ប្រទេសជាច្រើន ក្នុងនោះមានអាមេរិក អូស្រា្តលី ជប៉ុន និង ព័រទុយហ្កាល់ជាដើម បានស្នើជាថ្មីម្តងទៀត ទៅកាន់អង្គការសុខភាពពិភពលោកឲ្យធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្ថែមទៀត ជុំវិញប្រភពដើមដំបូងនៃវីរុសកូរូណា ឬ ត្រូវបានគេស្គាល់ថាជាជំងឺកូវីដ-១៩នោះ ថាកើតឡើងដោយរបៀបណា និង មានប្រភពចេញពីណាមក?
ថ្លែងទៅកាន់អង្គមហាសន្និបាតអង្គការសុខភាពពិភពលោក អ្នកតំណាងមកពីបណ្តារដ្ឋសមាជិកជាច្រើន បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តស៊ើបអង្កេតរកប្រភពដើមដ៏អាថ៌កំបាំងបន្ថែមទៀត នៃជំងឺកូវីដ-១៩ ដែលបានឆ្លង និង ផ្តាច់ជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោក។
ការទទូចចង់ស្វែងការពិតនៃប្រភពវីរុសកូរ៉ូណានោះ ត្រូវបានប្រទេសសមាជិកWHO អះអាងថាវាមានសារៈសំខាន់ខ្លាំងក្នុងការស្វែងយល់ពីប្រភព និងកំណត់បានច្បាស់លាស់ពីដំណើរការនៃការរីករាលដាលរបស់មេរោគកូវីដ១៩ ដើម្បីអាចធ្វើជាឈ្នន់ ឈានទៅរកការជៀសវាងឲ្យបាន ពីការរាតត្បាតជំងឺកាចសាហាវជាសកលដូចនេះម្តងទៀតនៅថ្ងៃអនាគត។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក លោក សាវីយ៉េ បីសេរ៉ា (Xavier Becerra) បានប្រាប់ទៅកាន់មហាអង្គសន្និបាតថា ការសិក្សាស្វែងរកដើមកំណើតកូវីដ១៩ ដំណាក់កាលទី២ ត្រូវតែធ្វើឡើងជាចាំបាច់ ដោយតម្រូវឲ្យមានឯកសារយោងប្រកបដោយតម្លាភាពផ្អែកលើកត្តាវិទ្យាសាស្ត្រ និង ផ្តល់ឱ្យអ្នកជំនាញអន្តរជាតិនូវឯករាជ្យភាព មិនទទួលសម្ពាធពីភាគីណាមួយ ដើម្បីអាចវាយតម្លៃពីប្រភពនៃវីរុស និង ថ្ងៃដំបូងនៃការផ្ទុះរាលដាលខ្លាំងឡើង។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានគូសបញ្ជាក់ទៀតថា ក្នុងន័យនេះ អាមេរិកមិនមែនចង់កកូរកកាយរកអ្នកមកទទួលខុសត្រូវពីការផ្ទុះឡើងនៃកូវីដ-១៩នោះទេ ប៉ុន្តែដើម្បីស្វែងយល់ពីប្រភពដើម និង ការចម្លងរបស់វីរុសកូវីដ-១៩ ដើម្បីអាចធានាបានថា ពិភពលោកនឹងមិនអាចជួបរឿងបែបនេះជាថ្មីម្តងទៀត នាពេលខាងមុខ។
សូមរំឭកថា របាយការណ៍ចុងក្រោយរបស់ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក ដែលបានចុះទៅស្រាវជ្រាវនៅក្រុងវូហានប្រទេសចិន ដោយមានការសហការពីក្រុមអ្នកវិទ្យាសាស្រ្តចិន កាលពីខែមករាកន្លងទៅបានបង្ហាញថា ប្រភពដើមដំបូងបំផុតនៃវីរុសកូរ៉ូណា ដែលបច្ចុប្បន្នហៅថា កូវីដ-១៩ ទំនងជាមិនបានលេចធ្លាយចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហានប្រទេសចិននោះទេ ប៉ុន្តែវាអាចមានប្រភពពីសត្វប្រចៀវ រួចឆ្លងទៅសត្វមួយទៀត មុននឹងឆ្លងទៅមនុស្ស។
យ៉ាងណាមិញគេនៅតែមិនទាន់ដឹងច្បាស់លាស់សុក្រិតនៅឡើយទេថា សត្វមួយទៀតដែលឆ្លងពីសត្វប្រចៀវរួចឆ្លងបន្តមកមនុស្ស ជាសត្វអ្វីនោះទេ។ ដូច្នេះរង់ចាំធ្វើការស្រាវជ្រាវបន្តទៀតថាតើអាចនឹងដឹងការពិតយ៉ាងណាខ្លះ?