ចប់នូវអំពើហិង្សាទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជំរុញឱ្យបញ្ចប់ការបញ្ជូនអាវុធទៅឱ្យមីយ៉ាន់ម៉ាជាបន្ទាន់ និងគំរាមកំហែងដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិផងដែរ។

សេចក្ដីព្រាងសេចក្ដីសម្រេចចិត្តនេះ ក៏នឹងអំពាវនាវឱ្យរបបសឹកមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយទាំងអស់រួមទាំងលោកស្រី ស៊ូជី និងអនុវត្តផែនការសន្តិភាពអាស៊ាន ហើយអនុញ្ញាតឱ្យមានអន្តរកាលមួយតាមបែបប្រជាធិបតេយ្យ។

ទោះយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសន្តិសុខបានខ្វែងគំនិតគ្នាជាយូរយារណាស់មកហើយពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ាដោយក្រុមអ្នកការទូតនិយាយថា ប្រទេសចិន និងរុស្ស៊ីទំនងជានឹងឈរកាងមិនឱ្យមានចំណាត់ការខ្លាំងណាមួយទៅលើរបបសឹកនេះឡើយ ហើយការចរចាលើសេចក្តីព្រាងនៃសេចក្ដីសម្រេចរបស់អង់គ្លេសនេះ ទំនងជាត្រូវការពេលវេលាយូរថែមទៀត។

សូមបញ្ជាក់ថា ដើម្បីអាចអនុម័តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខបានជោគជ័យនោះគឺត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួន និងគ្មានការប្រើសិទ្ធិវេតូពីប្រទេសរុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង ឬអង់គ្លេសណាមួយឡើយ បើមិនដូច្នេះទេ គឺមិនអាចអនុម័តចេញឡើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាមេរិកត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាមួយប្រទេសនៃ «វេទិកាដៃគូប៉ាស៊ីហ្វិកពណ៍ខៀវ» ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន

មន្ត្រីសេតវិមានបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងដឹកនាំធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាប៉ាស៊ីហ្វិកពណ៍ខៀវ ជាមួយប…

ហេតុអ្វីបញ្ហាល្អក់កកររវាងក្រុមហ៊ុនអាមេរិក Boeing និងប្រទេសចិនកាន់តែអាក្រក់?

រឿងរ៉ាវរវាងប្រទេសចិនជាមួយក្រុមហ៊ុនយក្សអាមេរិកប៊ូអ៊ីង (Boeing)មានសភាពកាន់តែអាក្រក់ទៅៗហើយ ដោយនៅពេលថ្មីៗនេះ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ