ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ខេមបូណូមីសថា អ្នកពាក់ព័ន្ធនឹងពិភាក្សាគ្នា ដើម្បីពិនិត្យលទ្ធភាពស្វែងរកសក្ដានុពលរបស់ដំណាំស្វាយកែវរមៀត ក្នុងបំណងជួយជំរុញឱ្យដំណាំនេះអាចមានដំណើរការទៅមុខ និងមានស្ថិរភាពទីផ្សារល្អ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ កិច្ចដំណើរការរៀបចំយុទ្ធសាស្រ្ត ឬគោលនយោបាយជាតិ ស្ដីពី ដំណាំស្វាយ នឹងត្រូវការពេលវេលាបន្ថែមទៀត ព្រោះកិច្ចការនេះ ត្រូវការអ្នកបច្ចេកទេសសិក្សាពីស្ថានភាពក្នុងស្រុករហូតដល់ក្រៅប្រទេស។
លោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ និងជាកសិករដាំស្វាយមួយរូបនៅខេត្តត្បូងឃ្មុំ បានស្នើដល់រដ្ឋាភិបាលឱ្យបង្កើតគោលនយោបាយជាតិ ស្ដីពីដំណាំស្វាយកែវរមៀត ដោយសារតែនៅកម្ពុជា មានការដាំដុះដំណាំនេះរាប់ម៉ឺនហិកតា ហើយកំពុងប្រឈមបញ្ហានៅលើទីផ្សារ។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែររូបនេះ នៅពេលដែលរដ្ឋាភិបាលរៀបចំគោលនយោបាយលើដំណាំស្វាយកែវរមៀតនោះ កសិករនឹងលែងបារម្ភពីការចុះថោកតម្លៃស្វាយនៅលើទីផ្សារទៀតហើយ។
ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ បានគូសបញ្ជាក់ថា បច្ចុប្បន្នស្វាយកែវរមៀតប្រភេទធម្មតា ដែលមិនស្រោបថង់ ត្រូវបានឈ្មួញចុះទិញដល់ចម្ការជាមួយតម្លៃចន្លោះពី៣០០រៀល ទៅ៤០០រៀល ក្នុង១គីឡូក្រាម ពោលគឺបានធ្លាក់ថ្លៃតាំងពីមុនបុណ្យចូលឆ្នាំចិនមកម្ល៉េះ ដែលបញ្ហានេះអាចធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ថវិកា ដ្បិតការផលិតត្រូវចំណាយថ្លៃដើមខ្ពស់។ ការធ្លាក់ថ្លៃនេះ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា មូលហេតុចម្បងនៃការធ្លាក់ថ្លៃកសិផល អាចដោយសារតែប្រទេសនានាក្នុងតំបន់ក៏កំពុងប្រមូលផលតំណាលគ្នាជាមួយកម្ពុជា ជាហេតុធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សារមានការកើនឡើង និងទាញឱ្យតម្លៃធ្លាក់ចុះ៕
អត្ថបទ៖ បូ ដូឡា