ដំណាំស្វាយ

ស្វាយកែវរមៀតបន្តជួបបញ្ហាទីផ្សារ ដោយធ្លាក់ថ្លៃមកនៅត្រឹមពី៣០០ទៅ៤០០រៀលក្នុង១គីឡូក្រាម


យើងសង្កេតឃើញថា មកទល់ពេលនេះតម្លៃផ្លែស្វាយកែវរមៀតហាក់មិនទាន់មានការឡើងថ្លៃវិញនៅឡើយទេ ពោលគឺឈ្មួញហ៊ានទិញក្នុងតម្លៃចន្លោះពី៣០០រៀល ទៅ៤០០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ តម្លៃនេះត្រូវបានកសិករជាអ្នកដាំស្វាយកែវរមៀតអះអាងថា វាហាក់ដូចជាមិនឆ្លើយតបនឹងការចំណាយរបស់ពួកគេនោះទេ។ តើមានកត្តាអ្វីខ្លះបានជាតម្លៃស្វាយកែវរមៀតធ្លាក់ចុះបែបនេះ?
ដំណាំស្វាយ
ដោយ

លោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរ និងជាកសិករដាំស្វាយមួយរូបនៅខេត្តត្បូងឃ្មុំ បានប្រាប់ខេមបូណូមីសថា បច្ចុប្បន្នស្វាយកែវរមៀតប្រភេទធម្មតា ដែលមិនស្រោបថង់ ត្រូវបានឈ្មួញចុះទិញដល់ចម្ការជាមួយតម្លៃចន្លោះពី៣០០រៀល ទៅ៤០០រៀល ក្នុង១គីឡូក្រាម។ កសិកររូបនេះកត់សម្គាល់ឃើញថា តម្លៃស្វាយកែវរមៀត បានធ្លាក់ថ្លៃតាំងពីមុខបុណ្យចូលឆ្នាំចិនម្ល៉េះ ដែលបញ្ហានេះអាចធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ថវិកា ដ្បិតការផលិតត្រូវចំណាយថ្លៃដើមខ្ពស់។

​លោក និន ចរិយា ជាអ្នកដាំស្វាយកែវរមៀតម្នាក់នៅខេត្តកោះកុង បានឱ្យដឹងថា តម្លៃផ្លែស្វាយក្នុងពេលបច្ចុប្បន្ននេះ បានធ្លាក់ចុះដូចឆ្នាំកន្លងទៅដែរ។ ជាការកត់សម្គាល់របស់អ្នកដាំស្វាយរូបនេះ តម្លៃផ្លែស្វាយតែងឡើងថ្លៃមកវិញចាប់ពីអំឡុងខែឧសភា ដែលជាខែខ្សត់ស្វាយ។ តែយ៉ាងណាអ្នកដាំស្វាយរូបនេះ អះអាងថា រូបលោកមិនសូវមានបញ្ហាប្រឈមនឹងរឿងតម្លៃនោះឡើយ ដោយសារតែលោកដាំស្វាយខុសរដូវ ហើយទទួលបានតម្លៃសមរម្យជាងស្វាយក្នុងរដូវ។

​ពាក់ព័ន្ធនឹងតម្លៃស្វាយនេះដែរ សហគមន៍កសិកម្មសាមគ្គីតំបែរ កំពុងសហការជាមួយកសិករដោយប្រើប្រាស់យន្តការលក់រួម ទិញរួម។ គម្រោងនេះ ត្រូវបានប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាមគ្គីតំបែរ​ អះអាងថា នឹងក្លាយជាផ្នែកមួយជួយដល់កសិករ តាមរយៈការទិញជី ថ្នាំ បានតម្លៃទាប ទោះបីតម្លៃស្វាយធ្លាក់មកនៅចន្លោះ៣០០រៀល ទៅ៤០០រៀលក្នុង១គីឡូ ក៏កសិករអាចទទួលបានផលចំណេញដែរ។

​ពាក់ព័ន្ធបញ្ហាការធ្លាក់ថ្លៃស្វាយកែវរមៀតនេះដែរ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ឃើញថា កត្តាដែលធ្វើឱ្យស្វាយកែវរមៀតរបស់កម្ពុជា តែងតែជួបបញ្ហាទីផ្សារ គឺដោយសារដំណាំស្វាយនៅកម្ពុជា មានចំនួនលើសតម្រូវការខ្លាំងពេក។ ការបង្កបង្កើនផល លើសតម្រូវការនេះ គឺដោយសារស្វាយជាដំណាំងាយដាំ ហើយអ្នកដាំភាគច្រើនដាំតាមគ្នា ដើម្បីដាក់ជាដំណាំអ្វីមួយនៅលើដីចម្ការធំៗ។

បើតាមអ្នកជំនាញរូបនេះ នៅលើពិភពលោកទាំងមូលមានពាណិជ្ជកម្មស្វាយមិនដល់២លានតោននោះទេ ក្នុងមួយឆ្នាំ។ ប៉ុន្តែផ្លែស្វាយនៅប្រទេសកម្ពុជា មានរហូតដល់ទៅជាង២លានតោន ទៅហើយ។ ដូច្នេះប្រសិនបើតម្រូវការផ្លែស្វាយនៅលើពិភពលោកកើនឡើង១០% នោះទិន្នផលផ្លែស្វាយនៅកម្ពុជានៅតែលើសកំណើនតម្រូវការរបស់ពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ជាគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ ថ្លៃត្រូវបានកំណត់ដោយសមតុល្យរវាងតម្រូវការ និងការផ្គត់ផ្គង់ ដែលតែងតែប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ អ្នកនាំពាក្យរូបនេះលើកឡើងថា មូលហេតុចម្បងនៃការធ្លាក់ថ្លៃកសិផលអាចដោយសារតែប្រទេសនានាក្នុងតំបន់ក៏កំពុងប្រមូលផលតំណាលគ្នាជាមួយកម្ពុជា ជាហេតុធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សារមានការកើនឡើង និងទាញឱ្យតម្លៃធ្លាក់ចុះ៕​

អត្ថបទ៖បូ ដូឡា​

None



អត្ថបទបន្ទាប់


តើមកទល់ពេលនេះគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរីដំណើរការដល់ណាហើយ?

គម្រោងអភិវឌ្ឍអាកាសយានដ្ឋានថ្នាក់តំបន់នៅខេត្តមណ្ឌលគិរី រួមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន…

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីលើកទឹកចិត្តឱ្យវិនិយោគិន បន្តវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យ

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លើកទឹកចិត្តឱ្យវិនិយោគិន បន្តវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ