ក្រុមហ៊ុន និងអ្នកការទូតម៉ាឡេស៊ីបាននិយាយថា ទោះបីជាម៉ាឡេស៊ីអនុញ្ញាតឱ្យមានការជ្រើសរើសកម្មករពីក្រៅប្រទេស ឡើងវិញតាំងពីខែកុម្ភៈឆ្នាំ២០២២ក៏ដោយ ក៏ប្រទេសមួយនេះ មិនបានឃើញពលករចំណាកស្រុកបរទេសត្រឡប់មកធ្វើការវិញនោះដែរ ដោយសារតែការអនុម័តយឺតយ៉ាវរបស់រដ្ឋាភិបាល និងការចរចាអូសបន្លាយពេលយូរជាមួយប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដេសជុំវិញការការពារកម្មករ ខណៈដែលប្រទេសទាំងពីរនេះ គឺជាប្រភពកម្មករបរទេសដ៏សំខាន់របស់ម៉ាឡេស៊ី។
ប្រទេសម៉ាឡេស៊ី ដែលពឹងផ្អែកលើការនាំចេញ និងចំណុចតភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកនោះ បានពឹងផ្អែកខ្លាំងទៅលើកម្មករបរទេសរាប់លាននាក់សម្រាប់ការងារនៅតាមចម្ការដំណាំ ពិសេសដូងប្រេង រោងចក្រឧស្សាហកម្ម និងវិស័យសេវាកម្មជាដើម។
ក្រុមហ៊ុនផលិតមួយចំនួនដែលបង្កើតបានជិតមួយភាគបួន នៃសេដ្ឋកិច្ចជាតិមានការព្រួយបារម្ភខ្លាចបាត់បង់អតិថិជនទៅលើប្រទេសផ្សេងទៀត នៅពេលដែលកំណើនតម្រូវការកំពុងតែកើនឡើង។
លោក សុះ ធៀន ឡៃ (Soh Thian Lai) ប្រធានសហព័ន្ធក្រុមហ៊ុនផលិតនៅម៉ាឡេស៊ី ដែលតំណាងឱ្យក្រុមហ៊ុនជាង ៣ពាន់៥រយក្រុមហ៊ុននោះបាននិយាយថា "ទោះបីជាមានសុទិដ្ឋិនិយមកាន់តែខ្លាំងនៅក្នុងទស្សនវិស័យ និងការកើនឡើងនៃការលក់ក៏ដោយ ក៏ក្រុមហ៊ុនមួយចំនួនបានជួបឧបសគ្គយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ពួកគេក្នុងការបំពេញតាមការបញ្ជាទិញពីក្រៅប្រទេស"។
លោក ខាល់ បេក នែលសេន (Carl Bek-Nielsen) នាយកប្រតិបត្តិនៃក្រុមហ៊ុនដាំដូងប្រេង United Plantations បាននិយាយថា ក្រុមហ៊ុនដាំដូងប្រេងកំពុងស្ថិតនៅលើផ្លូវខាតបង់ ហើយលោកបានបន្តថា«ស្ថានការណ៍គឺធ្ងន់ធ្ងរណាស់»។
ប្រទេសម៉ាឡេស៊ីខ្វះកម្លាំងកម្មករយ៉ាងតិច ១លាន២សែននាក់នៅទូទាំងផលិតកម្ម នៅតាមចម្ការ និងសំណង់ ហើយបញ្ហានេះ កំពុងវិវត្តកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ខណៈដែលតម្រូវការទីផ្សារកំពុងកើនឡើង ស្របពេលដែលមានការថយចុះនៃជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមឧស្សាហកម្មនិងទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញ។
ក្រុមហ៊ុនផលិតជាច្រើននៅម៉ាឡេស៊ី បាននិយាយថា ពួកគេខ្វះកម្មករ ៦០ ម៉ឺននាក់។ ក្រុមហ៊ុនសំណង់ត្រូវការកម្មករ ៥៥ ម៉ឺននាក់។ ឧស្សាហកម្មប្រេងដូងរាយការណ៍ពីកង្វះកម្មករ ១២ ម៉ឺននាក់ ហើយក្រុមហ៊ុនផលិតបន្ទះសៀគ្វីខ្វះកម្លាំងពលកម្មជាង១ម៉ឺន៥ពាន់នាក់ រីឯ ក្រុមហ៊ុនផលិតស្រោមដៃវេជ្ជសាស្ត្រវិញ និយាយថា ពួកគេត្រូវការកម្មករជាង១ម៉ឺន២ពាន់នាក់។ បញ្ហានេះ កំពុងធ្វើឲ្យក្រុមហ៊ុនផលិតមិនអាចបំពេញឆ្លើយតបតាមតម្រូវការបាននោះទេ។
លោក Wong Siew Hai ប្រធានសមាគមឧស្សាហកម្មគ្រឿងអេឡិចត្រូនិកនៅម៉ាឡេស៊ីបាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបកំពុងព្រលែងអតិថិជនរបស់ខ្លួនចោលហើយ ដោយសារតែការផលិត មិនទាន់តាមតម្រូវការបញ្ជាទិញ។ ពលរដ្ឋក្នុងស្រុកម៉ាឡេស៊ីមិនចាប់អារម្មណ៍ធ្វើការងារក្នុងឧស្សាហកម្មនេះទេ ហើយមនុស្សជាច្រើន ដែលចូលរួមការងារនេះ បានឈប់ពីការងារនេះជាបន្តបន្ទាប់ក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះ។
ដោយឡែក ឧស្សាហកម្មប្រេងដូងដែលរួមចំណែក ៥% ដល់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនោះ បានព្រមានថា ផលដំណាំចំនួន ៣ លានតោនអាចនឹងត្រូវបាត់បង់នៅឆ្នាំនេះ ដោយសារផ្លែដូងប្រេងនឹងត្រូវស្អុយរលួយ មិនមានកម្មករបេះ ដែលវានឹងធ្វើឱ្យខាតបង់ជាង ៤ ពាន់លានដុល្លារ។ ឧស្សាហកម្មស្រោមដៃកៅស៊ូប៉ាន់ប្រមាណដែរថា ប្រាក់ចំណូល ៧០០ លានដុល្លារនឹងបាត់បង់នៅឆ្នាំនេះប្រសិនបើនៅតែខ្វះកម្លាំងពលកម្មបែបនេះ៕
អត្ថបទ៖ សុខ ជា