ដំណាំស្វាយ

តម្លៃស្វាយខុសរដូវធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ខណៈការផលិតស្វាយកំពុងរងការគំរាមកំហែងពីបញ្ហាអាកាសធាតុ


ស្វាយខុសរដូវនៅពេលបច្ចុប្បន្នបានធ្លាក់ថ្លៃខ្លាំង បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ពោលគឺតំបន់ខ្លះកសិករអាចលក់បានចន្លោះពី៧០០ទៅ៨០០រៀលក្នុង១គីឡូ។ ទន្ទឹមនឹងតម្លៃស្វាយចុះថោក ចម្ការស្វាយជាច្រើនកំពុងរងផលប៉ះពាល់ដោយសារបញ្ហាអាកាសធាតុ ដែលបណ្តាលមកពីមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឱ្យកសិករកំពុងមានការព្រួយបារម្ភចំពោះបញ្ហានេះក្នុងការធ្វើឱ្យទិន្នផលស្វាយខុសរដូវមានការធ្លាក់ចុះនៅឆ្នាំនេះ។
ដំណាំស្វាយ
ដោយ

កសិករបានបារម្ភថា បញ្ហាដែលកំពុងកើតឡើងលើដំណាំស្វាយនាពេលបច្ចុប្បន្នអាចធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាបំណុល និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។

លោក នាក់ វណ្នី ម្ចាស់ចម្ការស្វាយប្រមាណ២០ហិកតាស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង បានឱ្យដឹងថា ស្វាយខុសរដូវប្រភេទស្វាយខៀវមិនស្រោបកញ្ចប់ ត្រូវបានគេចុះទិញក្នុងតម្លៃចន្លោះពី៧០០ ទៅ៨០០រៀល ក្នុង១គីឡូក្រាម និងស្វាយស្រោបកញ្ចប់ត្រូវបានគេទិញចន្លោះពី១០០០ ទៅ១២០០រៀល ក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុននៅក្នុងអំឡុងខែ១០នេះ ស្វាយខៀវអាចលក់បានចន្លោះពី១២០០ ដល់១៥០០រៀល ក្នុង១គីឡូក្រាម ហើយស្វាយស្រោបកញ្ចប់មានតម្លៃចន្លោះពី១៥០០ ដល់១៨០០រៀល​។

ការធ្លាក់ថ្លៃនេះត្រូវបានម្ចាស់ចម្ការស្វាយរូបនេះវាយតម្លៃថា អាចបណ្តាលមកពីឈ្មួញទិញបង្ខូចទីផ្សារ បញ្ហាបង្កឡើងដោយការយកពន្ធ ភាស៊ី តាមច្រកទ្វារព្រំដែន និងដោយសារកសិករខ្លះបេះផ្លែស្វាយមិនមានគុណភាពជាដើម។ បើតាមកសិកររូបនេះ តម្លៃផ្លែស្វាយបច្ចុប្បន្នពុំអាចផ្តល់ប្រាក់ចំណេញដល់កសិករនោះទេ ដ្បិតកសិករត្រូវចំណាយច្រើនលើការដាំដុះ និងថែទាំ ស្របពេលស្វាយនៅឆ្នាំនេះហាក់ចេញផ្កា និងទទួលផលបានតិច ដោយសារកត្តារាំងស្ងួតកាលពីដើមដៃ និងការធ្លាក់ភ្លៀងច្រើនពេកនៅចុងដៃ។

​ជាមួយគ្នានេះលោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ និងជាកសិករដាំស្វាយមួយរូបនៅខេត្តត្បូងឃ្មុំ បានប្រាប់ខេមបូណូមីសថា បញ្ហាអាកាសធាតុ និងការធ្លាក់ភ្លៀងច្រើនបានបង្កផលប៉ះពាល់ដល់កសិករដែលផលិតស្វាយខុសរដូវ ដ្បិតមានកសិករខ្លះបានចំណាយថវិកាអស់ច្រើនលើការប្រើប្រាស់ថ្នាំ ប៉ុន្តែពុំទទួលលទ្ធផលតាមគោលដៅនោះទេ ដោយសារតែផ្កា និងក្ដឹប​ស្វាយមួយចំនួនបានរងការខូចខាត។

ទោះប្រឈមនឹងបញ្ហានេះក៏ពិតមែន ប៉ុន្តែអ្នកជំនាញរូបនេះអះអាងថា គេនៅតែអាចការពារបានតាមរយៈការប្រើប្រាស់ថ្នាំ តែត្រូវចំណាយថវិកាទ្វេដង។ ស្របពេលដែលទិន្នផល និងតម្លៃផ្លែស្វាយធ្លាក់ចុះមិនធ្លាប់មាន ថ្នាក់ដឹកនាំសហគមន៍រូបនេះបារម្ភថា បញ្ហានេះអាចនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់កសិករ។

​ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាមគ្គីតំបែរ បានស្នើសុំដល់ក្រសួងពាក់ព័ន្ធឱ្យជួយដោះស្រាយវិបត្តិដែលកសិករកំពុងជួបប្រទះនេះ និងចង់ឱ្យមានយន្តការអន្តរាគមន៍ដូចវិស័យស្រូវ អង្ករ ដែលជួយកសិករដែលជួបបញ្ហានៃការធ្លាក់ថ្លៃ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា បញ្ហាតម្លៃផ្លែស្វាយ និងកសិផលផ្សេងៗ គឺពឹងផ្អែកលើតម្រូវការទីផ្សារ និងស្ថានភាពទិន្នផលដែលមានស្រាប់។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រសិនបើទិន្នផល ឬផលិតផលដែលមានលើសពីតម្រូវការ នោះនឹងជៀសមិនរួចពីការធ្លាក់ថ្លៃនោះទេ។ ទន្ទឹមនេះ ដើម្បីធ្វើឱ្យតម្លៃអាចទទួលយកបាន គឺទាមទារឱ្យការផលិតត្រូវតែមានគុណភាពតាមតម្រូវការទីផ្សារ និងត្រូវមានរោងចក្រកែច្នៃបន្ថែមទៀត ខណៈការកែច្នៃនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។

​បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ នៅចំពោះមុខ ក្រសួងនឹងរៀបចំគោលនយបាយជាតិអំពីស្វាយកែវរមៀត ដោយបង្កើតសមាគមឱ្យបានច្រើន ដើម្បីណែនាំដល់កសិករឱ្យចេះ និងយល់ដឹងពីការដាំដុះ តម្លៃលើទីផ្សារ ហើយរំពឹងថា គោលនយោបាយនេះអាចនឹងចាប់ផ្ដើមចងក្រងនៅក្នុងឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ហាងលក់ផ្កាដ៏ធំមួយ King Flower គ្រោងដាំផ្កានៅខេត្តកំពង់ស្ពឺ និងមណ្ឌលគិរី ដើម្បីផ្គត់ផ្គង់ទីផ្សារ និងបម្រើដល់វិស័យទេសចរណ៍

ហាងលក់ផ្កាដ៏ធំមួយនៅរាជធានីភ្នំពេញ King Flower ដែលជាហាងលក់ផ្កានាំចូលពីខេត្តយូណានប្រទេសចិន ដែលមានភាពល្បីល្បាញខាងដាំផ្កា និងវិស័យទេសចរណ…

តម្លៃជ័រកៅស៊ូកើនឡើងប្រមាណ៣០០ដុល្លារក្នុង១តោន ខណៈទិន្នផលកៅស៊ូ៣០% ត្រូវបានបញ្ជាទិញដោយរោងចក្រផលិតសំបកកង់រថយន្តក្នុងស្រុក

អ្នកជំនាញបានអះអាងថា ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា នាពេលបច្ចុប្បន្ន បានបង្ហាញសញ្ញាណល្អប្រសើរគួរឱ្យកត់សម្គាល់ទាំងការនាំចេញ និងតម្លៃ ដោយតម្លៃជ័រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ