ការបោះឆ្នោតនេះបានធ្វើឲ្យសភាព្យួរមួយរយៈ ដែលមិនធ្លាប់មានពីមុនមកដោយសារតែទាំងមេដឹកនាំបក្សប្រឆាំងលោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងអតីតនាយករដ្ឋមន្ត្រីលោក មូយីដឌីន យ៉ាស្ស៊ីន (Muhyiddin Yassin) មិនទទួលបានសំឡេងភាគច្រើនក្នុងការបង្កើតរដ្ឋាភិបាលបាន។
លោក មូយីដឌីន បាននិយាយថា ដើម្បីបំបែកភាពជាប់គាំងនេះ ព្រះមហាក្សត្រម៉ាឡេស៊ី អាល់ ស៊ុលតង់ អាប់ឌុលឡា ទ្រង់បានស្នើឱ្យគូប្រជែងទាំង២រូបនេះ ធ្វើការរួមគ្នា ដើម្បីបង្កើត«រដ្ឋាភិបាលឯកភាព»មួយ ប៉ុន្តែបានបន្ថែមថា លោកនឹងមិនធ្វើការជាមួយលោក អានវ៉ា នោះទេ។ លោក មូយីដឌីន គឺជាមេដឹកនាំសម្ព័ន្ធអភិរក្សពលរដ្ឋម៉ាឡេមូស្លីម ចំណែកលោក អានវ៉ា គឺជាមេដឹកនាំសម្ព័ន្ធ ពហុជនជាតិភាគតិចនៅម៉ាឡេស៊ី។
ការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា និងភាពចលាចលរ៉ាំរ៉ៃនោះ បានអូសបន្លាយពេលអស្ថិរភាពនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមាននាយករដ្ឋមន្ត្រី ៣ រូបនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ និងអូសបន្លាយហានិភ័យ ចំពោះការសម្រេចចិត្តគោលនយោបាយ ដែលត្រូវការចាំបាច់ ដើម្បីជំរុញឱ្យមានការងើបសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។
ព្រះមហាក្សត្របានទុកពេលឲ្យគណបក្សនយោបាយទាំងនេះរហូតដល់ម៉ោង ២ រសៀលកាលពីថ្ងៃទី ២២ វិច្ឆិកា ដើម្បីបង្កើតសម្ព័ន្ធភាពរួមគ្នាដែលត្រូវការសម្រាប់សំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាល។ ប៉ុន្តែ បេក្ខជនទាំងនេះមិនបានធ្វើបែបនេះទេ បន្ទាប់ពីក្រុមចម្រុះ បារីសាន ណេសិនណុល (Barisan Nasional) ដែលកំពុងកាន់អំណាចបានបដិសេធការចូលរួមជាមួយក្រុមណាមួយឡើយ។
ឥឡូវនេះ វាអាស្រ័យលើព្រះមហាក្សត្រដែលអាស្រ័យរដ្ឋធម្មនុញ្ញ ព្រះអង្គទ្រង់ដើរតួយ៉ាងសំខាន់ក្នុងការជ្រើសតាំងអ្នកណា ដែលទ្រង់ជឿថា នឹងគ្រប់គ្រងសំឡេងភាគច្រើន។ ព្រះអង្គប្រាប់ក្រុមអ្នកកាសែតនៅក្រៅព្រះរាជវាំងជាតិថា ព្រះអង្គនឹងធ្វើការសម្រេចចិត្តឆាប់ៗនេះ ហើយទ្រង់ក៏បានស្នើសុំឱ្យពលរដ្ឋម៉ាឡេស៊ីយល់ព្រមតាមការសម្រេចចិត្តរបស់ទ្រង់ ចំពោះការបង្កើតរដ្ឋាភិបាលនេះផងដែរ។
ក្រោយមកព្រះមហាក្សត្របានជួបលោក អានវ៉ា និងលោក មូយីដឌីន និងបានកោះអញ្ជើញសមាជិកសភាមកពីក្រុមចម្រុះ បារីសាន ណេសិនណុល ឱ្យចូលព្រះបរមរាជវាំង ដើម្បីពិភាក្សាពីការជ្រើសតាំងនាយករដ្ឋមន្ត្រីនៅថ្ងៃពុធនេះ។
លោក អានវ៉ា បានប្រាប់អ្នកសារព័ត៌មានថា ព្រះមហាក្សត្រនៅក្នុងកិច្ចប្រជុំនោះ បានបង្ហាញព្រះរាជបំណងចង់បង្កើតរដ្ឋាភិបាលដ៏រឹងមាំមួយ«ដែលរួមបញ្ចូលគ្នាកាន់តែច្រើនទាក់ទងនឹងពូជសាសន៍ សាសនា ឬតំបន់ និងរាជរដ្ឋាភិបាលមួយដែលអាចផ្តោតលើសេដ្ឋកិច្ច៕
អត្ថបទ៖ សុខ ជា