បើទោះបីលោក ឡាវ ចំរើន ជាជនពិការម្នាក់មែន ប៉ុន្តែ លោកមិនបានពិការគំនិតឡើយ។ លោកបានផ្តួចផ្តើមកែច្នៃឧបករណ៍ចាស់ៗដែលគេបោះបង់ចោល អស់រយៈពេល៦ឆ្នាំមកហើយ ដើម្បីធ្វើជាកាបូប លក់ដូរចិញ្ចឹមជីវិត ហើយថែមទាំងអាចផ្តល់ការងារដល់ជនពិការដទៃទៀត និងអ្នកក្រីក្រជាច្រើននាក់ផងដែរ។
លោកបានប្រាប់ ខេមបូណូមីស យ៉ាងដូច្នេះថា៖ «ដំបូង ខ្ញុំធ្លាប់ធ្វើការនៅអង្គការផ្សេងៗ ដែលធ្វើឲ្យខ្ញុំមានបទពិសោធន៍ ហើយក៏គិតថា រករបស់របរអ្វីដែលប្លែកពីគេ ដើម្បីកែច្នៃ ហើយនៅស្រុកយើងមានជនពិការនិងអ្នកក្រខ្សត់ច្រើន។ ខ្ញុំគិតថា យើងបង្កើតសិប្បកម្មនេះ ដើម្បីផ្តល់ការងារឲ្យពួកគាត់ធ្វើផង»។
កាបូបមួយមានតម្លៃពី ២ម៉ឺនរៀល ទៅ ៦ម៉ឺនរៀល ឬខ្ពស់ជាងនេះ។ លោកបាននាំផលិតផលទាំងនេះ ទៅលក់នៅប្រទេសអង់គ្លេស អូស្រ្ដាលី និងអាមេរិក ជាដើម ដោយអាចនាំចេញចន្លោះពី ៥០០ ទៅ ១០០០កាបូប ក្នុងមួយខែ ខណៈទីផ្សារក្នុងស្រុកមានតម្រូវការច្រើនជាងក្រៅប្រទេស។
តាមពិតទៅ សិប្បកម្ម Smart Craft មិនលក់រាយឡើយ ប៉ុន្តែ លោកបានបោះដុំកាបូបទាំងនេះ ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប រួមទាំងខេត្តដែលមានសក្តានុពលទេសចរណ៍ផ្សេងទៀត។
លោកបានស្នើឲ្យពលរដ្ឋជួយទិញ និងគាំទ្រផលិតផលខ្មែរ ដើម្បីជួយជីវភាពជនពិការនិងអ្នកក្រីក្រ ដែលកំពុងធ្វើការនៅក្នុងសិប្បកម្ម Smart Craft៕