ប្រទេសម៉ាឡេស៊ី បានដាក់ពាក្យសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាវេទិកាកិច្ចសហប្រតិបត្តិការសម្រាប់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័សរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងមហាយក្សចិន ជាមួយនឹងអាហ្វ្រិកខាងត្បូង ដែលបានចូលរួមជាមួយប្លុកនេះក្នុងឆ្នាំ២០១០។ កាលពីអំឡុងខែមករា ដើមឆ្នាំ២០២៤ ប្រទេសមួយចំនួនទៀតរួមមានអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម បានចូលរួមជាមួយប្លុកប្រទេស BRICS ក្នុងនាមជាសមាជិកថ្មី។
លោក អានវ៉ា អ៊ីប្រាហ៊ីម បានថ្លែងនៅឯក្រុមប្រឹក្សាកិច្ចការពិភពលោករបស់ឥណ្ឌា (ICWA) កាលពីថ្ងៃអង្គារ ទី២០ ខែសីហា ថា តួនាទីដែលមានលក្ខណៈពិសេសប្លែកពីគេដ៏មានឥទ្ធិពលរបស់ឥណ្ឌា នៅក្នុងប្លុកប្រទេស BRICS ពិតជាមានសារសំខាន់ណាស់ ហើយលោកទទួលស្គាល់ថា ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់ម៉ាឡេស៊ី និងឥណ្ឌា នឹងធ្វើឱ្យប្លុកនេះកាន់តែមានឥទ្ធិពល និងដំណើរការកាន់តែមានប្រសិទ្ធភាពខ្ពស់មួយកម្រិតទៀត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានថ្លែងថា ក្រុងគូឡាឡាំពួ មានការជឿជាក់ថា ការចូលជាសមាជិកនៃប្លុកប្រទេស BRCIS នឹងមិនត្រឹមតែជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ជាមួយប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងនយោបាយផងដែរ។
លោកបានគូសបញ្ជាក់ថា ទោះបីជាមានមតិខ្លះបានលើកឡើងថា កិច្ចព្រមព្រៀងចូលជាសមាជិកនៃប្លុកប្រទេស BRICS មានភាពចម្រូងចម្រាសយ៉ាងណាក្ដី ក៏ប្រទេសម៉ាឡេស៊ី នៅតែជឿថា កិច្ចព្រមព្រៀងបែបនេះផ្តល់អត្ថប្រយោជន៍ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនម៉ាឡេស៊ី៕
ដោយ: តែម សុខុម