ខ្មែរ​ចេះ​ធ្វើ​យន្តហោះ?

ជាង​ឡាន​ខ្មែរ​ចេះ​ធ្វើ​យន្តហោះ ផ្អើល​ដល់​ពិភព​លោក!


ជាង​ជួសជុល​រថយន្ត​មួយ​រូប នៅ​ខេត្ត​ព្រៃវែង បាន​​បង្កើត​ភាព​ល្បីល្បាញ​ជុំវិញ​ពិភព​លោក តាមរយៈ​បណ្ដាញ​សារព័ត៌មាន។ ល្បីល្បាញ គឺ​ដោយសារ​បុរស​វ័យ​៣០ឆ្នាំ​នេះ ចេះ​ច្នៃ​ប្រឌិត​បង្កើត​បាន​ជា​យន្តហោះ​ ដោយគ្រាន់តែ​រៀន​តាម​វីដេអូ YouTube។
លោក ប៉ែន ឡុង ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​នៅ​ខេត្ត​ព្រៃវែង ដែល​បង្កើត​យន្តហោះ​ផ្អើល​ដល់​សារព័ត៌មាន​ពិភព​លោក។
ដោយ

លោក ប៉ែន ឡុង ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាប់នឹង​ផ្លូវជាតិ​លេខ​១ បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​បណ្ដាញ​សារព័ត៌មាន ទាំងក្នុង​ស្រុក​ និង​ទាំង​នៅ​លើ​ពិភព​លោក ជាមួយ​នឹង​ការផលិត​យន្តហោះ​ដោយ​ខ្លួន​ឯង។ 

សារព័ត៌មានធំៗ នៅ​លើ​ពិភព​លោក ដូចជា BBC, Al Jazeera ព្រមទាំង​សារព័ត៌មាន​ជា​ច្រើន​ទៀត បាន​ចុះ​មក​យក​ព័ត៌មាន​អំពី​រូប​លោក ដល់​ផ្ទះ​របស់​លោក​តែម្ដង។ 

លោក ប៉ែន ឡុង ថា ដោយសារតែ​ស្រលាញ់​យន្តហោះ​តាំង​ពី​ក្មេង លោក​តែងស្រមៃ​ចង់​ផលិត​យន្តហោះ​មួយ​ដោយ​ខ្លួន​ឯង។ ក្នុងការ​ផលិត​យន្តហោះ​នេះ លោកបាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា លោក​ជួប​ការលំបាក​ច្រើន ជាពិសេស រឿង​លុយកាក់ ពីព្រោះ​លោក​ត្រូវ​សុំ​លុយ​ពី​ប្រពន្ធ​ដែល​ជា​អ្នក​ទុក​ដាក់​លុយ​សន្សំ​ពី​របរ​ជា​ជាង​ជួសជុលរថយន្ត​របស់​លោក។

លោក ប៉ែន ឡុង ជាងជួសជុល​រថយន្ត នៅ​ខែត្រ​ព្រៃវែង ​ដែល​ចេះ​ដំឡើង​យន្តហោះ។

លោកថា អ្នកភូមិ​ និង​មិត្តភក្ដិ​ខ្លះ ថែមទាំង​លួច​និយាយ​ខ្សឹបខ្សៀវ​ថា លោកជា​មនុស្ស​ឆ្កួត ប៉ុន្តែ បើ​តាម​ការឲ្យ​ដឹង​ពី​លោក​មេឃុំ​ លោក ប៉ែន ឡុង ជា​មនុស្ស​ស្លូតបូត​ត្រឹមត្រូវ​ គួរឲ្យ​រាប់​អាន។

ជា​មេគ្រួសារ​ដែល​មាន​ប្រពន្ធ និង​កូន​ពីរនាក់ លោក ប៉ែន ឡុង ឲ្យ​ដឹងថា លោក​អាចរៀបចំ​ដំឡើង​យន្តហោះ​ទីមួយ​របស់​លោកបាន គឺ​ដោយសារ​ការរៀនសូត្រ​តាម​រយៈ​ការ​មើល​វីដេអូ​នៅ​លើ​ YouTube។ 

លោក ប៉ែន ឡុង ក៏​មាន​ជំនឿ​ទៅ​លើ​ការចាប់​ជាតិ​ដែរ។ លោក​បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា លោក​ជឿថា កាលពី​ជាតិ​មុន រូបលោក​ជា​បុរស​ជនជាតិ​មូស្លីម ដែល​ចេះ​បច្ចេកវិទ្យា​ផលិតយន្តហោះ។

បើ​តាម​សេចក្ដី​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Al Jazeera លោក ឡុង បាន​សាកល្បង​ធ្វើ​យន្តហោះ​ជាច្រើន​លើកច្រើនសា ដោយ​លើក​ទីមួយ លទ្ធផល​ដែល​សម្រេច​បាន គឺ​កូន​យន្តហោះ​ប្រើ​ឧបករណ៍​បញ្ជា។ បន្ទាប់មក លើក​ទីពីរ​ លោក​បាន​ធ្វើ​យន្តហោះ​មួយ​ទៀត​ ប៉ុន្តែធ្វើ​មិន​បាន​ល្អ លោក​ក៏​មិន​បានសាកល្បង​វាទេ គឺ​ទុក​វាចោល។ 

លើក​ទីបី លោក​បាន​ដំឡើង​យន្តហោះ​មួយ​ដែល​បើកបរ​ដោយ​មនុស្ស ប៉ុន្តែ ក្នុង​ពេល​សាកល្បង​កាល​ពី​ដើម​ឆ្នាំ​នេះ គឺ​ហោះ​បាន​បន្តិច ក៏ធ្លាក់​មកវិញ បែក​កង់ និង​ខូចខាត​ស្លាប ប៉ុន្តែ រូបលោក​មិន​មាន​របួស​អ្វី​ទេ។ លើក​ទីបួន​នេះ គឺ​លោក​ធ្វើ​យន្តហោះ​សម្រាប់​ហោះ​លើ​ទឹក ដែល​លោក​ថា នឹងចំណាយ​ពេល​តិច​ជាង​លើក​មុនៗ ក្នុង​ការ​ស្ថាបនាវា។

រឿងមួយ​ដែល​ភរិយា​របស់​លោក​ព្រួយ​បារម្ភ​គឺសុវត្ថិភាពរបស់​លោក នៅ​ពេល​សាកល្បង​បើក​យន្តហោះ​ហោះឡើង​លើ​មេឃ។ នៅ​ពេល​អ្នក​សារព័ត៌មាន Al Jazeera ​សួរ​ថា លោក​មិន​ខ្លាច​គ្រោះ​ថ្នាក់​បាត់បង់​ជីវិត​ដោយសារ​បើក​យន្តហោះ​ដែលធ្វើ​ដោយ​ខ្លួន​ឯង​ទេ ឬ? លោក ឡុង ឆ្លើយថា រឿង​ស្លាប់​គ្មាន​អ្នក​ណា​គេច​ផុត​ទេ។ 

លោកថា «ខ្ញុំ​បានសម្រេចចិត្ត​ហើយ គឺ​ខ្ញុំ​មិន​ខ្លាច​ស្លាប់​ដោយសារ​ធ្លាក់​យន្តហោះ​ទេ អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​សម្រេច​ក្ដី​សុបិន​របស់​ខ្ញុំ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះមួយ​នៅ​ជប៉ុន​ដែល​ហាម​ស្ត្រី​ចូល ក្លាយ​ជា​បេតិភណ្ឌពិភព​លោក!

ព័ត៌មាន
សប្ដាហ៍​នេះ ខណៈ​កម្ពុជា​អបអរ​ការ​ចុះ​បញ្ជី​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុក​​របស់​ខ្លួន ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ ប្រទេស​ជប៉ុន​ក៏​មាន​…

អត្ថបទ​ចំនួន៥ ដែល​គេ​អាន​​និង​ចែក​រំលែក​ច្រើន​ជាង​គេ​បំផុត!

ព័ត៌មាន
ក្នុង​រយៈពេល ៦ខែ​ចុងក្រោយ​នេះ ប្រិយមិត្ត​អ្នកអាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ចាប់​អារម្មណ៍​ខ្លាំង​បំផុត លើ​អត្ថបទ​ចំនួន ៧ ដែល​ផ្សាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ