តម្លៃស្វាយធ្លាក់ចុះ

អ្នកដាំស្វាយនៅខេត្តត្បូងឃ្មុំកំពុងត្អូញត្អែរ ក្រោយតម្លៃស្វាយធ្លាក់ចុះមកនៅចន្លោះ៤០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម


កសិករមួយចំនួននៅខេត្តត្បូងឃ្មុំបានត្អូញត្អែរពីរឿងទីផ្សារផ្លៃស្វាយ ក្រោយតម្លៃស្វាយធម្មតាបានធ្លាក់ចុះមកនៅចន្លោះ៤០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម បន្ទាប់ពីវាបានហក់ឡើងថ្លៃខ្ពស់កាលពីខែមករា កន្លងទៅ។
តម្លៃស្វាយធ្លាក់ចុះ
ដោយ

បើតាមការអះអាងរបស់កសិករ ផ្លែស្វាយរបស់កម្ពុជាភាគច្រើនត្រូវបានឈ្មួញប្រមូលទិញសម្រាប់នាំចេញទៅកាន់ទីផ្សារវៀតណាម ដែលកំពុងជួបបញ្ហាក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប។ តើភាគីពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីអាចជួយដោះស្រាយបញ្ហាទីផ្សារផ្លែស្វាយជូនកសិករ?

លោក អ៊ុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ និងជាអ្នកដាំស្វាយម្នាក់ដែរនោះបានគូសបញ្ជាក់ថា តម្លៃស្វាយនៅក្នុងខែកុម្ភៈ នេះ មានការធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយធ្លាក់ចុះមកនៅត្រឹមចន្លោះពី៥០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាមសម្រាប់ផ្លែស្វាយធម្មតា ខណៈកាលពីខែមករា អាចលក់បានជិត១ពាន់រៀលក្នុង១គីឡូក្រាម។ យ៉ាងណាក៏ដោយប្រធានក្រុមប្រឹក្សាភិបាលរូបនេះមិនបានដឹងពីមូលហេតុជាក់លាក់ ដែលធ្វើឱ្យតម្លៃផ្លែស្វាយមានការធ្លាក់ចុះនោះទេ គ្រាន់តែអះអាងថា ផ្លែស្វាយនៅខែនេះហាក់មានទំហំតូចជាងប៉ុន្មានខែមុន។ ជាមួយគ្នានេះលោកស្នើឱ្យប្រជាពលរដ្ឋកម្ពុជាជួយគាំទ្រផលិតផលក្នុងស្រុក។

មិនខុសគ្នាពីលោក អ៊ុំ សុភា នោះទេ លោក ទី ឈួន អ្នកដាំស្វាយម្នាក់នៅខេត្តត្បូងឃ្មុំបានអះអាងថា បច្ចុប្បន្នផ្លែស្វាយធម្មតានៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី៤០០រៀលទៅ៥០០រៀលក្នុង១គីឡូក្រាម មានការធ្លាក់ចុះស្ទើរជិតពាក់កណ្តាលបើធៀបនឹងតម្លៃកាលពីខែមករា។ ជាការកត់សម្គាល់របស់កសិកររូបនេះ កាលពីឆ្នាំ២០២៤ ចន្លោះពីខែមករា ដល់ខែមេសា ផ្លែស្វាយមានតម្លៃចន្លោះពី៧០០រៀលទៅ៨០០រៀលក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ ឈ្មួញដែលចុះប្រមូលទិញផ្លែស្វាយនៅតំបន់របស់លោកភាគច្រើនជាឈ្មួញវៀតណាម។

ពាក់ព័ន្ធបញ្ហាទីផ្សារផ្លែស្វាយនេះដែរ លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានអះអាងថា លោកបានព្យាយាមផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីឱ្យអ្នកមានតម្រូវការផ្លែស្វាយមកជួយទិញពីកសិករ។ ជាមួយគ្នានេះ លោក លើកទឹកចិត្តដល់កសិករឱ្យអនុវត្តការដាំដុះដំណាំស្វាយឱ្យស្របតាមស្ដង់ដាបច្ចេកទេស និងដាំដុះក្រោមកិច្ចសន្យាជាមួយអ្នកទិញ ពិសេសត្រូវកាត់បន្ថយការប្រើប្រាស់ជី ដើម្បីកាត់បន្ថយការចំណាយលើថ្លៃដើម។ បើតាមការអះអាងរបស់ប្រធានមន្ទីរកិសកម្មរូបនេះ ក្រៅជួយផ្សព្វផ្សាយរកទីផ្សារជូនកសិករ ខាងមន្ទីរក៏បានបង្រៀនពីបច្ចេកទេសកែច្នៃផ្លែស្វាយដល់កសិករផងដែរ។

បើតាមប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ តម្លៃស្វាយបច្ចុប្បន្នមិនអាចជួយកសិករឱ្យទទួលបានប្រាក់ចំណេញ ដើម្បីដោះស្រាយជីវភាពបាននោះទេ ដោយក្រុមកសិករសង្ឃឹមថា តម្លៃស្វាយនឹងអាចហក់ដល់៨០០រៀលក្នុងមួយគីឡូក្រាមនាពេលខាងមុខ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


មេដឹកនាំបារាំងប្រាប់លោក ត្រាំ ថា សន្តិភាពនៅអ៊ុយក្រែនមិនអាចមានន័យថា អ៊ុយក្រែនចាញ់សង្គ្រាម

សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បានបង្ហាញជំហរខុសគ្នាស្ទើរទាំងស្រុងនឹងរដ្ឋបាលមុនពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ